ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ស្រុក​ ដឹកនាំ​សមត្ថកិច្ច​ ចុះទៅ​បង្ក្រាប​ត្រាក់ទ័រ ​ដែល​ភ្ជួរ​ដី​បឹង​របស់​រដ្ឋ នៅ​ស្រុក​កំពង់ត្រាច

កំពត ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ លោក ជួន សុភា អភិបាលរង​ស្រុក​តំណាង​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​បង្ក្រាប​ត្រាក់ទ័រ​ភ្ជួរ​ដី​បឹង​ឈូក​របស់​រដ្ឋ ស្ថិត​ក្នុង​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

ការ​ចុះ​បង្ក្រាប​ត្រាក់ទ័រ​ភ្ជួរ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​នេះ ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​សំណាក់ ​លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច បន្ទាប់ពី​មាន​បណ្ដឹង​ផ្ទាល់មាត់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

ចំពោះ​ប្រតិបត្តិការ​ឃាត់​ត្រាក់ទ័រ​ល្មើសច្បាប់​នេះ អ្នក​រំលោភ​ដី​របស់​រដ្ឋ​បាន​រារាំង​មិន​ឲ្យ​ក្រុម​អាជ្ញាធរ​ឃាត់ ​និង​នាំយក​វត្ថុតាង​ទៅ​រក្សាទុក​ដោយ​ស្រួល​ឡើយ​ ហើយ​អ្នក​ទន្ទ្រាន​ដី​បឹង​ថែមទាំង​ជេរប្រមាថ​ដល់​ក្រុម​សមត្ថកិច្ច​ដោយ​ពាក្យអសុរោះ​ផងដែរ​។ លុះ​បន្តិចក្រោយមក​ ទើប​ការ​ចម្រូងចម្រាស​ត្រូវ​បាន​បញ្ចប់ ខណៈដែល​អាជ្ញាធរ​បាន​ដកហូត​ត្រាក់ទ័រ​យក​មក​រក្សាទុក​នៅ​ក្នុង​សាលាស្រុក​កំពង់​ត្រាច នៅ​ព្រឹក​ថ្ងៃ​១៨ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

សូម​បញ្ជាក់​ថា ​៖ ​បើ​តាម​មជ្ឈដ្ឋាន​ទូទៅ​បាន​លើក​ឡើង​ថា ការ​បង្ក្រាប​ករណី​ទន្ទ្រាន​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​នេះ​ បុគ្គល​មួយ​គ្រួសារ​មិន​ខ្លាច​ញញើត​នឹង​កម្លាំង​សមត្ថកិច្ច​ឡើយ ដោយ​បុគ្គល​ខាងលើ​មាន​ការ​មាក់ងាយ​ជេរ​ប្រមាថកាតទាន ហើយ​ដើរ​ថត​មុខ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្មាន​ខ្លាច​ញញើត សូម្បី​សារព័ត៌មាន​ក៏​មិន​អត់ឱន​ឲ្យ​ដែរ ព្រោះ​អ្នក​ទន្ទ្រាន​ដី​បឹង​ធម្មជាតិ​ថត​ផ្ញើ​រូប​ទៅ​ឲ្យ​អ្នក​កាង​នៅ​ពីក្រោយ ព្រោះ​អ្នករំលោភ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​នេះ​អួត​ថា គាត់​មាន​ខ្នងបង្អែក​សុទ្ធតែ​អ្នក​ធំៗ នៅ​ជិត​ហ្នឹង​ក៏​មាន នៅ​ភ្នំពេញ​ក៏​មាន​ដែរ ហើយ​មហាជន​ពិតជា​ចង់​ដឹង​ណាស់ “​តើ​អ្នកធំ​ណា​ទៅ​ហ្ន​” ដែល​ហ៊ាន​កាង​នៅ​ពីក្រោយ​ នៃ​ការរំលោភ​ទន្ទ្រាន​ដី​បឹង​ឈូក​របស់​រដ្ឋ​បែបនេះ​.? ដូច្នេះ​គួរតែ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ជួយ​វែកមុខ​ឲ្យ​ឃើញ​ផង​..​។​

​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា រឿង​បុគ្គល​មួយ​គ្រួសារ ប្ដី ​ឈ្មោះ សំ អេ​ន ប្រពន្ធ​ឈ្មោះ សេង យិ កំពុង​រំលោភបំពាន​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ លោក​បាន​ហាមប្រាម​ជាច្រើនលើក​មក​ហើយ ប៉ុន្តែ​បុគ្គល​ខាងលើ​នៅតែ​រឹងរូស មិន​ដឹង​គាត់​អាង​អ្នក​ណា​ទេ​។​

លោក​បន្ត​ថា ​មិនតែប៉ុណ្ណោះ បុគ្គល​ខិលខូច​នេះ ​បាន​ជួល​ត្រាក់ទ័រ​មក​ភ្ជួរ​នៅ​ក្នុង​ផ្ទៃ​បឹង​ទាំង​បំពាន ទើប​លោក​បញ្ជា​ដល់​កម្លាំង​ទៅ​បង្ក្រាប​តែម្ដង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114