ព័ត៍មានទាន់​ហេតុការណ៏
Search

យុទ្ធនាការ​ចែករំលែក​អំពើ​ល្អ​ជួយ​ដល់​សហគមន៍ ចំនួន​៧ ក្នុង​រាជធានី​ភ្នំពេញ​ ទទួលបាន​ជោគជ័យ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

​ភ្នំពេញ​ ៖ យុទ្ធនាការ​ចែករំលែក​អំពើ​ល្អ​ជួយ​ដល់​សហគមន៍ ចំនួន​៧ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​បាន​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​មក ដោយ​ទទួល​បាន​ជោគជ័យ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។

ការបង្កើត​កម្មវិធី “Spread The Goodness” ប្រចាំឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ ក្រុមហ៊ុន កូ​កា​-​កូ​ឡា បានបញ្ចប់​ទៅដោយ​ជោគជ័យ ក្រោយពី​បានសម្រេច​បំណង​ប្រាថ្នា​ជួយ​សហគមន៍​នានា​ជុំវិញ​រាជ​ធានី​ភ្នំពេញ​ចំនួន​៧ ដើម្បី​ឲ្យ​ក្លាយ​ជា​ការពិត​។​

តំណាង​ក្រុមហ៊ុន​បាន​លើកឡើងថា នេះ​ជា​កម្មវិធី​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង ចែករំលែក​អំពើ​ល្អ​ដើម្បី​សិរី​សួស្ដី​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ឈាន​មកដល់​ក្នុង​ពេល​ខាង​មុខ​។ ជាក់ស្ដែង កូ​កា​-​កូ​ឡា បានធ្វើ​ការសហការ​ជាមួយ​ក្រុម​ចម្រៀង SmallWorld Smallband ដើម្បី​សម្រួល​ឲ្យ​ការសម្រេច​បំណងប្រាថ្នា​ទាំងនេះ ដំណើរការ​ទៅ​ដោយ​រលូន អម​ជាមួយនឹង​ភាព​សប្បាយ​រីករាយ​ផងដែរ​។​

បើតាម​ការបញ្ជា​ក់រប​ស់​អ្នករៀបចំ​កម្មវិធី​រប​ស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា បាន​ឲ្យ​ដឹង​ថា បំណងប្រាថ្នា​ទាំងអស់​ដែល​ក្រុមការងារ​សម្រេច​បានរួម​មាន ការផ្ដល់​ធុងសំរាម​ចំនួន​២៥ ដល់​ផ្សារ​កណ្ដាល ការចុះ​សួរសុខទុក្ខ និង​យក​អំណោយ​ជូន​បុគ្គលិក​ប្រមូល​សំរាម និង​អ្នករត់​ស៊ីក្លូ ការដំឡើង​កង្ហារ​នៅ​វិទ្យាល័យ​បឹង​ប្រិ​យ៍ ការដាំ​ដើមឈើ​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ការសម្អាត​សំរាម​នៅ​ក្រោម​ស្ពាន​ព្រះមុនីវង្ស ការចូលរួម​ឧបត្ថម្ភ​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ ដែល​រង​គ្រោះ​អគ្គិភ័យ​នៅ​ភូមិ​សំបុកចាប និង​ការបរិច្ចាគ​ថវិកា​ចំនួន​២០​លាន​រៀល ជូន​មូលនិធិ​គន្ធបុប្ផា​៕​