ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េ ​មក​បង្រៀន​ពី​វិធីសាស្ត្រ​ នៃ​ការ​បង្រៀន​បែប​ទំនើប​ ដល់​គ្រូ​ និង​សិស្ស​ នៅ​កម្ពុជា​

​ភ្នំពេញ ​៖​ គ្រូ​ជនជាតិ​កូរ៉េ​ចំនួន​១៤​រូប​ មក​បង្រៀន​ពី​វិធីសាស្ត្រ​ នៃ​ការបង្រៀន​តាមបែប​ទំនើ​ប​ដល់​គ្រូ​និង​សិស្ស​ នៅ​កម្ពុជា ​ដើម្បី​ឆ្លើយតប​ទៅតាម​ស្តង់ដារ​អប់រំ​ថ្នាក់​អន្តរជាតិ​។​

លោក​ បណ្ឌិត ម៉ុក សា​រ៉ុ​ម អគ្គនាយករង ​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ និង​ ជា​ជន​បង្គោល​កម្មវិធី​ផ្លាស់ប្ដូរ​គ្រូបង្រៀន​អន្តរជាតិ​កូរ៉េ កម្ពុជា​បាន​មានប្រសាសន៍ថា ​គ្រូ​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន​១៤​រូប ​នឹង​ចុះទៅ​បង្រៀន​នៅតាម​សាលារៀន​ចំនួន​៧ ​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​៤​ខែ​ ចាប់ពី​ខែមេសា ​ដល់​ខែកក្កដា ​ឆ្នាំ​២០១៩​ ដើម្បី​ជួយ​បង្រៀន​ពី​របៀប ​នៃ​ការបង្រៀន​ថ្មីៗ​ និង​អនុវត្ត​ជាក់ស្តែង​ លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​ដល់​គ្រូបង្រៀន​កម្រិត​បឋមសិក្សា ​រហូត​ដល់​កម្រិត​វិទ្យាល័យ​។​

ថ្លែង​នៅក្នុង​ពិធី​ទទួល​ស្វាគមន៍​គ្រូបង្រៀន​ជនជាតិ​កូរ៉េ​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​គ្រូបង្រៀន​កូរ៉េ​ និង​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៩​ ខែមេសា ​ឆ្នាំ​២០១៩​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក​បណ្ឌិត ម៉ុក សា​រ៉ុ​ម​បាន​បន្តថា​ គ្រូ​កូរ៉េ​ទាំង​១៤​រូបនោះ ​នឹង​ចុះទៅ​បង្រៀន​ផ្ទាល់​ដល់​គ្រូ​ និង​សិស្ស​នៅ​វិទ្យាល័យ​សន្ធរម៉ុក វិទ្យាល័យ ​ហ៊ុន សែន ​ប៊ុន រ៉ានី​ វត្តភ្នំ វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី សាលាបឋមសិក្សា​ចតុមុខ សាលា​បឋមសិក្សា​ចាក់អង្រែលើ សាលាបឋមសិក្សា ​ហ៊ុន សែន​ ពោធិចិនតុង ​និង​សាលា​បឋមសិក្សា​ឧកញ៉ា​មហា​ភក្តី​ហ៊ុន​នាង​ បឹងត្របែក​ខាងត្បូង​ ដោយ​ក្នុង​១​សាលាៗ​ដាក់​គ្រូ​កូរ៉េ​២​នាក់​។​

លោក​បានស្នើ​ឲ្យ​ក្រសួង​អប់រំ​កូរ៉េ​ ជួយ​បន្ថែមចំនួន​គ្រូបង្រៀន​មក​កម្ពុជា​ ដើម្បី​ឲ្យ​ក្រសួង​អា​ច​បញ្ជូន​គ្រូ​កូរ៉េ​ទៅ​បង្រៀន​ដល់​សិស្សានុសិស្ស​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​ ដែលមាន​សក្ដានុពល​ដូចជា​នៅ​ខេត្តសៀមរាប​ និង​ខេត្តបាត់ដំបង​ជាដើម​។​

កញ្ញា ​ហុង ស៊ូ​ល អ្នកជំនាញ​របស់​មជ្ឈមណ្ឌល​អប់រំ​ប៉ាស៊ីហ្វិក​សម្រាប់​ការយ ល់​ដឹង​សាកល​បាន​មានប្រសាសន៍ថា​គ្រូបង្រៀន​កូ​រ៉​ទាំងនេះ​នឹង​ជួយ​បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស​កម្ពុជា​ឲ្យ​មាន​ភាពក្លាហាន ចេះ​បញ្ចេញ​មតិយោបល់ ចេះ​រៀន​ដោយ​ខ្លួនឯង​និង​បង្រៀន​ឲ្យ​សិស្ស​ចេះ​អនុវត្ត​ជាក់ស្តែង​នៅក្នុង​ថ្នាក់​តែម្តង​តាមរយៈ​ការ​បញ្ចាំង​ស្លាយ​និង​សម្ភារៈ​ឧបទ្ទេស​ផ្សេងៗ ដើម្បី​ឲ្យ​សិស្ស​ឆាប់​យល់​និង​ចាប់បាន​មេរៀន​។​

កញ្ញា​បាន​បន្តថា ​ចំណែក​គ្រូ​កូរ៉េ​វិញ​ ក៏​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​ពី​ការបង្រៀន​នេះ ​ក៏ដូចជា​វប្បធម៌​ប្រពៃណី ​និង​ ទំនៀមទម្លាប់​របស់​ប្រទេស​កម្ពុជា​ផងដែរ​ ហើយនឹង​យក​បទពិសោធន៍​ទាំងនេះ​ទៅ​បង្ហាត់បង្រៀន​បន្ត​ដល់​សិស្ស​កូរ៉េ​ឲ្យ​ចេះ​ពី​របៀប​រស់នៅ​តាមបែប​ពហុវប្បធម៌​ផ្សេងៗ។​
​លោក អូ​ណាក់​យ៉ុង ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា ​«​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់​ចំពោះ​កម្មវិធី​ផ្លាស់ប្ដូរ​ការបង្រៀន​អន្តរជាតិ​រវាង​ប្រទេស​កូរ៉េ​ និង​ប្រទេស​កម្ពុជា​ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៧​មកហើយ ​ឆ្នាំនេះ​ គឺជា​ឆ្នាំ​ទី​៣​ហើយ​»​។​

លោក​មានជំនឿថា​ គ្រូ​កូរ៉េ​ទាំងនោះ​ នឹង​ដើរតួ​ដ៏​សំខាន់​មួយ​ក្នុងការ​ផ្សារភ្ជាប់​ចិត្ត​ និង​គំនិត​របស់​ប្រជាជន​កូរ៉េ​ និង​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាងនេះទៅទៀត​។​

លោក ​អ៊ឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​បាន​មានប្រសាសន៍ថា ​កម្មវិធី​ផ្លាស់ប្ដូរ​ការបង្រៀន​អន្តរជាតិ​រវាង​ប្រទេស​កូរ៉េ​ និង​ប្រទេស​កម្ពុជា​នេះ ​នឹង​ជួយ​ផ្តល់នូវ​បទពិសោធន៍​បែប​ស្ថាបនា​ដល់​គ្រូបង្រៀន​កូរ៉េ​និង​កម្ពុជា​ឲ្យ​យល់ដឹង​ពី​ប្រព័ន្ធ​អប់រំ​គ្នា​ទៅវិញទៅមក ស្វែងយល់​ពី​វប្បធម៌​គ្នា​ឲ្យ​បាន​ស៊ីជម្រៅ កសាង​សមត្ថភាព​ទំនាក់ទំនង​គ្នា​តាមបែប​អន្តរ​វប្បធម៌​ក្នុងការ​បង្រៀន​ដោយ​សងការ​ជាមួយ​គ្រូ​ម្ចាស់ផ្ទះ ចែករំលែក​ចំណ​វ​ដឹង​និង​ជំនាញ​គោ​រុ​កោសល្យ​តាមរយៈ​ដំណើរការ​បង្រៀន​ និង​រៀន​និង​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​គ្នា​ក្នុង​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំងពីរ​។​

លោក​សង្ឃឹមថា ​កម្មវិធី​ផ្លាស់ប្ដូរ​ការបង្រៀន​អន្តរជាតិ​រវាង​ប្រទេស​កូរ៉េ ​និង​ប្រទេស​កម្ពុជា​នេះ​ គឺជា​កិច្ចសហការ​មួយ​ដ៏​ចាំបាច់​ និង​បន្ទាន់​ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ​ប្ដូរ​មូលធន​មនុស្ស​របស់​កម្ពុជា ​ដែល​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​សេចក្តីត្រូវការ​ក្នុងស្រុក ក្នុង​តំបន់ ​និង​សាកលលោក​ដែល​កំពុងតែ​វិវត្តន៍​ឥតឈប់ឈរ​និង​ឆាប់រហ័ស​។​

គួរ​បញ្ជាក់ថា​ កម្មវិធី​ផ្លាស់ប្ដូរ​គ្រូបង្រៀន​របស់​ក្រសួង​អប់រំ​កូរ៉េ​នេះ​ កម្ពុជា​ ជា​ប្រទេស​ចុងក្រោយ​គេ​ដែល​ក្រសួង​អប់រំ​កូរ៉េ ​ទើបបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ ​រយៈ​ពេល​៥​ឆ្នាំ បន្ទាប់ពី​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឡាវ វៀតណាម មី​យ៉ាន់​ម៉ា ថៃ ​និង ​ប្រទេស​ហ្វីលីពីន​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114