ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​ ត្រួតពិនិត្យ​ការសាកល្បង​អាវុធ​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ត្រួតពិនិត្យ​ការ​បាញ់​សាកល្បង​អាវុធ​នាំ​ផ្លូវ​ជា​យុទ្ធសាស្ត្រ​ប្រភេទ​ថ្មី។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា “​គុណសម្បត្តិ​” នៃ​អាវុធ​នេះ​គឺជា​ម៉ូដ​ពិសេស​នៃ​ការហោះហើរ​នាំ​ផ្លូវ​និង​ផ្ទុក​ជាមួយ​ក្បាល​គ្រាប់​ដ៏​មាន​ឥទ្ធិពល​។​

ទោះបីជា​យ៉ាងណាក៏ដោយ របាយការណ៍​របស់ KCNA មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​អាវុធ​នោះទេ​ប៉ុន្តែ​បាន​និយាយថា លោក​គីម​បាន​ពណ៌នា​ការអភិវឌ្ឍ​របស់​អាវុធ​នេះ​ថា​ជា​សារៈសំខាន់​ដ៏​ធំ​ក្នុង​ការបង្កើន​ថាមពល​ប្រយុទ្ធ​របស់​កងទ័ព​ប្រជាជន​។​

KCNA បាន​បន្ថែមថា ការសាកល្បង​កាលពី​ថ្ងៃ​ពុធ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​របៀប​ផ្សេងៗ​នៃ​ការបាញ់​ដាក់​គោលដៅ​ខុសៗ​គ្នា​ហើយ​ថា លោក​គីម​បាន​ដឹកនាំ​ការបាញ់​សាកល្បង​នេះ​។​

សេចក្តីប្រកាស​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​ឃ្លាំមើល​អាមេរិក​គឺ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​បាន​និយាយថា សកម្មភាព​ត្រូវបាន​គេ​ប្រទះឃើញ​នៅឯ​ទីតាំង​បាញ់​នុយក្លេអ៊ែរ​ដ៏​ធំ​របស់​កូរ៉េខាងជើង​។​

វា​បាន​លើកឡើងថា ក្រុង​ព្យុងយ៉ាង​អាច​នឹង​កែច្នៃ​វត្ថុ​មាន​ធាតុ​វិទ្យុសកម្ម​ឲ្យ​ក្លាយទៅជា​ឥន្ធនៈ​គ្រាប់បែក​ចាប់តាំងពី​ការដួលរលំ​នៃ​កិច្ចប្រជុំ​កំពូល​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ខែកុម្ភៈ​។​

ជំនួប​នោះ​គឺជា​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គីម​ដែល​បានបញ្ចប់​ភ្លាមៗ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។​

ចាប់តាំងពី​ពេលនោះ​មក ប្រទេស​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​កំពុង​ពិចារណា​លើ​ជម្រើស​ផ្នែក​ការទូត​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ហើយ​លោក​គីម​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​បើកចំហ​ចំពោះ​ការពិភាក្សា​ជាមួយនឹង​លោក​ត្រាំ​លុះត្រាតែ​ទីក្រុង​វ៉ាស៊ីនតោន​ចូលរួម​ជាមួយ “​ឥរិយាបថ​ត្រឹមត្រូវ​”៕ AFP