ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ឃ្លាំមើល​ព្រមាន​ថា ការ​ស្អប់ខ្ពើម​អ្នកកាសែត​បាន​ប្រែក្លាយ​ទៅជា​អំពើ​ហិង្សា

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ស្អប់ខ្ពើម​អ្នកកាសែត​ដែល​ត្រូវ​បាន​ញុះញង់​ដោយ​មេដឹកនាំ​ប្រជា​និយម ​និង​ផ្តាច់​ការ​កំពុង​ប្រែក្លាយ​ទៅជា​អំពើ​ហិង្សា​នៅ​ទូទាំង​ពិភពលោក។

សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​បាន​បង្ហាញ​ថា ចំនួន​ប្រទេស​ដែល​អ្នកកាសែត​អាច​ធ្វើ​ការ​បាន​ដោយ​សុវត្ថិភាព​គឺ​កំពុង​ធ្លាក់​ចុះ។

របាយការណ៍​នេះ​បាន​បន្ថែម​ថា អរិភាព​របស់​មេដឹកនាំ​នយោបាយ​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ជា​ញឹកញាប់​ដែល​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​និង​គ្រោះថ្នាក់​ដល់​អ្នកកាសែត​មិន​ធ្លាប់​មាន​ពី​មុន​មក។

ប្រមុខ RSF លោក Christophe Deloire បាន​និយាយថា “​ប្រសិនបើ​ការ​ជជែក​ដេញដោល​ខាង​នយោបាយ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​បរិយាកាស​បែប​សង្គ្រាមស៊ីវិល​នៅ​កន្លែង​ដែល​អ្នកកាសែត​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​រង​កំហុស​ពី​អ្នកដទៃ​នោះ បន្ទាប់មក​លទ្ធិប្រជាធិបតេយ្យ​នឹងមាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​”​។​

សេរីភាព​សារព័ត៌មាន​គឺ​ស្ថិត​ក្នុង​លក្ខណៈ​ល្អ​ក្នុង​ប្រទេស​តិច​ជាង​មួយ​ភាគ​បួន​នៃ​បណ្តា​ប្រទេស​ចំនួន​១៨០​ដែល​គ្រប​ដណ្តប់​ដោយ​សន្ទស្សន៍​នេះ​ ខណៈ​ដែល​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះទៅ​លំដាប់​ទី​៤៨។

របាយការណ៍​នេះ​បាន​បន្ថែម​ថា រយៈពេល​ចាប់តាំង​ពី​ការ​ជាប់ឆ្នោត​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump នៅ​ឆ្នាំ​២០១៦​គឺជា​ផ្នែក​មួយ​នៃ​គ្រា​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​សហគមន៍​អ្នកកាសែត​អាមេរិក។

វា​ទាក់ទង​នឹង​វោហា​សាស្ត្រ​ប្រឆាំង​នឹង​សារព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​របស់លោក​ប្រធានាធិបតី​ហើយ​មាន ការរំខាន​យាយី​ដែល​សំដៅ​ទៅលើ​ស្ត្រី​និង​អ្នកកាសែត​លាប​ពណ៌​។​

ក្រុម​ឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​មួយ​នេះ​មានការ​ភ័យខ្លាច​ថា ការកើនឡើង​នៃ​ទំនោរ​របស់​បណ្តា​មេដឹកនាំ​ផ្តាច់​ការ​ហាក់​ដូចជា​មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ដែន​កំណត់​អ្វី​ឡើយ​ឧទាហរណ៍​ការ​ធ្វើឃាត​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​លើ​អ្នកកាសែត​អារ៉ាប៊ីសាអ៊ូឌីត​ឈ្មោះ Jamal Khashoggi នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល។

ឥណ្ឌា​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​របស់​ពិភពលោក​បាន​ធ្លាក់​ចំនួន​ពីរ​ចំណាត់ថ្នាក់​បន្ថែម​ទៀត​ពោលគឺ​ចូល​ទៅ​ក្នុង​តំបន់​ក្រហម​នៅ​លេខ​១៤០។

ទួរគី​ដែល​ជា​ប្រទេស​ដាក់គុក​អ្នកកាសែត​ធំ​បំផុត​របស់​ពិភពលោក​គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​អាក្រក់​បំផុត​។​

ចំណែក​ឯ​ប្រទេស​រុស្ស៊ី​ដែល​របាយការណ៍​នេះ​ចាត់ទុកថា​ជា​អ្នកត្រួសត្រាយ​ផ្លូវ​នៃ​ការគាបសង្កត់​គឺ​បាន​បន្ត​ធ្លាក់​ដល់​លំដាប់​ទី​១៤៩៕ AFP