ព័ត៍មានទាន់​ហេតុការណ៏
Search

កាកបាទក្រហម​ប្រកាស​ថា ជំនួយ​នឹង​ទៅដល់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ក្នុង​ខែ​ឧសភា

អង្គការ​ជំនួយ​សប្បុរសធម៌​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ដឹកជញ្ជូន​លើក​ទី​ពីរ​នៃ​ជំនួយ​មនុស្សធម៌​របស់​កាកបាទក្រហម​ នឹង​ទៅដល់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ក្នុង​រយៈពេល​ប្រហែល​បី​សប្តាហ៍​ទៀត​។ អង្គការ​នេះ ​បាន​រំលឹក​ឡើងវិញ​នូវ​ការ​អះអាង​របស់​ខ្លួន​ចំពោះ​បញ្ហា​ដែល​ខ្លួន​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ។

លោក Hernan Bongioanni ស្នងការ​កាកបាទក្រហម​សម្រាប់​បេសកកម្ម​នេះ​បាន​និយាយថា​“​មានការ​ដឹកជញ្ជូន​តា​ម​សមុទ្រ​ដែល​យើង​រំពឹងថា​នឹង​ចូលក្នុង​ប្រទេស​នេះ​នៅ​ថ្ងៃទី​៨​ខែឧសភា​”​។​

លោក​បាន​និយាយ​បែបនេះ​ទៅកាន់​អ្នកសារព័ត៌មាន​ខណៈដែល​ឧបករណ៍​វះកាត់ ថ្នាំ​បំបាត់​ការឈឺចាប់​និង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Caracas។​

ការដឹកជញ្ជូន​ជំនួយ​លើកដំបូង​បានមក​ដល់​តាម​យន្តហោះ​ពី​ប្រទេស​ប៉ា​ណា​ម៉ា​កាលពី​ថ្ងៃ​អង្គារ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​Maiquetia ដែល​បម្រើ​ដល់​រដ្ឋធានី​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

លោក Bongioanni បាន​និយាយថា ការផ្តល់​ឧបករណ៍​វះកាត់​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​អ្នកជំងឺ​ចំនួន​១០,០០០​នាក់​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​គម្រោង​មួយ​ដែល​គេ​រំពឹងថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចំនួន​៦៥០,០០០​នាក់​។​

លោក Mario Villarroel ប្រធាន​កាកបាទក្រហម​មូលដ្ឋាន​បាន​រំលឹក​ឡើងវិញ​នូវ​ការអំពាវនាវ​របស់​មេ​ដឹកនាំ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nicolas Maduro និង​អ្នកប្រកួតប្រជែង​នយោបាយ​របស់គាត់​គឺ​លោក Juan Guaido មិន​ឲ្យ​ប្រើប្រាស់​បញ្ហា​ជំនួយ​នេះ​នៅក្នុង​ការតស៊ូ​អំណាច​របស់​ពួកគេ​។​

ជំនួយ​មនុស្សធម៌​ដែល​ត្រូវការ​ជា​ចាំបាច់​គឺ​បាន​ក្លាយជា​ចំណុច​សំខាន់​នៅក្នុង​ការប្រឈមមុខ​ដា​ក់​គ្នា​រវាង​លោក Maduro និង​លោក Guaido ដែលជា​ប្រធាន​សភាជាតិ​។​

គួរ​បញ្ជាក់ថា ការផ្គត់ផ្គង់​របស់​កា​ក​បាទ​ក្រហម​ត្រូវបាន​អនុញ្ញាត​បន្ទាប់ពី​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ឈានដល់​រវាង​អង្គការ​អន្តរជាតិ​និង​លោក Maduro​។​

ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​រងគ្រោះ​ដោយ​វិបត្តិ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មកហើយ​ដែល​បណ្តាលមកពី​កង្វះខាត​នូវ​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​ដូចជា​អាហារ​និង​ថ្នាំពេទ្យ​ជាដើម​។​

អង្គការសហប្រជាជាតិ​បាន​និយាយថា មួយ​ភាគ​បួន​នៃ​ប្រជាជន​៣០​លាន​នាក់​របស់ខ្លួន​កំពុង​ត្រូវការ​ជំនួយ​ជាបន្ទាន់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114