ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​រាប់​សន្លឹកឆ្នោត​យ៉ាង​ឆាប់រហ័ស​របស់​ឥណ្ឌូនេស៊ី ​បាន​គូស​បញ្ជាក់​ពី​ជ័យជំនះ​របស់​លោក ​Widodo ខណៈ​ទីផ្សារ​មានការ​កើន​ឡើង

ការ​រំពឹង​ទុក​រយៈពេល​៥​ឆ្នាំ​ទៀត​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​របស់លោក Joko Widodo បាន​ជួយ​ជំរុញ​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​លទ្ធផល​បោះឆ្នោត​មិន​ផ្លូវការ​បានបង្ហាញ​ពី​ជ័យជំនះ​ប្រកបដោយ​ផាសុកភាព​សម្រាប់​អ្នក​ដែល​កំពុង​កាន់អំណាច។

លទ្ធផល​ពី​ការស្ទង់មតិ​របស់​អ្នកសង្កេតការណ៍​ឯកជន​ដែល​ផ្អែកលើ​ការរាប់​សន្លឹកឆ្នោត​គឺ​ស្របតាម​ការ​ស្ទាបស្ទង់​មតិ​ដែល​បាន​ទស្សន៍ទាយ​ពី​ជ័យជំនះ​របស់លោក Widodo ដោយ​បង្កើន​ការរំពឹងទុក​សម្រាប់​ការធ្វើកំណែទម្រង់​នៅក្នុង​អាណត្តិ​ទី​២​របស់លោក​។​

“​ការរាប់​សន្លឹកឆ្នោត​យ៉ាង​ឆាប់រហ័ស​” បានបង្ហាញ​ឲ្យ​ឃើញថា លោក Widodo បានឈ្នះ​ការបោះឆ្នោត ជាមួយ​សំឡេង​យ៉ាងហោចណាស់​៥៤​ភាគរយ​ដោយ​ផ្តល់​ឲ្យ​លោក​នូវ​ការ​នាំមុខ​ប្រហែល​៨​ភាគរយ​លើ​អតីត​ឧ​ត្ត​ម​សេនីយ​លោក Prabowo Subianto ដែល​ត្រូវបាន​ផ្តួល​ដោយ​លោក Widodo នៅក្នុង​ការបោះឆ្នោត​លើកចុងក្រោយ​កាលពី​ប្រាំ​ឆ្នាំមុន​។​

ការរាប់​សន្លឹកឆ្នោត​ពី​អ្នក​ស្ទង់​មតិ​បានបង្ហាញ​ពី​ភាព​ត្រឹមត្រូវ​ក្នុងការ​បោះឆ្នោត​លើក​មុនៗ​បើទោះបីជា​លទ្ធផល​ផ្លូវការ​នឹងមិន​ត្រូវបាន​ប្រកាស​រហូត​ដល់​ខែ​ឧសភា​ក៏ដោយ។

ទោះបីជា​យ៉ាងណាក៏ដោយ លោក Prabowo ដែលជា​អតីត​កូនប្រសា​​របស់​បុរស​ខ្លាំង​លោក Suharto ដែល​ត្រូវ​បាន​ផ្ដួល​រំលំ​ក្នុង​ឆ្នាំ​១៩៩៨​បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​មិនបាន​តាម​ពីក្រោយ​លោក Widodo ទេ​និង​ជឿជាក់​ថា​ សំឡេងឆ្នោត​របស់​លោក​មា​ន​ពី​៥២​ទៅ​៥៤​ភាគរយ​។​

លោក Prabowo ក្រោយមក​បាន​និយាយ​ថា ការ​រាប់​ពិតប្រាកដ​បាន​ផ្តល់​ឲ្យ​លោក​នូវ​សំឡេង​៦២​ភាគរយ​បើទោះបី​ជា​គេហទំព័រ​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​បាន​ដាក់​គាត់​នៅ​ប្រហែល​៤៥​ភាគរយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ផ្អែកលើ​លទ្ធផល​ពី​ការិយាល័យ​បោះឆ្នោត​ចំនួន​៨០៨​ក្នុងចំណោម​ជាង​៨០០,០០០​កន្លែង​ក៏ដោយ។

នៅ​ឆ្នាំ​២០១៤ លោក Prabowo ក៏បាន​អះអាង​ជ័យជម្នះ​នៅ​ថ្ងៃ​បោះឆ្នោត​ផងដែរ​មុនពេល​ជំទាស់​នឹង​លទ្ធផល​នៅ​តុលាការ​ធម្មនុញ្ញ ​ដែល​បាន​បញ្ជាក់​ពី​ជ័យជំនះ​របស់​លោក Widodo។

លោក Widodo បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លទ្ធផល​បាន​បង្ហាញ​ថា លោក​បាន​ទទួល​តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រជាជាតិ​ដែលមាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី​បួន​នៅលើ​ពិភពលោក​ប៉ុន្តែ​បាន​ជំរុញ​អ្នកគាំទ្រ​ឲ្យ​រង់ចាំ​គណៈកម្មការ​បោះឆ្នោត​ប្រកាស​លទ្ធផល​ផ្លូវការ​។​

ទីផ្សារ​ហិរញ្ញវត្ថុ​បាន​កើន​ឡើង​ដោយ​ប្រាក់​រូពី​បាន​បើក​នៅ​តម្លៃ​១៤,០០០​ក្នុង​មួយ​ដុល្លារ​ពោលគឺ​កើន​ឡើង​០,៥៧​ភាគរយ​ពី​ការ​បិទ​លើក​មុន​។​

ទិន្នផល​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល​រយៈពេល​១០​ឆ្នាំ​គោល​គឺ​បាន​ធ្លាក់ចុះ​ដល់​៧,៥៩៨​ភាគរយ​។​
​សន្ទស្សន៍​ហ៊ុន​នៅ​ទីក្រុង​ហ្សា​ការ​តា​បាន​កើនឡើង​១,៥​ភាគរយ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114