ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​សំណួរ​អំពី​ការផ្តល់​មូលនិធិ​យ៉ាង​ឆាប់រហ័ស​ស្រប​ពេល​ប្រាក់​ដើម្បី​ស្តារ​ព្រះវិហារ Notre-Dame ត្រូវបាន​បរិច្ចាគ

ការ​បរិច្ចាគ​ប្រាក់​តាម​ពាក្យសន្យា​ពី​មហាសេដ្ឋី​បារាំង ក្រុមហ៊ុន​នានា​និង​ប្រជាជន​សាមញ្ញ​ដើម្បី​ស្ដារ​ព្រះវិហារ Notre-Dame ឡើងវិញ​ បន្ទាប់ពី​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​អគ្គិភ័យ​គឺ​បាន​ឡើង​ដល់​ជិត​៩០០​លាន​អឺរ៉ូ​ហើយ​ បន្ទាប់ពី​រយៈពេល​ត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។

ប៉ុន្តែ​ការបរិច្ចាគ​ដ៏​លើសលប់​នេះ​បាន​ជំរុញ​ឲ្យ​មាន​សំណួរ​ពី​សប្បុរសជន អ្នកនយោបាយ​និង​អ្នកធ្វើ​អត្ថាធិប្បាយ​អំពី​មូល​ហេតុដែល​ម្ចាស់ជំនួយ​មួយចំនួន​បានផ្តល់​ជូន​យ៉ាង​ឆាប់រហ័ស​បែបនេះ​ដោយ​រួមបញ្ចូល​ទាំង​ការរំពឹងទុក​អំពី​ថា​តើ​ពួកគេ​អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាងដូចម្តេច​ពី​ការ​កាត់​ពន្ធ​លើ​ការបរិច្ចាគ​នេះ​ផងដែរ​។​

មនុស្ស​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំង​នៅ​ប្រទេស​បារាំង​និង​នៅ​បរទេស​បាន​សម្តែង​ការខកចិត្ត​ដែលថា គ្រោះមហន្តរាយ​ដទៃទៀត​ដូចជា​វិបត្តិ​ជនភៀសខ្លួន​ស៊ី​រី​និង​អ៊ីរ៉ាក់​ព្រមទាំង​អគ្គិភ័យ​នៅ​អគារ Grenfell Tower ក្នុង​ទីក្រុង​ឡុង​ដ៍​មិនបាន​ទទួល​អ្វី​ដូច​កម្រិត​គាំទ្រ​ដូចគ្នានេះ​។​

ការបរិច្ចាគ​ធំ​មុនគេ​ចំពោះ​ព្រះវិហារ Notre-Dame គឺ​បានមកពី​លោក Francois-Henri Pinault ដែលជា​មហាសេដ្ឋី​ប្រធាន​ក្រុមហ៊ុន​ទំនិញ Kering ដែលជា​ម្ចាស់​ក្រុមហ៊ុន​ម៉ាក Gucci និង Saint Laurent ។​

លោក Pinault វ័យ​៥៦​ឆ្នាំ​ដែលជា​តារា​ល្បី​មួយរូប​ដោយសារតែ​គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារា​សម្តែង​ស្រី Salma Hayek គឺ​បាន​សន្យា​ផ្តល់ប្រាក់​ចំនួន​១០០​លាន​អឺរ៉ូ (១១៣​លាន​ដុល្លារ​) ខណៈពេលដែល​អគ្គិភ័យ​កំពុង​ឆាបឆេះ​។​

ប៉ុន្មាន​ម៉ោង​ក្រោយមក គូប្រជែង​ដ៏​ខ្លាំង​របស់គាត់​គឺ​លោក Bernard Arnault ដែលជា​អ្នកមាន​បំផុត​របស់​ប្រទេស​បារាំង​និង​ជា​ប្រធាន​ក្រុមហ៊ុន LVMH របស់​ម៉ាក Louis Vuitton បានប្រកាសថា​លោក​នឹង​បរិច្ចាគ​ប្រាក់​ចំនួន​២០០​លាន​អឺរ៉ូ​។​

ក្រុមគ្រួសារ Bettencourt-Meyer ដែលជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​ក្នុង​ក្រុមហ៊ុន L’Oreal ក៏បាន​ធ្វើតាម​នេះដែរ​នៅពេល​ក្រោយ​ដោយ​សន្យា​ផ្តល់ប្រាក់​ចំនួន​២០០​លាន​អឺរ៉ូ​រួមជាមួយ​ក្រុមហ៊ុន​គ្រឿងសម្អាង​ពិភពលោក​មួយ​នេះ​។​

អ្នកឯកទេស​ខាង​ម៉ាក​និង​កេរ្តិ៍ឈ្មោះ​បាន​និយាយថា ការឆ្លើយតប​ភ្លាមៗ​ដោយ​ក្រុមហ៊ុន​យក្ស​ដែល​គេ​ទទួលស្គាល់​ជាទូទៅ​របស់​ប្រទេស​បារាំង​គឺមាន​អត្ថន័យ​ជាពិសេស​ដោយសារតែ​គ្រោះមហន្តរាយ​នេះ​មាន​ជាប់ទាក់ទង​នឹង​និមិត្តសញ្ញា​ជាតិ​។​

លោក Adrian Palmer ប្រធាន​ផ្នែក​ទីផ្សារ​និង​កេរ្តិ៍ឈ្មោះ​នៅ​សាលា​ពាណិជ្ជកម្ម Henley បាន​និយាយថា គ្រួសារ​មហាសេដ្ឋី​ទាំងបី​និង​ក្រុមហ៊ុន​របស់​ពួកគេ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេសជាតិ​ហើយ​ទទួលបាន​អត្ថប្រយោជន៍​ពី​ការពង្រឹង​ទំនាក់ទំនង​នេះ​៕ REUTERS