ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អញ្ជើញ​ពិនិត្យ​នៅ​កន្លែង​កែច្នៃ និង​វិច​ខ្ចប់ កន្លែង​ផលិត​ចំណី​ត្រី និង​មន្ទីរពិសោធន៍ របស់​ក្រុមហ៊ុន ចិន

ភ្នំពេញ​ ៖​ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​គណៈប្រតិភូ ទៅ​ធ្វើ​ទស្សនកិច្ច និង​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន China Ocean Fish Holding Limited រយៈពេល​ពីរ​ថ្ងៃ នៅ​ខេត្ត​ហៃ​ណាន់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ជំរុញ​កិច្ចសហការ​ក្នុង​ការ​ធ្វើ​វិនិយោគ​លើ​វារីវប្បកម្ម​នៅ​កម្ពុជា​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច ទៅកាន់ ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី បាន​ចុះ​ពិនិត្យនៅ​កន្លែង​កែច្នៃ និង​វិច​ខ្ចប់ កន្លែង​ផលិត​ចំណី​ត្រី និង​មន្ទីរពិសោធន៍ របស់​ក្រុមហ៊ុន Hainan XiangTai Fishery Co, Ltd.​។ នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​លោក Liu Rong Jie ប្រធាន​ក្រុមហ៊ុន អំពី​វឌ្ឍនភាព និង​គម្រោង​វិនិយោគ​នៅក្នុង​ប្រ​ទេស​កម្ពុជា​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ​ការ​ចិញ្ចឹម​ត្រី​ក្នុង​បែរ​ក្នុង​សមុទ្រ​នេះ​មាន​ផល​ចំណេញ​ច្រើន ជាពិសេស​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាកសិករ​ប្រមាណ​១២០០០​ដុល្លារ ក្នុង​១​ឆ្នាំ និង​បង្កើត​ការងារ​ប្រមាណ ៤០០០០នាក់ ដោយ​រួម​ទាំង​កម្មករ​កែច្នៃ ចិញ្ចឹម និង​មន្ទីរពិសោធន៍​។

លោក​ប្រធាន​ក្រុមហ៊ុន​បញ្ជាក់ថា នៅ​កម្ពុ​ជាមាន​កំរិត​សីតុណ្ហភាព​សមស្រប​អាច​ចិញ្ចឹម​ត្រី​បែបនេះ​បាន​យ៉ាង​ល្អ ហើយ​ក្រុមហ៊ុន​កំពុង​រង់ចាំ​នៅ​ការអនុញ្ញាត​ពី CDC ដើម្បី​ដាក់ទុន​វិនិយោគ និង​ធ្វើអោយ​កាន់តែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី AI (Automated Intelligence) ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​។

លោក រដ្ឋមន្ត្រី បាន​ស្វាគមន៍​នូវ​ការ​វិនិយោគ​បែបនេះ​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ជលផល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​ព​ន្លឿ​ន​នូវ​ដំណើរការ​ឲ្យ​បាន​ឆាប់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ត្រី​ក្នុងស្រុក​កាន់តែ​កើនឡើង និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

សូម​រំលឹក​ថា កាលពី ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ នេះ ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​គណៈប្រតិភូ ទៅធ្វើ​ទស្សនកិច្ច និង​ប្រជុំពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន China Ocean Fish Holding Limited រយៈពេល​ពីរ​ថ្ងៃ នៅ​ខេត្ត​ហៃ​ណាន់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ជំរុញ​កិច្ចសហការ​ក្នុង​ការធ្វើ​វិនិយោគ​លើ​វារីវប្បកម្ម​នៅ​កម្ពុជា៕