ព័ត៍មានទាន់​ហេតុការណ៏
Search

រន្ធត់! ជនជាតិ​ជប៉ុន​ម្នាក់ ​ដេក​ស្លាប់​នៅផ្ទះ​ជួល​ បង្ក​ការ​ភ្ញាក់ផ្អើល​ ​

​ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល ​បង្ក​ជាការ​ភ្ញាក់ផ្អើល ​នៅ​ល្ងាច​ថ្ងៃ​ចូលឆ្នាំ​ទី​ពីរ​ ដោយសារតែ​គាំងបេះដូង ​ដែល​ហេតុការណ៍​នោះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៩​ នៅ​ចំណុច ផ្ទះ​លេខ​៩៨E1 ផ្លូវ​លេខ​១៣០ ក្រុម​២ ភូមិ​៣ សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនបរទេស​ដែល​គេ​ប្រទះឃើញ​ដេកស្លាប់​នោះ​ ឈ្មោះ TOITA SHINI ជនជាតិ​ជប៉ុន (JAPAN) ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ MTo៥៥៥០០៤ ស្នាក់នៅ​ផ្ទះជួល​លេខ​៩៨E1 ផ្លូវ​លេខ ១៣០ ក្រុម​២ ភូមិ​៣ សង្កាត់​ផ្សារកណ្ដាល​២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថ​បាន​បន្តទៀតថា ​ដំណើររឿង​ហេតុ​នោះ ​នៅ​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​០០​នាទី ​ជនរងគ្រោះ​ បាន​អង្គុយ​លើ​កៅអី​ផ្ដេ​កម្រាលពូក មើល​ទូរទស្សន៍​នៅក្នុង​ផ្ទះ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដេក​នៅក្នុង​បន្ទប់ លុះដល់​ម៉ោង​១៥​និង​៣០​នាទី ស្ត្រី​ជា​ប្រពន្ធ​បានចេញ​ពី​ក្នុង​បន្ទប់ ឃើញ​ជន​រងគ្រោះ​អង្គុយ​លើ​កៅអី​ស្មានថា​ជនរងគ្រោះ​ដេកលក់ ក៏​ដើរចូល​ទៅក្នុង​បន្ទប់ដេក​វិញ​ទៅ រហូត ដល់​ម៉ោង​១៦​និង​៣០​នាទី ស្ត្រី​ជា​ប្រពន្ធ​បាន​ដើរ​ចេញពី​បន្ទប់​មក​ម្តងទៀត មក​មើល​ជនរងគ្រោះ ឃើញ​អង្គុយ​លើ​កៅអី ហៀ​ទឹកមាត់​ មានការ​ឆ្ងល់ ​ក៏​ទូរស័ព្ទ​ទៅ​លោក​គ្រូពេទ្យ​មន្ទីរពេទ្យ​សាន់ រ៉ា​យ ដើម្បី​ឲ្យ​មក​ពិនិត្យ ពេល​គ្រូពេទ្យ​មកដល់​ បាន​លើក​ជនរងគ្រោះ​ពីលើ​កៅអី​ដាក់​លើ​កម្រាល​ឥដ្ឋ បន្ទាប់ពី​ពិនិត្យ​រួច គ្រូពេទ្យ​បាន​ប្រាប់​ស្ត្រី​ជា​ប្រពន្ធ​ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ បាត់ទៅហើយ ពេល​នោះ​ប្រពន្ធ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ពូ ឲ្យ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​តែម្តង​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នោះ​ហើយ ​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ បាន​ចុះ​ដល់ និង​គ្រប់គ្រង កន្លែង​កើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ និង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យ​វិន័យ​ពិនិត្យ​សព។

​ជា​លទ្ធផល ​តាម​ការពិនិត្យ​របស់​ការិយាល័យ​ជំនាញ​បច្ចេកទេស​បានបញ្ជាក់​ថា​ សព​ស្លាប់​ដោយសារ​គាំងបេះដូង (​បណ្តាលមកពី​ជំងឺ​សួត​ធ្ងន់ធ្ងរ​។ ​ចំណែក​សម្ភារៈ​សព​រួមមាន លិខិតឆ្លងដែន​ចំនួន​០១​ក្បាល លេខ​MT0555004 -​កុំព្យូទ័រ​យួរ​ដៃ​ពណ៌​ស ចំនួន​មួយ​គ្រឿង -​ទូរស័ព្ទ​ម៉ាក់​PhlPhoneSE ចំនួន​០១​គ្រឿង និង​ម៉ាក ដូ​កូ​ម៉ូ ចំនួន​០២​គ្រឿង -​ម៉ាស៊ីន​ព្រី​ន​ចំនួន​មួយគ្រឿង -​កាត់​ធនាគារ ATM ចំនួន​០៥​សន្ធឹក -​សម្ភារៈ​មួយ​ចំនួន ​និង​ខោអាវ បាន​ប្រគល់​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ក្រុង រក្សាទុក​។ ក្រោយពី​ពិនិត្យ​រួច ខាង​ជំនាញ​បច្ចេកទេស បាន​ដឹក​សាកសព យកទៅ​តម្កល់​នៅ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុស្សី​)៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114