ព័ត៍មានទាន់​ហេតុការណ៏
Search

លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ជួប​សំណេះសំណាល​ជាមួយ​អ្នកបើកបរ​រថយន្ត​ក្រុង ភ្នំពេញ​-​កែប​

​កែប ៖ នៅ​រសៀល ថ្ងៃ​ពុធ ១៣​កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ជួប​សំណេះ​សំណាល​ជាមួយ​អ្នកបើកបរ​រថយន្ត​ក្រុង​ភ្នំពេញ​-​កែប​។​

​កិច្ច​សំណេះសំណាល​នេះ ​ក៏មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព មន្ត្រីរាជការ​សាលាខេត្ត​ជា​ច្រើនរូប​។​

​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​មានប្រសាសន៍​បញ្ជាក់ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​បន្ទុក​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់ ​ដែល​នឹងធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ប្រកបដោយ​សេចក្ដី​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បានអនុញ្ញាត​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ រៀបចំ​រថយន្តក្រុង​ចំនួន​១២០​គ្រឿង សម្រាប់​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​នានា និង​ពី​បណ្តា​ខេត្ត​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ រយៈពេល​០៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​មិន​បង់ប្រាក់ ក្នុងនោះ​រថយន្តក្រុង​ដែល​ត្រូវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​មកកាន់​ខេត្ត​កែប និង​ពី​ខេត្ត​កែប ​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​វិញ​ មាន​ចំនួន​០៥​គ្រឿង​។​

​ក្នុងឱកាស​នេះដែរ លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន និង​សម្រួលការ​ស្នាក់នៅ ក្នុង​គោលបំណង​ដើម្បី​ថ្លែងអំណរគុណ និង​លើកទឹកចិត្ត ដល់​អ្នកបើក​រប​រថ​យន្ត​ក្រុង ភ្នំពេញ​-​កែប ផង​ដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា​ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃនេះ រថយន្តក្រុង ភ្នំពេញ​-​កែប បាន​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ យ៉ាង​មមាញឹក ពី​ភូមិសាស្ត្រ​ខេត្ត​កែប​ទៅកាន់​រាជ​ធានី​ភ្នំពេញ និង​ពី​ភ្នំពេញ​មកកាន់​ខេត្ត​កែប​វិញ ដោយ​សេវា​ដឹកជញ្ជូន​តាម​ជើង​រថយន្តក្រុង​ទៅមក គឺ​គ្មាន​ចំណាយ​ថវិកា​អ្វី​ឡើយ​៕