ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ជួប​ក្រុម​ប៉ា​គី​ស្ថាន ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់ 2022 FIFA World Cup ប្រចាំ​ទ្វីបអាស៊ី

ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ដែល​រៀបចំ​នៅ​ប្រទេស​កាតារ នឹង​ចាប់ផ្តើម​ប្រកួត​ជម្រុះ​ក្រុម​មកពី​តាម​ទ្វីប​នីមួយៗ​ហើយ ខណៈ​នៅក្នុង​ទ្វីបអាស៊ី តម្រូវ​ឲ្យ​សមាជិក​ចំនួន​៤៦​ប្រទេស​ប្រកួត​ជម្រុះ​៤​វគ្គ​ផ្សេងៗ​គ្នា ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​៤​កៅអី​កន្លះ តំណាង​ឲ្យ​អាស៊ី ឡើង​ទៅ​ប្រកួត​វគ្គ​៣២​ក្រុម​ចុងក្រោយ​នៅ​ចុងឆ្នាំ​២០២២ ខាងមុខ​។

​ចំពោះ​ក្រុម​កម្ពុជា ស្ថិតក្នុង​បញ្ជី​ក្រុម​ត្រូវ​ប្រកួត​ជម្រុះ​ដំបូង​ជាមួយ​ក្រុម​ចំនួន​១២​ផ្សេងទៀត ខណៈ​ការចាប់​ឆ្នោត​ជ្រើសរើស​គូប្រកួត​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​ថ្មីៗ នេះ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្រុម​កម្ពុជា​ត្រូវ​ប៉ះ​ប៉ា​គី​ស្ថាន ក្នុង​វគ្គ​ជម្រុះ​បឋម​នេះ​។ ចំណែក​៥​គូ​ផ្សេងទៀត​គឺ​ក្រុម​ម៉ុង​ហ្គោ​លី ប៉ះ​ប្រ៊ុយណេ ហើយ​ម៉ា​កាវ ជួប​ស្រីលង្កា ហើយ​ឡាវ​ប៉ះ​បង់​ក្លា​ដេ​ស ម៉ាឡេស៊ី ជួប​ទី​ម័​រ​ខាងកើត និង​ប៊ូ​តង់ ប៉ះ​កោះ​ហ្គា​ម​។ ក្រុម​ទាំង​៦​គូ​នេះ​ត្រូវ​ប៉ះគ្នា​២​លើក​ដោយ​ប្តូ​រទាំង​ដី​គ្នា ខណៈ​ប្រកួត​ទី​១​ធ្វើឡើង​នៅ​ថ្ងៃទី​៦​ខែមិថុនា និង​ជើង​ទី​២​ធ្វើឡើង​នៅ​ថ្ងៃទី​១​ខែមិថុនា ឆ្នាំ​២០១៩​ដូចគ្នា​។

ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​ចំនួន​២​ជើង​ ដែល​មាន​៦​ក្រុម​នេះ​មានឈ្មោះ​ឡើង​ទៅ​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​ដែល​ជា​ជុំ​ទី​២​ជាមួយ​ក្រុម​ខ្លាំង​៣៤​ផ្សេងទៀត ហើយ​ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ នឹងមាន​ឈ្មោះ​ប្រកួត​បន្ត​នៅ​វគ្គ​ទី​៣​និង​វគ្គ​ទី​៤​រហូតដល់​រកឃើញ​ក្រុម​តំណាងឱ្យ​ទ្វីប​តែម្តង​។ កម្មវិធី​ប្រកួត​ទាំង​៤​វគ្គ​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០២១​។

សូម​បញ្ជាក់​ថា​ កាលពី​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​2018 FIFA World Cup កន្លងទៅ​ក្រុម​កម្ពុជា បាន​យកឈ្នះ​ក្រុម​ម៉ា​កាវ ដោយ​លទ្ធផល​៤​ទល់​១ ក្នុង​វគ្គ​ជម្រុះ​បឋម ហើយ​បន្ត​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២​ជា​បន្ត​ដោយ​ស្ថិតក្នុង​ពូ​ល​ជាមួយ​ជប៉ុន​,​ស៊ី​រី​,​សឹង្ហ​បុរី​,​អា​ហ្វ​ហ្គា​នី​ស្ថាន តែ​កម្ពុជា​ប្រកួត​៨​លើក​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ចាញ់​ទាំង​៨ ព្រមទាំង​របូត​គ្រាប់​បាល់​២៧​គ្រាប់​និង​ទាត់​បាល់​ចូល​ទី​គេ​វិញ​បាន​១​គ្រាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114