ព័ត៍មានទាន់​ហេតុការណ៏
Search

តំបន់​កា​ស្មៀ​រ​ក្លាយជា​ចំណុច​សំខាន់​ ខណៈ​ការបោះឆ្នោត​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌា​ចូលដល់​ជុំ​ទី​២

អាជ្ញាធរ​ឥណ្ឌា​ បានដាក់​កងកម្លាំង​សន្ដិសុខ​ចូលទៅក្នុង​តំបន់​កា​ស្មៀ​រ​ ដែលមាន​ចលាចល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ខណៈដែល​វា​បាន​ក្លាយជា​ចំណុច​សំខាន់​សម្រាប់​ជុំ​ទី​ពីរ​នៃ​ការ​បោះឆ្នោតជាតិ​ដ៏​ធំ​សម្បើម​របស់​ប្រទេស​នេះ។

កងទ័ព ទាហាន​ប៉ា​រ៉ា​និង​ប៉ូលិស​រាប់​ម៉ឹ​ន​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីក្រុង Srinagar ដែលជា​ទីក្រុង​ដ៏​ធំ​របស់​តំបន់​នេះ​និង​ជា​មណ្ឌល​មួយ​ក្នុងចំណោម​មណ្ឌលបោះឆ្នោត​ចំនួន​៩៧​នៅ​ទូទាំងប្រទេស​ឥណ្ឌា​ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​ចុងក្រោយ​បំផុត​នេះ​។​

តំបន់​កា​ស្មៀ​រ​បានប្រែក្លាយ​ទៅជា​យុទ្ធនាការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Narendra Modi ចាប់តាំងពី​ការវាយប្រហារ​គ្រាប់បែក​កាលពី​ខែកុម្ភៈ​ដែល​បានសម្លាប់​ទាហាន​ប៉ា​រ៉ា​ចំនួន​៤០​នាក់​ហើយ​នាំ​ឲ្យ​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ដែល​គ្រប់គ្រង​តំបន់​កា​ស្មៀ​រទាំង​សងខាង​ឲ្យ​ស្ថិតនៅលើ​គែម​នៃ​សង្គ្រាម​។​

អាជ្ញាធរ​បាន​បិទផ្លូវ​ជាច្រើន​នៅ​ទីក្រុង Srinagar និង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ជៀសវាង​ផ្នែក​មួយចំនួន​នៃ​ទីក្រុង​នេះ​។ កងទ័ព​ប្រដាប់អាវុធ​បន្ថែមទៀត​ត្រូវបាន​ដាក់ពង្រាយ​តាម​ដងផ្លូវ​និង​ច្រាំងទន្លេ Jhelum​។​

អ្នកបោះឆ្នោត​ជាង​១៥៧​លាន​នាក់​ក្នុងចំណោម​អ្នកបោះឆ្នោត​ចំនួន​៩០០​លាន​នាក់​គឺមាន​សិ​ទិ្ធ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ជា​លើក​ទី​ពីរ​នេះ​។​

លោក Modi បានដាក់​បញ្ហា​សន្តិសុខ​ជាតិ​ជា​កត្តា​ចម្បង​នៃ​យុទ្ធនាការ​របស់លោក​ដើម្បី​ទទួលបាន​អាណត្តិ​ប្រាំ​ឆ្នាំ​ជា​លើក​ទី​ពីរ​។ ខណៈដែល​លោក​ត្រូវបាន​គេ​មើលឃើញថា​ជា​អ្នក​អាច​ឈ្នះឆ្នោត​នោះ លោក​ត្រូវ​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ឡើង​ពី​មេដឹកនាំ​គណបក្សប្រឆាំង​លោក Rahul Gandhi ។​

លោក Gandhi បានធ្វើការ​វាយប្រហារ​ឥតឈប់ឈរ​ប្រឆាំងនឹង​កំណត់ត្រា​សេដ្ឋកិច្ច​របស់​គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi​។​

បេក្ខជន​រាប់ពាន់នាក់​មកពី​គណបក្ស​ជាង​២,០០០​កំពុង​ប្រកួតប្រជែង​សម្រាប់​អាសនៈ​ចំនួន ៥៤៣​នៅក្នុង​សភា​។ ការបោះឆ្នោត​ចុងក្រោយ​គឺ​នៅ​ថ្ងៃទី​១៩​ខែឧសភា​ហើយ​លទ្ធផល​ចុងក្រោយ​នឹងត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃទី​២៣​ខែឧសភា​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114