ព័ត៍មានទាន់​ហេតុការណ៏
Search

ករណី​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង ឆ្លងដែន​ខុសច្បាប់​ចូលមក​ទឹកដី​ខេត្ត​រតនគិរី ធុំក្លិន​ស្អុយរលួយ​តិចៗ​ហើយ​

​រតនគិរី​ ៖ ករណី​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង ដែល​បាន​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ មក​ខេត្ត​រតនគិរី មកដល់​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ កំពុង​ស្ថិតក្រោម​ការសួរនាំ​របស់​សមត្ថកិច្ច​នគ​របាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅឡើយ​។​

​ពាក្យ​ចចាមអារ៉ាម​មក​ថា​ អំឡុងពេល​ នៃ​ការឃាត់ខ្លួន​ប៉ុន្មាន​ថ្ងៃនេះ មានការ​បែកធ្លាយ​មក​ថា​ហាក់​បីដូច​ជា​ធុំក្លិន​ស្អុយ​រលួយ​ភាយៗ​ហើយ ព្រោះ​មាន​ក្រុមហ៊ុន​ខ្មែរ​ជា​អ្នកកាង​ជាមួយគ្នានេះ​ក៏​អាចមាន​ការ​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ជំនាញ​តាម​ច្រកព្រំដែន​ផងដែរ​។​

​មន្ត្រី​ខេត្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹប​ប្រាប់ថា ឃើញ​មាន​អ្នក​រត់ការ​ខ្វែងដៃខ្វែងជើង សម្បើម​ណាស់ ដោយសារ​គេ​មិន​ចង់​ឲ្យ​ជនជាតិ​វៀតណាម​ទាំងនោះ​ជាប់ទោស និង​ឃាត់​គ្រឿងចក្រ​ទុក​នោះ​ទេ ព្រោះ​វា​អាច​ពាក់ព័ន្ធ​ដល់​មន្ត្រី​យោធា ;​មន្ត្រី​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​គោក ​និង​មន្ត្រី​ជំនាញ​បរិស្ថាន ឧទ្យានុរក្ស​វរៈ​ជ័យ​ផងដែរ​។​

​សូមបញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង​១២​នាក់ និង​គ្រឿងចក្រ​ចំនួន​៦​គ្រឿង បាន​ចូលមក​កម្ពុជា ដោយ​ខុស​ច្បាប់​តាម​ច្រក​ក្នុងព្រៃ បង្គោល​ការពារ​ព្រំដែន​លេខ១៤ ក្នុងភូមិ​សាស្ត្រ ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៥ “​ប៉ុស្តិ៍ ភូមិ​ចង ” នៃ​ខេត្តរតនគិរី ជាប់​ព្រំប្រទល់ ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន លេខ​៧១១ ស្រុក​ម៉​រៃ ខេត្ត​ក​ន្ទូ​ម ប្រទេស​វៀតណាម តាមរយៈ​ឈ្មោះ សេក វិ​រៈ តំណាង​ក្រុមហ៊ុន​នុ​ភាព​សុ​ភី និង វៀតណាម ​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ លេខ ២៣៣១២៤២៣៤​ សង្ស័យ​ចូលមក​ឈូសឆាយ​កម្ទេច​ព្រៃ​ឧទ្យាន​វរៈ​ជ័យ​។​

​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តរតនគិរី បាន​លើកឡើងថា អំពើ​ឃុបឃិត​គ្នា​ខាងលើនេះ​ជា​អំពើ បំពាន​បូរណភាព​ទឹកដី​ទាំងស្រុង ​ត្រូវ​មានទោស​ក្បត់ជាតិ​ក្បត់​ព្រះមហាក្សត្រ និង​ក្បត់​រាជរដ្ឋាភិបាល​កម្ពុ​ជា ដោយសារ​មន្ត្រី​គ្រាប់​ល្ពៅ ធ្វើ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ជ្រោះ​មហន្តរាយ​។​

​លោក​ឧត្ដមសេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ខាង​ជំនាញ​កំពុង​រក​អ្នកបកប្រែ​សាកសួរ​ធ្វើ​កំណត់ហេតុ តើ​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ចូល​ដី​ខ្មែរ​ដែរ ឬ​អត់​? ចំណែក​គ្រឿង​ចក្រ បាន​ឲ្យ​ខាង​សាខាគយ​ និង​រដ្ឋ​ករ ទៅ​ត្រួតពិនិត្យ​រួចហើយ​ដែរ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី ក្រោម​កា​រ​បញ្ជា​ផ្ទា​ល់ពី​ លោក ថង សាវុន និង​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្ដមសេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ និង​គ្រឿងចក្រ​៦​គ្រឿង នៅ​ក្រុមហ៊ុន នុ​ភាព​សុ​ភី​។​

ក្រោយ​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បានប្រគល់​ជនជាតិ​វៀតណាម​ទាំងនោះ ទៅ​ឲ្យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់​ការបន្ត​តាម​នីតិ​វិធី​។​

​ចំពោះ​វត្ថុតាង​គ្រឿងចក្រ​ចំនួន​៦​គ្រឿង កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្តរតនគិរី បាន​កំពុងតែ​គ្រប់គ្រង​នៅក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុ​ភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី ដើម្បី​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​គយ​ចាត់ការ​បន្ត​។​

​សូមបញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង​១២​នាក់​ខាងលើ​នោះ ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​ នៅ​ព្រឹក​ថ្ងៃទី​១៩​មេសា​នេះ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕