ព័ត៍មានទាន់​ហេតុការណ៏
Search

អនុប្រធាន​ទី​១​រដ្ឋសភា បាន​សំណូមពរ​ឲ្យ​សភា​ខេត្ត​ស៊ី​ឈួន ​ប្រទេស​ចិន​ ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​វិនិយោគទុន និង​អ្នក​ទេសចរ​ចិន​មក​កម្ពុជា​ បាន​កាន់តែច្រើន​ថែមទៀត​

​ភ្នំពេញ ​៖ លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា បាន​សំណូមពរ​ឲ្យ​គណៈប្រតិភូ​សភា​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ជួយ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ប្រជាជន​ចិន ដើម្បី​មក​បណ្តាក់​ទុនវិនិយោគ និង​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​បាន​កាន់តែច្រើន​ថែមទៀត ខណៈ​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។​

ការ​សំណូមពរ​នេះ នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភា​ចិន​ខេត្ត​ស៊ី​ឈួន ដឹកនាំ​ដោយ​លោក ជុង មាន (Zhong Mian) អនុ​ប្រធានសភា​ប្រឹក្សា​នយោបាយ​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃទី​១៨ ខែមេសា​នេះ នៅ​វិមាន​រដ្ឋសភា​។​

នៅក្នុង​ជំនួប​នោះ លោក​បណ្ឌិត​អនុប្រធាន​ទី​១​រដ្ឋសភា បាន​ស្វាគមន៍ និង​បានបញ្ជាក់​ពី​ទំនាក់ទំនង​
រវាង​រដ្ឋ​សភា​កម្ពុជា និង​សភា​តំណាង​ប្រជាជន​ចិន គឺថា​បាន​សហការគ្នា​យ៉ាង​ល្អ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី និង​ក្របខ័ណ្ឌ​ទ្វេភាគី​។ សភា​ទាំងពីរ​បាន​សហការគ្នា​ដោយបាន​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​តាម​វេទិកា​អន្តរជាតិ​នានា ហើយ​ថ្នាក់ដឹកនាំ នៃ​សភា​ប្រទេស​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ជាច្រើនលើក​ជា​បន្តបន្ទាប់​។ លោក​អនុប្រធាន​ទី​១​រដ្ឋសភា ក៏បាន​ថ្លែងអំណរគុណ​ដល់​សភា​ប្រជាជន​ចិន ដែល​បាន​ផ្តល់ជំនួយ​ជា​សម្ភារៈ និង​ថវិកា​ជាច្រើន​ដល់​រដ្ឋសភា​កម្ពុជា​នាពេល​កន្លងមក​។ នៅក្នុង​អាណត្តិ​ទី​២ សភា​ចិន​បានផ្តល់​ថវិកា​សម្រាប់​សាងសង់​អគារ​គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា​កម្ពុជា​។ ក្រៅពីនេះ ចិន​ក៏បានផ្តល់​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ជាច្រើន​នាក់ តាមរយៈ​ការផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ក្នុង​កម្រិត​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​លើ​ជំនាញ​ផ្សេងៗ​ដូចជា រដ្ឋបាល​សាធារណៈ ទំនាក់ទំនង​អន្តរជាតិ ជំនាញ​កុំព្យូទ័រ ជំនាញ​ភាសា​ចិន​។​ល​។ រដ្ឋសភា​កម្ពុជា សូម​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រទេស​ចិន ស្តីពី​គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ ដែលជា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សកល​។ សម្រាប់​កម្ពុជា​កិច្ចសហប្រតិបត្តិការ​នេះ បាន​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ផ្តល់​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ​។ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការវិនិយោគ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ធ្វើឱ្យ​ប្រទេស​ចិន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​ជា​ប្រទេស​មាន​ទុនវិនិយោគ​ធំ​ទី​១​នៅ​កម្ពុជា​។ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី និង​វិនិយោគ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​ធនាគារជាតិ ​នៃ​កម្ពុជា បានប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ប្រាក់​យន់​ចិន​ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​។ នៅ​ឆ្នាំ​២០១៧ ទេសចរណ៍​ចិន​បានមក​កម្ពុ​ជាមាន​ចំនួន ១,២​លាន​នាក់ ហើយ​អាច​នឹង​កើន​ដល់ ២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។

វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុ​ជាជាង ៦០​ម៉ឺន​នាក់ និង​បាន​នាំមក​នូវ​ចំណូល​រាប់លាន​ដុល្លារ​អាម៉េរិក ដែល​ក្នុងនោះ​មានការ​រួមវិភាគទាន​យ៉ាងសំខាន់​ពី​ទេសចរណ៍​ចិន​។

ទស្សនកិច្ច​របស់លោក​ប្រធាន និង​គណៈប្រតិភូ​នៅពេលនេះ បាន​បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត តាមរយៈ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត ដើម្បី​ចែករំលែក​បទពិសោធន៍​ទៅវិញទៅមក​។ ឆ្លៀតឱកាស​នេះ ខ្ញុំ​សូម​សំណូមពរ​លោក​ប្រធាន និង​សហការី សូមជួយ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ប្រជាជន​ចិន ដើម្បី​មក​បណ្តាក់​ទុនវិនិយោគ និង​ធ្វើ​ទេសចរណ៍​កម្សាន្ត​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ព្រោះថា​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជា​មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។​

លោក ជុង មាន (Zhong Mian) អនុ​ប្រធានសភា​ប្រឹក្សា​នយោបាយ​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន បាន​សម្តែង​ភាព​រីករាយ​នូវ​ការ​រីកចម្រើន​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​ក៏បាន​ជម្រាប​ជូន​អំពី​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលនេះ ក្នុង​បំណង​ស្វែងយល់​ពី​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា​.​ចិន ទាក់ទង​ការវិនិយោគ ក៏ដូចជា​វប្បធម៌ និង​ការអប់រំ​ផងដែរ​។

លោក​ប្រធាន​គណៈប្រតិភូ​បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​កម្ពុជា​.​ចិន លោក​ឃើញថា​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ស៊ី ជី​ពីង ក៏ដូចជា​ក្រោម​ការដឹកនាំ​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ទំនាក់ទំនង​នេះ បច្ចុប្បន្ន​បានក្លាយ​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​។ លោក​បន្តថា នៅក្នុង​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ក្នុងនាម​សភា​ប្រជាជន​ចិន ក៏ដូចជា​ក្រុមប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ក៏ដូចជា​សភា​របស់​ក​ម្ពុ​ជា គឺ​សុទ្ធតែ​គាំទ្រ​សហការ និង​ជំរុញ​ការអភិវឌ្ឍ​។ តំណាង​ឲ្យ​ក្រុមប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ក៏ដូចជា​ការបរទេស​ចិន នឹង​ខិតខំ​ប្រឹងប្រែង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយនិង​សភា​កម្ពុជា ជាពិសេស​កិច្ចសហប្រតិបត្តិការ​ទា​ក់​ទង​ប្រជាជន និង​ប្រជាជន ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​វប្បធម៌ និង​ប្រពៃណី នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​។ លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម​បណ្ឌិត អនុ​ប្រធាន​ទី​១​រដ្ឋសភា​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​លោក​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នាពេលនេះ​ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114