ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ប្រើ​ឱសថ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ចំនួន​៤​ប្រភេទ​ ដែល​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​

​ភ្នំពេញ ​៖​ ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ប្រើ​ឱសថ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ចំនួន​៤​ប្រភេទ​ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​។​

មន្ត្រី​ជាន់ខ្ពស់ ​នៃ​ក្រសួងសុខាភិបាល​បាន ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ ឱសថការី និង​គ្រឹះស្ថាន​ទាំង អស់​ជួយ​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល​នៅពេល​ឃើញ​មាន​ឱសថ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​៤​ប្រភេទ​ដូចជា HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet, LANZAAR Tablet ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ប្រមូល​ឱសថ​នោះ​ត្រលប់​មកវិញ​ ដើម្បី​ការពារ​សុខភាព​សាធារណៈ​។​

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល នៃ​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ថ្នាំ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ទាំង​៤​ប្រភេទ​នេះ​ ត្រូវបាន​ប្រទេស​សិង្ហបុរី និង​ប្រទេស​ថៃ ប្រមូល​ពី​ទីផ្សារ ដោយសារ​ឱសថ​ទាំងនេះ​មាន​ផ្ទុក​សារជាតិ​គីមី​លើស​កម្រិត​ស្ដង់ដារ​អនុញ្ញាត ហើយ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ដែល​ផលិត​ដោយ​គ្រឹះស្ថាន​ឱសថ​ចំនួន​៤​ ក្នុង​ប្រទេស​ឥណ្ឌា និង​ថៃ។​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​មកដល់ពេលនេះ ​ក្រសួងសុខាភិបាល ​ពុំបាន​ធ្វើការ​ចុះ​បញ្ជិកា​ឱសថ​ទាំង​៤​ប្រភេទ​នេះ​នៅឡើយ​ទេ ដូច្នេះ​ប្រសិនបើ​មាន​ករណី​លួចលាក់​ធ្វើ​ចរាចរ​ឱសថ​ទាំងនេះ​ គឺជា​ទង្វើ​ខុសច្បាប់ ហើយនឹង​ត្រូវ​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ដែល​បាន​កំណត់​។​

គួរ​បញ្ជាក់​ថា ប្រភេទ​ឱសថ​លើស​សម្ពាធ​ឈាម​៤​ប្រភេទ មាន​សារធាតុ​សកម្ម losartan Potassium ដែល គ្រឹះស្ថាន​ផលិត​នៅ​ប្រទេស​ថៃ​ និង​ឥណ្ឌា នេះ មានឈ្មោះ HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet, LANZAAR Tablet៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114