ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ត្រឡប់មក​ប្រកួត​វិញ​ហើយ​នៅ​ចុង​សប្ដាហ៍​នេះ​ក្រោយ​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បន្ត​ប្រកួត​សប្ដាហ៍​ទី​៤​របស់ ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ​វិញ​ហើយ ក្រោយ​សម្រាក​រយៈពេល​ខ្លី​ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ​តាម​ក្រុម​នីមួយៗ​បាន​សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ខណៈ​គិត​ត្រឹម​សប្ដាហ៍​ទី​៣ កន្លងមក​ក្រុម​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាង ក្រោយ​ប្រកួត​ឈ្នះ​ទាំង​៣​លើក មាន​៩​ពិន្ទុ​ច្រើនជាងគេ​ក្នុង​ដៃ​។

​យោងតាម​កាល​វិភា​គប្រ​កួត​សប្ដាហ៍​ទី​៤​នេះ​គឺ​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ ដោយ​ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វិសាខា ហើយ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវ​ជួប​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park​។

ចំណែក​៤​គូ​ផ្សេងទៀត​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ ដោយ​ក្រុម​ខេត្តកំពង់ចាម ទទួល​ក្រុម​បឹងកេត នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​បាល់ទាត់​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ស្រប​ពេល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប៉ះ​ក្រសួងការពារជាតិ នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា និង​ក្រុម​សូល​ទី​ឡូ​អង្គរ ទទួល​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​៣​លើក​នេះ​មក​ឃើញថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​៩​ពិន្ទុ​ហើយ​ក្រុម​ក្រសួងការពារជាតិ ឈរ​លេខ​២ មាន​៧​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​វិសាខា ឈរ​លេខ​៣ ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​៤ មាន​៦​ពិន្ទុ និង​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​៥​មាន​៦​ពិន្ទុ​ដែរ​។ ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៦​មាន​៥​ពិន្ទុ ក្រុម​បឹងកេត ឈរ​លេខ​៧ មាន​៤​ពិន្ទុ ហើយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​៨ ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ​៩ ក្រុម​អាស៊ី​អឺរ៉ុប នៅ​លេខ​១០ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លេខ​១១ ក្រុម​ខេត្តកំពង់ចាម ឈរ​លេខ​១២ មាន​៣​ពិន្ទុ​ដូចគ្នា ហើយ​ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​១៣​មាន​១​ពិន្ទុ និង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​លេខ​១៤ មិនទាន់មាន​ពិន្ទុ​កាន់​ទេ​។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយ​ចំនួន​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114