ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្មាន់កាំភ្លើង​ក្រុម​បំបែក​ខ្លួន​សម្លាប់​អ្នកដំណើរ​ជិះ​រថយន្តក្រុង​ចំនួន​១៤​នាក់​នៅ​ប៉ា​គី​ស្ថាន​

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្មាន់កាំភ្លើង​បានសម្លាប់​មនុស្ស​យ៉ាងតិច​១៤​នាក់​បន្ទាប់ពី បង្ខំ​ឲ្យ​ពួកគេ​ចុះ​ពី​រថយន្តក្រុង​នៅក្នុង​ខេត្ត Balochistan របស់​ប្រទេស​ប៉ា​គី​ស្ថាន​នៅក្នុង​ការវាយប្រហារ​ចុងក្រោយ​បំផុត​ដែល​អះអាង​ដោយ​ពួក​បំបែក​ខ្លួន​នៅក្នុង​ខេត្ត​ភាគ​និរតី​ដែលមាន​ចលាចល​មួយ​នេះ​។​

លេខាធិការ​មហាផ្ទៃ​ខេត្ត​លោក Haider Ali បាន​ប្រាប់ AFP ថា អ្នក​វាយប្រហារ​ដែលមាន​គ្នា​ប្រហែល​២០​នាក់​គឺ​ស្លៀកពាក់​ឯកសណ្ឋាន​ទាហាន​ប៉ា​រ៉ា Frontier Corps ។​

លោក​បាន​និយាយថា ពួកគេ​បាន​បញ្ឈប់​រថយន្តក្រុង​នៅតាម​ផ្លូវ​ហាយវ៉េ Makran និង​បាន​បាញ់សម្លាប់​មនុស្ស​ចំនួន​១៤​នាក់​។ លោក​បាន​បន្ថែមថា រថយន្ត​ទាំង​បួន​គ្រឿង​កំពុងធ្វើដំណើរ​ទៅកាន់​ទីក្រុង​កំពង់ផែ Karachi ពី​ទីក្រុង​ឆ្នេរសមុទ្រ Ormara​។​

លោក​និយាយថា ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​គេ​ជឿថា​ជា​ជនជាតិ​ប៉ា​គី​ស្ថាន​ហើយ​មន្ត្រី​កងទ័ពជើងទឹក​ម្នាក់​និង​សមាជិក​ឆ្មាំ​សមុទ្រ​ម្នាក់​គឺ​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​។​

ការវាយប្រហារ​នេះ​ត្រូវបាន​អះអាង​ដោយ​ក្រុម​បំបែក​ខ្លួន Baloch​។ អ្នកនាំពាក្យ​របស់​ក្រុម​សកម្មប្រយុទ្ធ បាន​បដិសេធថា មិនមាន​អ្នកដំណើរ​ស៊ីវិល​ណា​ម្នាក់​ត្រូវបាន​សម្លាប់​ទេ​ហើយ​បាន​និយាយថា ក្រុម​នេះ​បានកំណត់​គោលដៅ​តែ​លើ​សមាជិក​ឆ្មាំ​សមុទ្រ​និង​កងទ័ពជើងទឹក​ប៉ុណ្ណោះ​។​

ខេត្ត Balochistan ដែលមាន​ព្រំដែន​ជាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​អ៊ីរ៉ង់​គឺជា​ខេត្ត​ដែល​ក្រីក្រ​បំផុត​របស់​ប្រទេស​ប៉ា​គី​ស្ថាន​និង​មាន​ក្រុម​បំបែក​ខ្លួន​ជនជាតិដើម​ភាគតិច Baloch ធ្វើ​សកម្មភាព​នៅ​ទីនោះ​។​

កងកម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន​បានកំណត់​គោលដៅ​លើ​ក្រុម​បះបោរ​នៅក្នុង​ខេត្ត​នេះ​ចាប់តាំងពី​ឆ្នាំ​២០០៤​មកហើយ​ត្រូវបាន​ចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត​ដោយ​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​អំពី​ការរំលោភបំពាន​នៅ​ទីនោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ យោធា​បាន​បដិសេធ​ការចោទប្រកាន់​នេះ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ខេត្ត​លោក Mir Zia Langov បាន​ប្រាប់ AFP ថា ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​មួយ​ត្រូវបាន​បើក​ចូលក្នុង​ការវាយប្រហារ​នេះហើយ​អាជ្ញាធរ​កំពុង​ព្យាយាម​តាមរក​ខ្មាន់កាំភ្លើង​ដែល​លោក​បាន​និយាយថា​បានគេច​ខ្លួន​ពី​កន្លែងកើតហេតុ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114