ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ កំពុង​ស៊ើបអង្កេត​ករណី​បុរស​ម្នាក់​ ត្រូវបាន​ជន​មិន​ស្គាល់មុខ​កាប់សម្លាប់ ​រួច​គេចខ្លួន នៅ​ស្រុក​ប្រាសាទបាគង​

សៀមរាប ​៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ ត្រូវបាន​ជនបង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ កាប់​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម សង្ស័យ​ជា​រឿង​គំនុំ​។​

ហេតុការណ៍​ខាងលើ​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​០៤​នាទី​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​១៩​ ខែ​មេសា ​ឆ្នាំ​២០១៩ ត្រង់ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។​

លោក​ឧត្ដមសេនីយ៍​ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្ដាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​ហ្នឹង​មែន​។ ពេលនេះ ​លោក​កំពុង​ធ្វើការ​ស្រាវជ្រាវ​សិន​។​

ជនរងគ្រោះ​មាន ឈ្មោះ​ ព្រឿ​ន ហូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​រស់នៅ​ភូមិ​ល្វា ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​បាគង។ ​ប្រពន្ធ​ ឈ្មោះ ​ប៉ិក ថាច អាយុ​២៩​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

លោក​បន្ថែម​ថា ករណីនេះ​ ក្រុម​សមត្ថកិច្ច​ កំពុងតែ​បើក​ការស៊ើបអង្កេត យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

ប្រភព​បាន​ឲ្យ​ដឹង​ថា ករណីខាងលើ​នេះ ​អាចជា​រឿង​គំនុំ ព្រោះ​វត្ថុតាង​មួយចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា វា​មិនមែន​ជា​ករណី​ប្លន់​សម្លាប់​នោះទេ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114