ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្ញៀវ​ចូល​លេង​កម្សាន្ត​នា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​រយៈពេល​៣​ថ្ងៃ​ មាន​ជាង​៣​ម៉ឺន​នាក់​

​ភ្នំពេញ ៖ យោង​តាម​ប្រសាសន៍​របស់ លោក​ ហ៊ួ​ត ហ៊ុយ នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨​មេសា​នេះ​ថា​ ក្នុង​រយៈពេល​៣​ថ្ងៃ​ នា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ យើង​កន្លង​ទៅ​ ដែល​ក្នុងនោះ ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ​បាន​រៀបចំ​ធ្វើ​សង្ក្រាន្ត​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​បរិវេណ​វត្ត​វាល​ស្បូវ​ គឺ​ទទួល​បាន​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ មក​ចូលរួម​កម្សាន្ត​មាន​រហូតដល់​ជាង​៣​ម៉ឺន​នាក់​ឯណោះ​។​

លោក​ ហ៊ួ​ត ហ៊ុយ បាន​បន្តថា ​នា​បុណ្យចូលឆ្នាំ​ខ្មែរ​រយៈពេល​៣​ថ្ងៃនេះ​ គឺ​ថ្ងៃទី​១៤ ១៥ និង​១៦​កន្លង​ទៅ​នេះ ​លោក​ ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​និង​ដោយមាន​ការជួយ​ឧបត្ថម្ភ​ពី​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​ចុះជួយ​ខណ្ឌ​ច្បារអំពៅ​ បាន​ផ្ដួចផ្ដើម​រៀបចំ​ធ្វើ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ​នៅក្នុង​បរិវេណ​វត្ត​វាល​ស្បូវ ​ដែលមាន​ទីតាំង​នៅជាប់​ផ្លូវ​លេខ​១​ ក្នុង​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ​ដើម្បី​ឲ្យ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ មក​ចូលរួម​លេង​កម្សាន្ត ​និង​មក​ទិញ​ផ្លែឈើ​ និង​ផលិតផល​ផ្សេងៗ​ ដែល​រៀបចំ​តាម​ស្តង់​ ដោយមាន​ការចូលរួម​ពី​សាលាសង្កាត់​ទាំង​៨​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។​

លោក​ ហ៊ួ​ត ហ៊ុយ បាន​បញ្ជាក់​នៅ​ក្នុង​រយៈពេល​៣​ថ្ងៃ ​នៃ​សង្ក្រាន្ត​ គឺ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ បាន​រៀបចំ​តូប ​និង​លម្អ​ដោយ​ភ្លើង​ពណ៌​ផ្កាភ្ញី​គ្រប់​ប្រភេទ ការ​ប្រគំ​តន្ត្រី របាំ​ប្រជាប្រិយ​ និង​បាន​រៀបចំ​ឲ្យ​មាន​ការ​លេងល្បែង​កម្សាន្ត​ផ្សេងៗ​មានដូចជា​ បោះ​អង្កុញ ទាញព្រ័ត្រ លោត​បាវ ចោល​ឈូង លាក់​កន្សែង វាយក្អម ​និង​រាំលេង​កម្សាន្ត​យ៉ាង​សប្បាយ​ទៀត​ផង​។ ​លុះដល់​យប់​ឡើង​ មាន​ពិធី​បង្ហោះ​គោម​តាម​ប្រពៃណី​ទៀត​ផង​។​

ក្នុង​ពិធី​សង្ក្រាន្ត​នា​ឆ្នាំនេះ ​គឺមាន​វត្តមាន​ លោក ​ចេង មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារ​អំពៅ​ លោក លោកស្រី​ជា​អភិបាលរង និង​មន្ត្រីរាជការ​ក្នុង​សាលាខណ្ឌ​ច្បារអំពៅ​ គឺ​ដឹកនាំ និង​បម្រើ​ការងារ​ក្នុង​ពិធី​សង្ក្រាន្ត​នេះ​ទាំង​៣​ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រួមទាំង​ភ្ញៀវ​ដែល​មក​ចូលរួម​កម្សាន្ត​មាន​ក្តី​រំភើប​រីករាយ​ ហើយ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ការពារ​សន្តិសុខ​គ្រប់ពេលវេលា​។ ​ទាក់ទិន​ទៅ​នឹង​ការរៀបចំ​ពិធី​សង្ក្រាន្ត​នេះដែរ​ លោក ​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា ​ឆ្នាំនេះ ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​បានធ្វើ​ការរៀបចំ​សង្ក្រាន្ត​ជា​លើកដំបូង​ ប៉ុន្តែ​ទទួល​បាន​ជោគជ័យ​ ហើយ​មាន​ភ្ញៀវ​អញ្ជើញ​មកលេង​កម្សាន្ត​ក្នុង​រយៈពេល​៣​ថ្ងៃនេះ ​មាន​ជាង​៣​ម៉ឺន​នាក់​ឯណោះ​។ ​ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ​ សាលា​ខណ្ឌ​ច្បារអំពៅ​ និង​រៀបចំ​សង្ក្រាន្ត​ឲ្យ​បាន​ធំ​ និង​រៀបចំ​ស្តង់ ​បាន​ច្រើន​ថែមទៀត​ ដោយ​ក្នុង​នោះ​ លោក​អភិបាលខណ្ឌ​ នឹង​អញ្ជើញ​តាម​បណ្ដា​ក្រុមហ៊ុន​នានា​ មក​ចូលរួម​ដែល​ឆ្នាំនេះ ​គឺ​សាលា​ខណ្ឌ​ពុំ​បាន​អញ្ជើញ​តាម​បណ្ដា​ក្រុមហ៊ុន​មក​ចូលរួម​ សូម្បី​តែមួយ​។

​ក្នុងឱកាស​នោះដែរ​ លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​ក៏បាន​សំដែង​ការ​អរគុណ​ដល់​សប្បុរសជន​ និង​មន្ត្រីរាជការ​សាលា​ខណ្ឌ​ ពិសេស​កងកម្លាំង​សមត្ថកិច្ច​ ដែល​បាន​សហការ​បំពេញ​ការងា​រ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ដល់ទី​តាំង​ប្រារព្ធ​ពិធី​បាន​យ៉ាង​ល្អ​ប្រពៃ​ដោយ​គ្មានអ្វី​មក​រំខាន​ដល់​ភ្ញៀវ​សូម្បីតែ​បន្តិច​ក៏​ពុំ​មាន​ដែរ​ គឺ​មានតែ​ការ​សាមគ្គី​ប៉ុណ្ណោះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114