ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ថា ការដែល​សហរដ្ឋអាមេរិក អញ្ជើញ​មេទ័ព​កម្ពុជា​ទៅ​ទស្សនកិច្ច ឆ្លុះបញ្ចាំង​ពី​មិត្ត​ភាពល្អ

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា សហរដ្ឋអាមេរិក និង​កម្ពុជា នៅតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ដូច្នេះ​បានជា​មេ​បញ្ជាការ​កងទ័ព​កម្ពុជា ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សិក្ខាសាលា​ថ្នាក់​អន្តរជាតិ​នៅ​សហរដ្ឋអាមេរិក ហើយ​បើសិន​ជាកម្ពុជា និង​អាមេរិក មិនមាន​ទំនាក់ទំនង​ល្អ និង​មិត្ត​ភាពល្អ​ទេ អាមេរិក នឹង​មិន​អញ្ជើញ​មេទ័ព​កម្ពុជា​ទៅ​ចូលរួម​ប្រជុំ​ជា​អន្តរជាតិ​នេះឡើយ​។

លោក សុខ ឥសាន បញ្ជាក់​យ៉ាងនេះ​ថា “​សហរដ្ឋអាមេរិក និង​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ជា​យូរ​មកហើយ ហេតុនេះ​ហើយ​បានជា​មេ​បញ្ជាការ​កងទ័ព​កម្ពុ​ជា ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ​ថ្នាក់​អន្តរជាតិ​នៅ​សហរដ្ឋអាមេរិក​។ បើសិនជា​មិន​មាន​មិត្ត​ភាពល្អ​ទេ ប្រាកដជា​មេបញ្ជាការ​កងទ័ព​កម្ពុ​ជា មិន​ត្រូវបាន​អញ្ជើញ​ចូលរួម​ប្រជុំ​ជា​អន្តរជាតិ​នេះឡើយ​។ ដោយឡែក​ចំពោះ​ពួកក្បត់​ជាតិខ្មែរ​រត់ចោល​ស្រុក ដែល​អួត​ថា ជា​យ៉ង​សហរដ្ឋអាមេរិក​នោះ មាន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ​ឯណា ? ពួកនេះ​ហើយ ដែល​ឃោសនា​បំបែកបំបាក់​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សហរដ្ឋអាមេរិក និង​កម្ពុជា​”​។

ការ​លើក​ឡើង​របស់​លោក សុខ ឥសាន បែបនេះ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​រយៈពេល​៥​ថ្ងៃ និង​មានការ​រិះគន់​ពី​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក​។

តាម​លោក សុខ ឥសាន តាំងពី​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ តុលា​ឆ្នាំ​១៩៩១​កម្ពុ​ជាមាន​សាមគ្គីភាព មិត្ត​ភាពល្អ​ជាមួយ​សហ​រដ្ឋ​អាមេរិក ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ភស្តុតាង​ដែល​បញ្ជាក់​ថា កម្ពុជា និង​អាមេរិក​មាន​មិត្ត​ភាពល្អ​ជាមួយគ្នា​នោះ​គឺ សហរដ្ឋអាមេរិក មានការ​ផ្លាស់​ប្តូរ​ទូត​ជាមួយគ្នា​, មានការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​គ្នា​និង​គ្នា​ជា​បន្តបន្ទាប់​, សហរដ្ឋអាមេរិក មាន​កិច្ច​សហការ​គ្នា​ក្នុង​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង ដែល​បាត់​ខ្លួន​នៅក្នុង​សម័យ​សង្គ្រាម​, សហរដ្ឋអាមេរិក បាន​ជួយឧបត្ថម្ភ​ថវិកា​មួ​យ​ចំនួន​សម្រាប់​ដោះ​មីន​, នាវាចម្បាំង​សហរដ្ឋអាមេរិក បានមក​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​នៅ​ក្រុងព្រះសីហនុ​ជាច្រើន​ដង​, សហរដ្ឋអាមេរិក មានការ​អញ្ជើញ​គណប្រតិភូ​យោធា​កម្ពុជា​ទៅ​ធ្វើ​ទស្សនកិច្ច ដូចជា​គ​ប្រតិភូ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនី​យ៍ ហ៊ុន ម៉ា​ណែ​ត គណប្រតិភូ​ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជាដើម​។ ព្រមទាំង​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ជាច្រើន​ទៀត​។ ដូច្នេះ​កិច្ច​សហប្រតិបត្តិការ​រ​វាង​សហរដ្ឋអាមេរិក និង​កម្ពុជា មាន​លក្ខណៈ​ល្អ​ប្រសើរ​ដដែល មិន​ដូច​ពួក​អគតិ​មួយចំនួន​ចេះតែ​ផ្សព្វ​ផ្ដា​យ​ព័ត៌មាន​មិន​ពិត និង​ញុះញង់​នោះឡើយ​។

សូម​បញ្ជាក់​ថា តប​តាម​ការ​អញ្ជើញ​របស់​មេ​បញ្ជាការ នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋអាមេរិក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ចាប់ពី​ថ្ងៃទី​៨ ដល់​១២ ខែមេសា ឆ្នាំ​២០១៩ នៅ​សហរដ្ឋអាមេរិក ដែល​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នឹង​ចូល​រួម​សិក្ខាសាលា​អន្តរជាតិ ស្តីពី​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក “PASOC 19 “​។ នា​ឱកាស​នោះ​ផង​ដែរ មេបញ្ជាការ​កងទ័ពជើងគោក នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋអាមេរិក ដើម្បី​រឹត​បណ្តឹង​ចំណងមិត្តភាព និង​សហប្រតិបត្តិការ នៃ​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា​-​សហរដ្ឋអាមេរិក​។

គួរ​រំលឹក​ថា កន្លងទៅ​ទោះបី​មជ្ឈដ្ឋាន​ប្រឆាំង​មួយចំនួន ខំ​បំប៉ោង​ថា សហរដ្ឋអាមេរិក បាន​ដាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នៅក្នុង​បញ្ជី​បំរាម​មិន​ឲ្យ​ទៅ​សហរដ្ឋអាមេរិក​ក៏​ដោយ ប៉ុន្តែ​រដ្ឋបាល និង​កងទ័ព​សហរដ្ឋ​អាមេរិក នៅតែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ហើយ​ជាក់ស្តែង​ការអញ្ជើញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទៅ​ទស្សនកិច្ច​ផ្លូវការ​នាពេលនេះ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់បាន​អះអាង​ថា ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​នយោបាយ​ការបរទេស ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ មនោគមន៍​វិជ្ជា ជាតិ​សាសន៍ ពណ៌​សម្បុរ​ជំនឿ​សាសនា​ជា​ប្រទេស​តូច ឬ​ធំ​ឡើយ ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ស្មើ​សិទ្ធិ ស្មើភាព​គ្នា​គោរព​ឯករាជ្យ អធិបតេយ្យភាព​បូរណភាព​ទឹកដី និង​មិន​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។

ចំពោះ​ប្រទេស​ចិន​មាន​ទំនាក់ទំនង​ទ្វេភាគី ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជា​មិត្ត​ចាស់​គួរ​ជាទី​ទុកចិត្ត​ស្មោះត្រង់​ជាមួយគ្នា​។ ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​ស្គាល់​នយោបាយ​ចិន​តែមួយ គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ចំណែក​អាមេរិក ក៏​កម្ពុជា​ចាត់ទុកជា​មិត្ត​ដែរ ដោយ​លើ​មូលដ្ឋាន​គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា គោរព​គ្នា​ទៅវិញទៅមក សហ​ប្រតិបត្តិការ​មាន​ផល​ប្រ​យោ​ជ​ន៍​ទាំងសងខាង​។

ចំពោះ​បណ្តា​ប្រទេស​នានា​ផ្សេង​ទៀត​នៅ​លើ​ពិភព​ពិភពលោក ក៏​កម្ពុ​ជា​មាន​នយោបាយ​ការបរទេស​មិត្តភាព សាមគ្គី​គោរព​គ្នា​ទៅវិញទៅមក​ដូចៗ​គ្នា​ដែរ​។ បញ្ហា​សំខាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រទេស​តូច សេដ្ឋកិច្ច​នៅ​ទន់ខ្សោយ សុំ​តែ​រស់នៅ​ដោយ​សន្តិភាព​សុវត្ថិភាព ហើយ​កុំ​ឲ្យ​ប្រទេស​ណា​មើលងាយ គំរាមកំហែង និង​ឈ្លានពាន​តែប៉ុណ្ណោះ​។ រាជ​រដ្ឋាភិ​បាល​កម្ពុជា​រក្សា​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ក្នុងការ​ប្រយុទ្ធ ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​ជាដាច់ខាត​៕