ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ព្រឹទ្ធសភា ខេត្ត​ស៊ី​ឈួន ពិនិត្យ​លទ្ធភាព បញ្ជូន​អ្នកវិនិយោគ​ចិន មក​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​

ភ្នំពេញ ​៖ ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន បន្ត​ស្វះ​ស្វែងរក​មិត្តភ័ក្ដិ និង​ដៃគូ​ពាណិជ្ជកម្ម ក៏ដូចជា វិនិយោគិន​ជាតិ អន្តរជាតិ ឲ្យ​មក​រកស៊ី​នៅ​កម្ពុជា​បាន​កាន់តែច្រើន ដើម្បី​បន្ត​លើកកម្ពស់​សេដ្ឋកិច្ច​ប្រទេស និង ជីវភាព​ប្រសើរឡើងរ​បស់​ប្រជាពលរដ្ឋ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​ដល់​ប្រតិភូ នៃ​ព្រឹទ្ធសភា​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ឲ្យ​ពិនិត្យ​លទ្ធភាព ក្នុងការ​បញ្ជូន​អ្នក​វិនិយោគ​របស់ខ្លួន​មក​កម្ពុជាឲ្យ​បាន​កាន់តែច្រើន ខណៈ​ដែល​កម្ពុជា​កំពុងមាន​សក្ដានុពល ដើម្បី​ធ្វើការ​វិនិយោគ​ទទួលបាន​ផលចំណេញ​។​

ការស្នើ​បែបនេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៨​មេសា ខណៈដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ បានទទួល​ជួបពិភាក្សា និង ​ផ្លាស់ប្ដូរ​មតិយោបល់ លើ​វិស័យ​ពាណិជ្ជកម្ម ទំនាក់ទំនង​មិត្ត​ភាព និង​ទេសចរណ៍ ជាមួយ​ប្រតិភូ​ព្រឹទ្ធសភា​ខេត្ត​ស៊ី​ឈួន ដឹកនាំ​ដោយ ​លោក ជុង មាន អនុប្រធាន​ព្រឹទ្ធសភា នៃ​ខេត្ត​ស៊ី​ឈួន នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​ជាន់ខ្ពស់ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ រវាង កម្ពុជា និង ខេត្ត​ស៊ី​ឈួន ក្នុង​អំឡុង​ពេលដែល​លោក និង​ប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ​ដល់​ ថ្ងៃទី​២០​មេសា ​នៅក្នុង​ព្រះរាជា​ណា​ក្រ​កម្ពុជា​។​

លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​នៅពេលនេះ មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​ សម្ដេច តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដោយ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីកចម្រើន គួរឲ្យ​កត់សម្គាល់ ពិសេស​ជីវភាព​ប្រជាពលរដ្ឋ មាន​ភាពប្រសើរ​ឡើងជា​លំដាប់​។

តាមរយៈ​នេះ​ លោក ​ឃួ​ង ស្រេង បានស្នើ​ឲ្យ​លោក​អនុប្រធាន​ព្រឹទ្ធសភា នាំ​នូវ​ដំណឹង​នេះ ទៅ​ផ្សព្វ​ផ្សាយ​ដល់​ប្រជាជន និង​អ្នកវិនិយោគ​នៅ​ខេត្ត​ស៊ី​ឈួន ឲ្យ​មក​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ឲ្យ​បាន​ច្រើន​ថែមទៀត​។​

លោក ជុង មាន ក្នុងឱកាស​នោះ​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ​ធ្វើ​ឲ្យ​រាជធានី មានការ​រីក​ចម្រើន ជាពិសេស​សំណង់ អគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មធ្យោបាយ​ធ្វើដំណើរ និង​ហេដ្ឋា​រចនាសម្ព័ន្ធ មាន​ការ​រីក​ព្រោងព្រាត​យ៉ាង​ឆាប់រហ័ស​។ តប​តាម​សំណើ និង​សេចក្តីត្រូវការ​ខាងលើ ក្រុម​ប្រតិភូ​នឹង​នាំនូវ​ដំណឹង​ដ៏​ល្អ​នេះ ទៅ​ផ្សព្វផ្សាយ ក៏ដូចជា​ជំរុញ​ឲ្យ​អ្នកវិនិយោគ​ខេត្ត​ស៊ី​ឈួន បន្ត​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​។​

លោក​ ជុង មាន​ ក៏បាន​ជម្រាបជូន​ផងដែរ​ថា ក្នុង​ពេលនេះ ក៏មាន​ក្រុម​ប្រតិភូ​អ្នកវិនិយោគ​វ័យក្មេង​ខេត្ត​ស៊ី​ឈួន​ មួយក្រុម បាននិងកំពុង​ជួបពិភាក្សា​ជាមួយ​ដៃគូរ​វិនិយោគ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ឱកាស​មក​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នកវិនិយោគ កម្ពុជា និង​ខេត្ត​ស៊ី​ឈួន ដែលមាន​ការកើនឡើង​ជា​ហូរហែ រដ្ឋបាលខេត្ត​ស៊ី​ឈួន មាន​គម្រោង​បង្កើន​ជើង​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា ឲ្យ​បានជា​រៀងរាល់ថ្ងៃ ខណៈពេល​បច្ចុប្បន្ន មានការ​ហោះហើរ​ត្រង់​ចំនួន​៤​ជើង​ក្នុង​មួយ​សប្ដាហ៍​។​

ប្រធាន​ប្រតិភូ​បាន​បញ្ជាក់ថា អនុវត្តតាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ប្រទេស​ចិន​មាន​គោល​ដៅ​ចាប់យក​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​បូព៌ា ដែល​ត្រូវ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម ជាពិសេស​ជំរុញ​ទំហំ​ពាណិជ្ជកម្ម រវាង កម្ពុជា និង ខេត្ត​ស៊ី​ឈួន ឲ្យ​បាន​កើន​ឡើង​ថែមទៀត ស្រប​ពេល​បច្ចុប្បន្ន​មានតែ​ជាង​២​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។​

លោក​ប្រធាន​ប្រតិភូ​ ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋបាល​ខេត្ត​ស៊ី​ឈួន​ថា រដ្ឋបាល​ខេត្ត​ស៊ី​ឈួ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ ក្នុងការ​សម្របសម្រួល​ដល់​គម្រោង​នាំ​ផលិតផល​ពី​កម្ពុជា​ទៅកាន់​ខេត្ត​នេះ​។ លើសពីនេះ ក៏បាន​សន្យា​ទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​មក​កម្ពុជា​បាន​កាន់តែច្រើន ពិសេស​ក្រុម​ហ៊ុន​ទាំង​៧ ​ដែល​បាន​ចុះ​MOU​ ជាមួយ​កម្ពុជា លើ​វិស័យ​ទំនាក់ទំនង វប្បធម៌ ទេសចរណ៍ និង ហេដ្ឋា​រចនាសម្ព័ន្ធ រួចហើយនោះ​។​

លោក ​ជុង មាន ក៏បាន​សំណូមពរ​ឲ្យ​មាន​ការធ្វើទំនាក់ទំនង រវាង​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង មន្ត្រី​រដ្ឋបាល​ខេត្ត​ស៊ី​ឈួន ឲ្យ​បាន​យ៉ាង​ស្អិតរ​មួ​ត ហើយ​ចង់​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ រវាង រាជ​ធានី​ភ្នំពេញ​ និង​ទីក្រុង​ណាមួយ ​នៃ​ខេត្ត​ស៊ី​ឈួន និង បង្កើន​ការ​បណ្ដុះបណ្ដាល ការអប់រំ វប្បធម៌ និង​ទេសចរណ៍ ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ថែមទៀត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114