ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ទេសចរ​អាល្លឺម៉ង់​២៩​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​នៅ​កោះ Madeira

អ្នកទេសចរ​អាល្លឺម៉ង់​ចំនួន​២៩​នាក់​ បាន​ស្លាប់​នៅ​ពេល​រថយន្តក្រុង​រប​ស់​ពួកគេ​ធ្លាក់​ចេញពី​ផ្លូវ​ ហើយ​បាន​ធ្លាក់ចុះ​ចំណោត​មុនពេល​បុក​ផ្ទះមួយ​ខ្នង​លើ​កោះ Madeira របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​។​

ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ចូលទៅ​ជួយ​អ្នកដំណើរ​ដែល​រងរបួស​ដោយ​ពួកគេ​មួយចំនួន​បាន​រុំ​របួស​ក្បាល​និង​ស្លៀក​សំលៀកបំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម​ហើយ​អ្នក​ផ្សេងទៀត​ហាក់ដូចជា​រងរបួស​ធ្ងន់​ធ្ង​រ​។​

អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ភាគច្រើន​នៃ​អ្នកស្លាប់​គឺ​ស្ថិតក្នុង​វ័យ​៤០​និង​៥០​ឆ្នាំ​។​
​ពួកគេ​ស្ថិត​ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​មួយ​លាន​នាក់​ដែល​បាន​ទៅ​ទស្សនា​ប្រជុំ​កោះ​អា​ត្ល​ង់​ទិច​មួយ​នេះ​នៅក្បែរ​ឆ្នេរសមុទ្រ​ម៉ា​រ៉ុ​ក​ជា​រៀងរាល់ឆ្នាំ​។​
​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ម្នាក់​បាន​និយាយថា “​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​យើង​ពី​កោះ Madeira”​។

យោងតាម​ការិយាល័យ​ទេសចរណ៍​របស់​កោះ Madeira បាន​ឲ្យ​ដឹងថា អ្នកទេសចរ​អាល្លឺម៉ង់​គឺជា​ក្រុម​ធំ​ទី​២​បន្ទាប់ពី​អ្នកទេសចរ​អង់គ្លេស​ដែល​ទៅ​ទស្សនា​កោះ​នេះ​នៅក្នុង​ឆ្នាំ​២០១៧​។​
​ប្រជុំ​កោះ​នេះ​មាន​ប្រជាជន​ត្រឹមតែ​២៧០,០០០​នាក់​ប៉ុណ្ណោះ​។​

លោក Filipe Sousa ចៅហ្វាយក្រុង Santa Cruz ដែលជា​កន្លែងកើតហេតុ​បាន​និយាយថា ស្ត្រី​ចំនួន​១៧​នាក់​និង​បុរស​១១​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​គ្រោះថ្នាក់​នេះហើយ​២១​នាក់​ផ្សេងទៀត​បាន​រងរបួស​។​

នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល់​លោក Antonio Costa បាន​និយាយ​នៅលើ Twitter ថា លោក​បាន​ទាក់ទង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ដើម្បី​បង្ហាញ​ពី​ការចូលរួម​មរណទុក្ខ​របស់លោក​។​

គួរ​បញ្ជាក់ថា រថយន្តក្រុង​នេះ​ដឹក​អ្នកដំណើរ​ប្រហែល​៥០​នាក់​។​ លោក Pedro Calado អនុប្រធាន​រដ្ឋបាល​ប្រចាំ​តំបន់​បាន​និយាយថា យើង​មិនអាច​គិត​ជាមុន​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ទេ​៕ AFP