ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Cup ៖​ ក្រុម​ណាហ្គា​វើ​ល បន្ត​ចាញ់​ក្រុម Tampines Rover ក្នុង​ជើង​ទី​២​នៅ​សឹង្ហ​បុរី

ក្រុម​ណាហ្គា​វើ​ល ដែលជា​សមាជិក​ពានរ​ង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​បន្ត​បេសកកម្ម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​F នៃ​ពានរង្វាន់​លំដាប់​ទី​២ ប្រចាំ​ទ្វីបអាស៊ី AFC Cup 2019 នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ ខែមេសា ឆ្នាំ​២០១៩ ពោល​គឺ​បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​Tampines Rovers សមាជិក​លី​គ​កំពូល​ប្រទេស​សឹង្ហ​បុរី ដោយ​លទ្ធផល ៤​ទល់​២ ខណៈ​កាល​ប្រកួត​នៅ​រាជធានី​ភ្នំពេញ កាលពីដើម​ខែមេសា ណាហ្គា​វើ​ល​បាន​ចាញ់​៥​ទល់​១​។

ប្រកួត​ដែល​ធ្វើឡើង​នៅ​លើ​ទីលាន​Jalan Besar Stadium ប្រទេស​សឹង្ហ​បុរី ក្រោម​ការ​កាត់សេចក្តី​ពី​សំណាក់​លោក Yusuke Araki អាជ្ញា​កណ្តាល​កម្រិត FIFA មកពី​ប្រទេស​ជប៉ុន ក្រុម Tampine Rovers រកបាន​គ្រាប់​បាល់​បើកឆាក​មុន​នៅ​នាទី​ទី​៣ ដោយ​កីឡាករ Shah តែ​កីឡាករ គួច ដា​នី របស់​ណាហ្គា​វើ​ល រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​ទី​១៤ តែ​ចូលដល់​ចុង​តង់​ទី​២ ក្រុម​Tampine Rover រកបាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់​ដោយ​កីឡាករ Hanapi នៅ​នាទី​៨៧ កីឡាករ Amri នៅ​នាទី​៩០+១ និង​កីឡាករ Webb នៅ​នាទី​៩០+៧​។ ចំណែក​១​គ្រាប់​ចុងក្រោយ​របស់​ណាហ្គា​វើ​ល រកបាន​ដោ​យក​កីឡាករ Omogba នៅ​នាទី​៩០​។

​សូម​រំលឹក​ថា ​ក្នុងនាម​ជា​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គា​វើ​ល បាន​ចាប់ឆ្នោត​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម​ខ្លាំង​ដល់​ទៅ​៣​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត ដោយ​ក្នុងនោះ​មាន​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) Tampines Rovers (​ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី​) និង Yangon United (​ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា)។

បើ​រាប់​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​គឺ​ក្រុម Tampines Rovers កក់​កៅអី​ឡើង​ទៅ​ជុំ​បន្ទាប់​ក្រោយ​ឈរ​កំពូល​តារាង​មាន​១០​ពិន្ទុ​ក្នុង​ដៃ តាម​ពីក្រោយ​ដោយ​ក្រុម Hanoi FC មាន​៧​ពិន្ទុ ហើយ​ក្រុម​ណាហ្គា​វើ​ល របស់​កម្ពុជា មាន​៣​ពិន្ទុ​ឈរ​លេខ​៣​និង​ក្រុម Yangon United ឈរ​លេខ​៤​មាន​៣​ពិន្ទុ​ដែរ​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​ណាហ្គា​វើ​ល ត្រូវ​បើកទ្វារ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ទទួល​ក្រុម Hanoi FC នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១​ខែឧសភា ឆ្នាំ​២០១៩ ហើយ​ក្រុម Tampine Rovers ទទួល​ក្រុម Yangon United នៅវេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន Jalan Besar Stadium​។

ពានរង្វាន់ AFC Cup វគ្គ​ជម្រុះ​តាម​ពូ​ល​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ កុម្ភៈ តទៅ​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យកតែ​មួយក្រុម​ឡើងទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុងការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ​២០១៧ ធ្លាប់បាន​ចូលរួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114