ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​អង្គការ​ហេ​ហ្វឺ​កម្ពុជា ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដើម្បី​រាយការណ៍​ជូន​ជ្រាប​ពី​វឌ្ឍនភាព​

​ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី វេ​ង សាខុន នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ បាន​អនុញ្ញាត​លោកស្រី កែវ គៀង ប្រធាន​អង្គការ​ហេ​ហ្វឺ​កម្ពុជា និង​សហការី​ចូលជួប​ដើម្បី​រាយការណ៍​ជូនជ្រាប​ពី​វឌ្ឍនភាព​របស់​គម្រោង និង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ជាមួយ​ក្រសួង​នាពេល​អនាគត​។​

​លោកស្រី​បាន​ជម្រាបជូន​ឯកឧត្ដម​រដ្ឋមន្ត្រី​ថា អង្គការ​ហេ​ហ្វឺ​កម្ពុជា​បាននិងកំពុង​មាន​កិច្ចសហ​ប្រតិបត្តិការ​យ៉ា​ង​ល្អ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ទទួលបាន​ថវិកា​គាំទ្រ​ពី​កម្មវិធី​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​ដើម្បី​អនុវត្ត​គម្រោង​ស្តីពី “​ការលើកកម្ពស់​ទីផ្សារ​សម្រាប់​កសិករ​ខ្នាតតូច​” ក្នុង​ខេត្ត​គោលដៅ​ចំនួន​១១ គឺ​ ខេត្ត​កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ​។ គម្រោង​នេះ​ មាន​គោលបំណង​ជួយ​គាំទ្រ​ដល់​កសិករ​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ​ចំនួន​៣៥​ពាន់​គ្រួសារ និង​សហគមន៍​កសិកម្ម​ចំនួន​៦៤​សហគមន៍​។ កម្មវត្ថុ​ចំនួន​០៥ ដែល​អង្គការ​បាន​អនុវត្ត​គឺ​រៀបចំ​ទីផ្សារ​កសិផល ធានា​ និង​ផ្គត់ផ្គង់​អាហារូបត្ថម្ភ ផ្សព្វផ្សាយ​ពី​ការរស់នៅ​ប្រកបដោយ​អនាម័យ និង​ការប្រើប្រាស់​ទឹក​ស្អាត លើកកម្ពស់​យេនឌ័រ និង​ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ប្រកបដោយ​សមធម៌​។ អ្វី​ដែល​គួរ​ជាទី​មោទនៈ​នោះ ​គឺ បច្ចុប្បន្ន​តាមរយៈ​គម្រោង​នេះ ជា​មធ្យម​កសិករ​អាច​រកចំណូលបាន​ជាង​០៥​ពាន់​ដុល្លារ​ក្នុង​០១​ឆ្នាំ ក្រោយពេល​ដក​ថ្លៃដើម​រួច ដែល​ចំណូល​នេះ​បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​គាត់​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​។​

​មានប្រសាសន៍​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​អង្គការ​សម្រេច​បាន​នាពេល​កន្លងមក​។ សមិទ្ធផល​ទាំងនេះ​ បាន​ចូលរួមចំណែក​អភិវឌ្ឍ​សហគមន៍​កសិកម្ម បង្កើន​ប្រាក់ចំណូល​គ្រួសារ​តាមរយៈ​ការ​ជំរុញ​ផលិតភាព​ផលិតកម្ម​កសិកម្ម​សម​ស្រប ផលិត​ផលិត​ផល​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មានលទ្ធភាព​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​ខ្ពស់ និង​ជា​ពិសេស​បង្កើន​ប្រាក់ចំណូល​គ្រួសារ កាត់បន្ថយ​ភាព​ក្រីក្រ​ឆ្លើយតប​ទៅតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា សកម្មភាព​នេះ ​ក៏​ពិតជា​បាន​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​ចំពោះ​គោល​នយោបាយ​របស់​ក្រសួង​ផងដែរ ជាពិសេស​លើ​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម​ដោយ​ផ្តោតជាសំខាន់​លើ​ការលើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម ការប្តូរ​ពូជ​ដំណាំ​និង​សត្វ ការប្តូរ​មុខ​ដំណាំ ការប្រើ​បច្ចេកវិទ្យា​ និង​ធាតុ​ចូល​កសិកម្ម​សមស្រប និង​ជាពិសេស​ការបំពេញ​តម្រូវកា​រ ​នៃ​ទីផ្សារ​ទាំង​ក្នុង ​និង​ក្រៅប្រទេស ធ្វើបែបនេះ​គឺ​ដើម្បី​ដើរ​ឱ្យទាន់​បរិបទ​ថ្មី​នៃ​កំណើនសេដ្ឋកិច្ច កំណើនប្រជាជន និង​ទេសចរណ៍​។​

​នាឱកាស​នេះ​ផងដែរ ដើម្បី​ឲ្យ​គម្រោង​ទទួល​បាន​ជោគជ័យ​ថែម​មួយកម្រិត​ទៀត ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ផ្តល់​មតិ​ដល់​អង្គការ​ហេ​ហ្វឺ​កម្ពុជា និង​អង្គការ​ផ្សេងៗ​ទៀត​ដែល​កំពុង​អនុវត្ត​គម្រោង​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ឲ្យ​ពិចារណា និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់​ការគាំទ្រ ចំនួន​៤ ហើយ​កត្តា​ទាំងអស់​នេះ ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​សហការគ្នា​អនុវត្ត​ដោយ​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ខ្ពស់​ជាមួយ​ស្ថាប័ន​ជំនាញ និង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​សម្រេច​គោលដៅ​ជា​ប្រយោជន៍​ដល់​ប្រជាកសិករ​។ យោងតាម​សំណើ ឯកឧត្ដម​រដ្ឋមន្ត្រី​យល់ព្រម​ថា​នឹង​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​សមិទ្ធផល​របស់​គម្រោង​ជាក់ស្តែង​នៅតាម​បណ្តា​ខេត្ត​គោលដៅ​នាពេល​អនាគត​ដ៏​ខ្លី​។​

​ជាមួយគ្នានេះ លោកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​រដ្ឋមន្ត្រី​ដែល​បាន​ចំណាយ ពេលវេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​ក្រុមការងារ​បាន​ជួប​រាយការណ៍ ចែករំលែក​បទ​ពិសោធន៍ ហើយ​ឯកភាព​ទទួលយក​អនុសាសន៍​ដែលជា​ប្រយោជន៍​សម្រាប់​អង្គការ​យកទៅអនុវត្ត​បន្ត​ឲ្យ​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត​នាពេល​អនាគត៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114