ព័ត៍មានទាន់​ហេតុការណ៏
Search

ជំរំ​ជនអន្តោប្រវេសន៍​មាន​មនុស្ស​ហូរហៀរ​ដោយសារ​ម៉ិ​ក​ស៊ិ​ក​ធ្វើការ​បង្ក្រាប​បន្ទាប់ពី​ការ​គំរាម​របស់លោក Trump

ស្របពេល​មាន​សម្ពាធ​ពី​ទីក្រុង​វ៉ាស៊ីនតោន ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ប្រែ​ក្រឡាស់​ពាក្យសន្យា​អំពី​ការធ្វើ​ដាក់​ល្អប្រសើរ​ជាង​មុន​លើ​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​ដែលជា​ហេតុ​បណ្តាល​ឲ្យ​មនុស្ស​រាប់រយ​នាក់​ជាប់​ក្នុង​ជំរំ​គ្មាន​អនាម័យ​នៅក្បែរ​ព្រំដែន​ភាគខាងត្បូង​រប​ស់​ខ្លួន​និង​មានការ​ចោទប្រកាន់​ពី​ការឃុំខ្លួន​មិន​ទៀងទាត់​។​

ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador បាន​សន្យាថា​នឹងធ្វើ​ទង្វើ​មនុស្សធម៌​បន្ថែមទៀត​ដាក់​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​នៅពេល​លោក​ឡើងកាន់តំណែង​ក្នុង​ខែធ្នូ​។ រដ្ឋាភិបាល​ឆ្វេងនិយម​របស់លោក​បាន​ចេញ​ទិដ្ឋាការ​មនុស្សធម៌​រាប់ពាន់​ឆ្នាំ​កាលពី​ខែមករា​ដោយ​ផ្តល់​ឲ្យ​ជនអន្តោប្រវេសន៍​នូវ​ការងារ​ស្របច្បាប់​និង​សិទ្ធិ​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​។​

ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋបាល​របស់លោក Lopez Obrador កំពុង​ប្រើ​វិធីសាស្ត្រ​ចាស់​ដោយ​ផ្អែកលើ​ការអនុវត្តន៍​ច្បាប់​ដ៏​តឹងរ៉ឹង​បន្ទាប់ពី​ជួបប្រទះ​ការកើនឡើង​នៃ​ការមកដល់​របស់​ជន​អន្តោប្រវេសន៍​។​

ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ផ្អាក​គោលនយោបាយ​ទិដ្ឋាការ​សេរី​និង​បាន​បង្កើន​ការឃុំខ្លួន​ជន​ចំណាកស្រុក​ដែល​កំពុង​ឆ្ពោះ​ដំណើរ​ទៅ​ភាគ​ខាងជើង​បន្ទាប់ពី​មានការ​រិះគន់​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump អំពី​ការកើនឡើង​នៃ​ចំនួន​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​អាមេរិក​កណ្តាល​ដែល​ទៅដល់​ព្រំដែន​សហរដ្ឋអាមេរិក​នៅក្នុង​ខែកុម្ភៈ​។​

លោក Trump ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​យក​បញ្ហា​សន្តិសុខ​ព្រំដែន​ធ្វើជា​ការប៉ុនប៉ង​ជាប់ឆ្នោត​ឡើងវិញ​ក្នុង​ឆ្នាំ​២០២០​បាន​ប្ដេជ្ញា​ថា​នឹង​កំណត់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ប្រសិនបើ​ប្រទេស​នេះ​មិនបាន​ជួយ​ពន្យឺត​ការធ្វើ​អន្តោប្រវេសន៍​ទេនោះ​។​

ខណៈពេលដែល​រដ្ឋាភិបាល​របស់លោក Lopez Obrador និយាយថា ខ្លួន​នឹងមិន​ប្រតិកម្ម​ទៅនឹង​ការគំរាមកំហែង​នោះ ប្រភព​ដែល​ដឹង​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ការដាក់​សម្ពាធ​ពី​រដ្ឋាភិបាល​អាមេរិក​ស្ទើរតែ​រាល់ថ្ងៃ​បាន​នាំ​ឲ្យ​ក្រសួងមហាផ្ទៃ​និង​ក្រសួងការបរទេស​ជំរុញ​ឲ្យ​វិទ្យាស្ថាន​អន្តោប្រវេសន៍​ជាតិ (INM) ធ្វើ​សកម្មភាព​កាន់តែ​តឹងរ៉ឹង​។​

យ៉ាងណាក្តី សេត​វិមាន​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​យោបល់​ទេ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114