ព័ត៍មានទាន់​ហេតុការណ៏
Search

ចេញពី​ផឹក​ស្រា ​ទៅ​ឆក់​ត្រី ឆក់​ខ្លួនឯង​ស្លាប់

កណ្ដាល ​៖ ​បុរស​ម្នាក់​ ត្រូវ​អ្នកជិតខាង​​​​​​​ប្រទះឃើញ​អណ្ដែត​ទឹក ខណៈ​ដែល​បុរស​រង​គ្រោះ​ទៅ​ឆក់​ត្រី ឆក់​ខ្លួនឯង​ស្លាប់ ពេល​ផឹក​ស្រា​រួច ​ជិះ​ទូក​ទៅ​ឆក់​ត្រី។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​មេសា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​និង​០០​នាទី ចំណុច​បឹង​កិច្ច ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។

ជនរងគ្រោះ ​ឈ្មោះ​អឿន ចាន់ថន ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ ព្រែក​ល្វា ឃុំ ព្រែក​តា​កូវ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។ ប្រពន្ធ​ឈ្មោះ ម៉ាឡៃ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​កូន​០២​នាក់(​ប្រុស)។

​ចំណែក ​វត្ថុតាង​ចាប់យក ​៖ ​អាគុយ​ចំនួន​០១​គ្រាប់ កម្លាំង​៤០ អំពែ​ដុំ​ឆក់​ចំនួន០១ ដង​ឆក់​ធ្វើ​ពី​ឫស្សី ចំនួន០១។

សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​០០​នាទី​ ជនរងគ្រោះ​បាន​ផឹកស្រា​ជាមួយ​អ្នកជិតខាង។ រហូតដល់​វេលា​ម៉ោង២​និង​០០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែ​មេសា ​ឆ្នាំ​២០១៩ ជនរងគ្រោះ​ បាន​ទៅ​យក​ឧបករណ៍​ឆក់​ត្រី​ពីក្នុងផ្ទះ​របស់ខ្លួន ហើយ​ជិះទូក​តែ​ម្នាក់ឯង​ឆ្ពោះទៅ​ឆក់​ត្រី នៅ​បឹង​កិច្ច។ លុះ​ដល់​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ដដែល ​ឈ្មោះ ​ហម ថា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រួម​នឹង​ ឈ្មោះ ​អយ អឿន ឈ្មោះ​កាន គីម បាន​នាំគ្នា​ទៅ​ហ៊ុម​សម្រាស់ នៅ​បឹង​កិច្ច​នោះដែរ។ ពេលទៅដល់​បឹង ឃើញ អាគុយ​ដុំ​ឆក់ នៅ​លើ​ទូក និង​ឃើញ​ដង​ឆក់​អណ្ដែត​ក្នុង​ទឹក ពេលនោះ ​ឈ្មោះ​ ហម ថា បាន​ទៅ​មើល ​ហើយ​ឃើញ​ ឈ្មោះ ​អឿន ចាន់ថន ស្លាប់​នៅ​ក្នុង​ទឹក​ដៃ​កាន់​ដង​ឆក់​ជាប់ ពេលនោះ ​ឈ្មោះ ​ហម ថា បាន​ប្រាប់​បងប្អូន​របស់​ជន​រងគ្រោះ ព្រមទាំង​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែ​កតា​កូវ ហើយ​ក្រុម​គ្រួសារ​បាន​ស្រង់​សាកសព​ជនរង​គ្រោះ​យកមក​ផ្ទះ។

​បន្ទាប់មក ​សមត្ថកិច្ច​ជំនាញ​សហការ​ជា​មួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែ​កតា​កូវ ក្រុម​ប្រឹក្សាឃុំ មេភូមិ គ្រូ​ពេទ្យ និង​ក្រុមគ្រួសារ​សព ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់ ឃើញ​មាន​ស្លាកស្នាម​ស្លោក​នៅ​ម្រាម​ដៃ​ឆ្វេង ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ និង ​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114