ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​សង្ក្រាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​ឆ្នាំនេះ​ភ្ញៀវ​មានការ​ថយ​យ៉ាង​ចុះ​គំហុក​

កណ្តាល​ ៖ ពិធី​សង្ក្រាន្ត ​ឬ ​ពិធីបុណ្យ​កម្សាន្ត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ មាន​ទីតាំងនៅ​ឃុំ​ផ្សារ​ដែក ខេត្ត​កណ្តាល នៅ​ឆ្នាំ​២០១៩ នេះ​តាម​របាយការណ៍​របស់​មន្ត្រី​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​មក​កំសាន្ត​មានការ​ថយ​ចុះ​ខ្លាំង​ជាង​ឆ្នាំមុន​ឆ្ងាយ​ណាស់​។

លោក ជៀប វណ្ណៈ ប្រធានការិយាល័យ​ទេសចរណ៍ ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ប្រសាសន៍​ថា សង្ក្រាន្ត​ភ្នំ​ព្រះរាជ​ទ្រព្យ នៅ​ឆ្នាំ​២០១៩ នេះ​តាម​ការ​ប៉ាន់ស្មាន​ភ្ញៀវ​ដែល​មក​កម្សាន្ត​មានការ​ថយចុះ​ច្រើនជាង​ឆ្នាំមុន​ឆ្ងាយ​ណាស់​។ លោក​បាន​បញ្ជាក់ថា “​សង្ក្រាន្ត​ឆ្នាំមុន​២០១៨” មាន​ភ្ញៀវ​មក​កំសាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះ​រាជ្យទ្រព្យ​មាន​ចំនួន​ជាង​៣៥​ម៉ឺន​នាក់ តែ​ឆ្នាំនេះ​ភ្ញៀវ​មក​កំសាន្ត​បានត្រឹមតែ​ជាង​ដប់​ម៉ឺន​នាក់​ប៉ុណ្ណោះ (១០៣ ៣៧៧​នាក់​)​នេះ​គិត​តាំងពី​ថ្ងៃទី​១៣ រហូតដល់​ថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៩​។​

លោក វណ្ណៈ បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការ​ថយចុះ​របស់​ភ្ញៀវ​ទេសចរណ៍​រហូត​ជាង​ពាក់​កណ្តាល​នេះ​គឺ​ដោយសារតែ រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​សង្ក្រាន្ត​នៅ​គ្រប់​ខេត្ត​ដើម្បី​ឲ្យ​ប្រជាជន​បាន​សប្បាយ​នៅ​តាម​ស្រុកកំណើត​របស់ខ្លួន​ដូច្នេះ​វា​ជា​មូល​ហេតុដែល​ធ្វើ​ភ្ញៀវ​មួយចំនួន​មិនបាន​មក​កំសាន្ត​ទីនេះ ហើយ​ភ្ញៀវ​មួយចំនួនទៀត​ទៅ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ឆ្ងាយៗ​តាម​ខេត្ត​នានា​។

​ក្រុម​អាជីវក​រដែល​លក់​ដូរ​នៅ​តំបន់​រមណី​យ​ដ្ឋា​ន​ភ្នំ​ព្រះរាជ​ទ្រព្យ ភាគច្រើន​ពួកគេ​បាន​និយាយ​ត្អូញត្អែរ​ថា សង្ក្រាន្ត​ឆ្នាំ​២០១៩​នេះ លក់​ពុំ​សូវ​ដាច់​ប៉ុន្មាន​ទេ ​ព្រោះ​ខ្សត់​ភ្ញៀវ បាត់​ភ្ញៀវ​ច្រើនជាង​ឆ្នាំមុន​ឆ្ងាយ​ណាស់ ដូច្នេះ​រក​ចំណូល​ក៏​មិនសូវ​បាន​ច្រើន​ដែរ​។

“​ពិធី​សង្ក្រា​ន្ត​” ត្រូវ​បាន​គេ​ធ្វើឡើង​ជាប់​គ្នា​ផ្ទួនៗ​រយៈពេល​២​ឆ្នាំនេះ ប៉ុន្តែ ភ្ញៀវ​នៅតែ​មានការ​ថយ​ចុះ​រហូត​បន្តបន្ទាប់​គ្នា ផ្ទុយ​ពី​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ខាង​វិស័យ​ទេសចរណ៍​។

លោក​វរសេនីយ៍ឯក ដួង តេង អធិការ​នគរបាល​ស្រុក​ពញាឮ បាន​មានប្រសាសន៍​ថា ក្នុង​ពិធី​សង្ក្រាន្ត​ឆ្នាំ​២០១៩​នេះ​មិន​មាន​បទល្មើស​អ្វី​កើតឡើង​ធ្ងន់ធ្ងរ​នោះ​ទេ​គឺ​សុខ​សប្បាយ ដោយសារ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ស្រុក​និង​ខេត្ត​បានធ្វើ​ការសហការ​គ្នា​ការពារ​សន្តិសុខ​បានល្អ​ជូន​ប្រជាពលរដ្ឋ​មក​កំសាន្ត​៕