ព័ត៍មានទាន់​ហេតុការណ៏
Search

​ការប្រកួត​រវាង​កីឡាករ Joshua និង Miller ត្រូវបាន​លប់ចោល​ដោយសារតែ​រដ្ឋ​ញូវយ៉ក បដិសេធន៍​លិខិតអនុញ្ញាត​

​កីឡាករ Jarrell Miller ត្រូវបាន​គេ​បដិសេធន៍​មិន​ព្រម​ផ្តល់​លិខិតអនុញ្ញាត ដោយ​គណកម្មការ​អត្ត​ពលិកម្ម​រដ្ឋ​ញូវយ៉ក​(NYSAC) ចំពោះ​ការធ្វើ​តេស្ត​ឃើញ​មាន​ថ្នាំញៀន កាលពី​ថ្ងៃ​ពុធ ជាហេតុ​ធ្វើ​ឲ្យ​លប់ចោល​ការប្រកួត​តាម​ការគ្រោងទុក​របស់​គាត់​នៅ​ថ្ងៃទី​១ ខែមិថុនា ខាងមុខនេះ ជាមួយនឹង​ជើងឯក​ទម្ងន់​យក្ស​ពិភពលោក Anthony Joshua​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចុះផ្សាយ​ដោយ​ការ​សែត​អាមេរិក គណកម្មការ NYSAC បាន​និយាយថា កីឡាករ Miller​ត្រូវបាន​គេ​ហាមប្រាម​ពី​ការប្រកួត​នៅក្នុង​រដ្ឋ​ញូវយ៉ក បន្ទាប់ពី​ដំណឹង​នៃ​ករណី​ប្រើប្រាស់​គ្រឿងញៀន​របស់គាត់​។​

គណៈកម្មការ​មួយ​នេះ បាន​និយាយថា NYSAC បាន​បដិសេធន៍​ចោល​លិខិតអនុញ្ញាត​ឲ្យ​ឡើង​ប្រកួត​ប្រដាល់​អាជីព​របស់​កីឡាករ Jarrell Miller ដោយសារតែ​ការបំពាន​ទៅលើ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​។ យើង​គ្មាន​សេចក្តីអធិប្បាយ​បន្ថែមទៀត​នោះទេ នៅពេលនេះ​។​
​គួរ​ឲ្យ​ដឹងថា កីឡាករ Miller​ដែលមាន​ប្រវត្តិ​មិនដែល​ចាញ់​ពី​២៤​ប្រកួត​អាជីព​របស់គាត់​នោះ គ្រោង​នឹង​ប៉ះ​ជាមួយ​កីឡាករ​អង់គ្លេស នៅលើ​សង្វៀ​វ Madison Square Garden ដើម្បី​ឡើង​ដណ្តើម​ខ្សែក្រវាត់ WBA, IBF និង​WBO នៅ​ថ្ងៃទី​១ ខែមិថុនា​ខាងមុខនេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ប្រភពព័ត៌មាន បាន​បង្ហាញថា កីឡាករ Miller​ធ្វើតេស្ត​ឃើញ​មាន​សារធាតុ​ហាមឃាត់ បន្ទាប់ពី​ការធ្វើ​តេស្ត​ដោយ​សមាគម​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​ស្ម័គ្រចិត្ត កាលពី​ថ្ងៃទី​២០ ខែមីនា កន្លងទៅ​៕