ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ត្រូវ​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជា​ចាំបាច់ សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង

​ភ្នំពេញ ​៖ ការប្រកាស​បន្ត​គាំទ្រ​លើ​វិធានការ និង​ផែនការ​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដើម្បី​រួមចំណែក​លើកកម្ពស់​ប្រកួតប្រជែង​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ ២០១៩ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែលជា​ចន្ទល់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ឲ្យ​កាន់តែ​រឹងមាំ និង​និរន្តរភាព ហើយដោយ​សា​ផលិតផល​ទេសចរណ៍​កម្ពុជា​នៅ​មាន​កម្រិត បើ​ធៀប​នឹង​ប្រទេសជិតខាង​ក្នុង​តំបន់ កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជា​ចាំបាច់ សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេស​ទេសចរណ៍ បែប​វប្បធម៌ និង​ធម្មជាតិ ដែលជា​ផលិតផល​ឈានមុខ​របស់​កម្ពុជា​។ ជាមួយគ្នា​នោះ ក្រសួងទេសចរណ៍ បានរៀបចំ​វិធានការ​ក្នុងការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​, ការលើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​, បុគ្គលិក​ម្នាក់​ជំនាញ​មួយ និង​ទេសចរណ៍​វៃឆ្លាត (Smart Tourism) ជាដើម។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ គឺជា​បទដ្ឋាន​នៃ​សេវា​ទេសចរណ៍​ឲ្យ​ស្រប​តាម​ស្តង់ដារ​អាស៊ាន ស្រប​ពេល​ដែល​ទស្សនវិស័យ​នៃ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ ជា​ការ​គិតគូរ​ថ្មី​សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តាមរយៈ​ការ​បង្កើ​ន​ចំនួន និង​គុណភាព​នៃ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍។

ជា​មួយ​គ្នា​នេះ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វៃឆ្លាត សំដៅ​ដល់​ធ្វើ​ឌីជីថល​រូបនីយកម្ម (Digitalization) ក្នុង​ដំណើរការ​នៃ​ការគ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​, ការ​ធ្វើដំណើរ​, បដិសណ្ឋារកិច្ច​, និង​ឧស្សាហកម្ម​ម្ហូបអាហារ ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​អភិក្រម​៤ ដែល​ជា​គោលការណ៍​គ្រឹះ​នៃ​ផែនការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ រួមមាន ការ​ពង្រឹង​យន្តការ​ស្ថាប័ន​, ការ​ផ្សព្វផ្សាយ​ក្នុងប្រទេស និង​ក្រៅប្រទេស និង​ការសម្រួល​ការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរណ៍។

ជា​លទ្ធផល អង្គ​ប្រជុំ​បាន​គាំទ្រ​ចំពោះ​វិធានការ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងទេសចរណ៍ និង​បានស្នើ​ឲ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម និង​គាំទ្រ នៅ​គ្រប់​យន្តការ​ទាំងអស់ រួម​ទាំង​យន្តការ​គណៈកម្មាធិការ និង​ក្រុមការងារ ដែលមាន​ជា​ធរមាន ដើម្បី​សម្រួល​ដល់​ការប្រតិបត្តិ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​មាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ប្រកប ដោយ​ស័ក្តិសិទ្ធិ​ភាព​។

តាម​ស្មារតី​នៃ​អនុក្រឹត្យ​លេខ ៤០ អនក្រ​.​បក ស្តី​ពី​តំបន់​ទេសចរណ៍​ពិសិដ្ឋ ចុះ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៩ កន្លងមក អង្គប្រជុំ គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ពិសិដ្ឋ និង​បាន​លើកទឹកចិត្ត​ឲ្យ​មាន​ការសិក្សា​ស៊ីជម្រៅ​មុននឹង​ឈាន​ដល់​ការអនុវត្ត​គម្រោង​ពាក់ព័ន្ធ​នានា ដោយមាន​ការ​គិតគូរ​បង្កើត​ជា​យន្តការ និង​នីតិវិធី​ជា​កញ្ចប់ សំដៅ​សម្រួល និង​បង្កើន​ប្រសិទ្ធភាព​នៃ​ដំណើរការ​អនុវត្ត​គម្រោង​តំបន់​ទេសចរណ៍​ពិសិដ្ឋ ជាពិសេស គម្រោង​ទេសចរណ៍​ផ្ទះ​ទី ២ សម្រាប់​ទេសចរ​វ័យ​ចំណាស់។ ការអនុវត្ត គួរ​ចាប់ផ្តើម​ពី​កម្រិត​សាកល្បង​មុននឹង​ឈាន​ដល់​ទ្រង់ទ្រាយ​ធំ។

ក្នុង​ស្មារតី​នេះ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បន្ត​ចូលរួម​ចំណែក​ផ្តល់​កិច្ចសហការ និង​ការ​គាំទ្រ​ក្នុង​គ្រប់​ទិដ្ឋភាព រាប់ទាំង​ហិរញ្ញវត្ថុ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ពិសិដ្ឋ ទទួលបាន​ជោគជ័យ។

ចំពោះ​ការ​ផ្តួចផ្តើម​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​អាទិភាព​នានា អង្គ​ប្រជុំ​បាន​ពិភាក្សា និង​ឯកភាព​ជា​គោលការណ៍​ថា ត្រូវមាន​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍ និង​ផែនការ​វិនិយោគ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។ ផែនការមេ នឹង​រួមចំណែក​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សកម្មភាព​អាជីវកម្ម​គាំទ្រ ជាពិសេស សហគ្រាស ធុន​តូច និង​មធ្យម។ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​, គណៈកម្មាការ​អភិឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​ក្រុមការងារ​ពាក់ព័ន្ធ​ដ៏​ផ្សេងទៀត នឹង​បន្ត​ជ្រោមជ្រែង ជំរុញ និង​គាំទ្រ លើ​វិធានការ និង​ផែនការ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ឲ្យ​អស់ពី​សក្តានុពល ក្នុង​គោលដៅ​រួមចំណែក​លើកកម្ពស់​ភាព​ប្រកួតប្រជែង​វិស័យ​ទេសចរណ៍​កម្ពុជា​។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ គ​.​ស​.​ហ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ និង​បាន​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​ដូចជា​ទី​១. វិធានការ​ចាំបាច់​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ ទី​២. ការជំរុញ​លើកទឹកចិត្ត​ដល់​គោលនយោបាយ​ទេសចរណ៍​ផ្ទះ​ទី ២ សម្រាប់​ទេសចរ​វ័យ​ចំណាស់ និង​ទី​៣. ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​ខេត្តមណ្ឌលគិរី ឲ្យ​ទៅជា​តំបន់​ទេសចរណ៍​សមាហរណកម្ម​ពិសេស និង​ការរៀបចំ​ផែនការមេ និង​ផែនការ​សកម្មភាព​ជំរុញ​អភិវឌ្ឍ​ខេត្ត​កែប ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114