ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ន សា​ម៉េ​ត ខេ​ម ចាន់ និង គង់ ​សំបូរ ឈ្នះ​ពានរង្វាន់​សង្ក្រាន្ត​ព្រៃវែង​

​ប្រដាល់ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជា​លក្ខណៈ​មិត្តភាព​ជាតិ​ដណ្តើម​ពានរង្វាន់​សង្ក្រាន្ត​ព្រៃវែង​ផង និង​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​អន្តរជាតិ​Khmer Fight ដែល​រៀបចំឡើង​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ អាជ្ញាធរខេត្ត​ព្រៃវែង​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង ដែល​បាន​ប្រព្រឹត្ត​ធ្វើ​កាលពី​ថ្ងៃទី​១៤-១៥​ ខែ​មេសា​ ឆ្នាំ​២០១៩ គឺ​យប់​ថ្ងៃ​ដំបូង​ និង​យប់​ថ្ងៃ​កណ្ដាល ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​សង្វៀន​សង្ក្រាន្ត​ក្រុង​ព្រៃវែង​នោះ អ្នក​ប្រដាល់​កម្ពុជា​ភាគច្រើន​ពួកគេ​ប្រកួត​បានល្អ​បុះ​ផុត។​

ការប្រកួត​ដែល​ឧបត្ថម្ភ​ដោយ​TIFFY សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជា​លក្ខណៈ​មិត្តភាព​ជាតិ​ដណ្តើម​ពានរង្វាន់​សង្ក្រាន្ត​ព្រៃវែង​យប់​ថ្ងៃ​ដំបូង ដែលមាន​ចំនួន​៣​គូ​នោះ ជា​លទ្ធផល ​គឺ​បាន​ទៅ​លើ អ្នក​ប្រដាល់ ​ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ បន្ទាប់ពី​គេ​បាន​យកឈ្នះ​ដាច់​លើ សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ។​

អ្នក​ប្រដាល់ ខេ​ម ចាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម គេ​ក៏បាន​ពាន​មួយ​ដែរ ដោយ​វាយ​ឈ្នះ អ្នក​ប្រដាល់​លីន វិ​រៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ដាច់​ដែរ។ ចំណែក​អ្នក​ប្រដាល់​គង់ សំបូរ ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្តសៀមរាប ក៏​ឈ្នះ​ពានរង្វាន់​សង្ក្រាន្ត​ព្រៃវែង​មួយ​ដែរ លើ​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ក្រោយពី​រូបគេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ ដោយ​ពិន្ទុ។​

សម្រាប់​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​អន្តរជាតិ​KhmerFight យប់​ថ្ងៃទី​២​ថ្ងៃទី​១៥​មេសា​នោះ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​របស់​កម្ពុជា ឃុន ឌី​ម៉ា ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Thong Mueangsima ដោយ​ពិន្ទុ។​ ឡៅ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​កង​ពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​អ៊ីតាលី Federico Ernesto ដោយ​ពិន្ទុ ហើយ​ជើង​ខ្លាំង​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ក៏​វាយ​ឈ្នះ​អ្នក​ប្រដាល់​អូស្ត្រាលី​Mehrdad Addinejad ដោយ​ពិន្ទុ​ដែរ ។​

ឡុង សំណាង ជើង​ខ្លាំង​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​បារាំង​Jordan ក្នុង​ទឹក​ទី​២ ខ​ណះ​ដែល​វ៉ាន់ វឿន ជើង​ខ្លាំង​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ បាន​ផ្តួល​អ្នក​ប្រដាល់​មកពី​ប្រទេស​ឡាវ ឈ្មោះ Nakronrit S.Visetkit ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ដែរ។

ដោយឡែក​តែ ជើង​ខ្លាំង​កម្ពុជា រឿង សោ​ភ័​ណ្ឌ ក្លិប​មកុដ​រាជសីហ៍ គេ​បាន​ត្រឹម​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ​Petchmai Chornarongsak ប៉ុណ្ណោះ។ យ៉ាងណា ការ​ឲ្យ​រឿង ​សោ​ភ័​ណ្ឌ​ ស្មើ​ជាមួយ​Petchmai​នោះ ក៏​ទទួល​ការរិះគន់​ពី​អ្នកទស្សនា​ដែរ ដោយសារ​គេ​មើលឃើញថា ក្នុងការ​ប្រកួត​នោះ មានការ​ចាញ់​ប្រៀប​ថៃ​ទៅហើយ មិនគួរណាឲ្យ​​ស្មើ​នោះឡើយ៕