ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គរក្ស​លោក​អភិបាលខណ្ឌ​ពោធិ៍សែន​ជ័យ ​សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ពេក​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង

ភ្នំពេញ ​៖​ បុរស​ជា​អង្គរក្ស​អភិបាលខណ្ឌ​ពោធិ៍សែន​ជ័យ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ​ដោយ​គេ​សង្ស័យ​ស្រវឹង​ស្រា​បើកបរ​ម៉ូតូ​ស្កូពី​មួយ​គ្រឿង​តែ​ម្នាក់​ឯង ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នក​បើកបរ​បោក​ក្បាល​នឹង​បង្គោល​ភ្លើង​បំភ្លឺ​បែក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​​កើតហេតុ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ខាងជើង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌ​ឫស្សីកែវ។

ជនរងគ្រោះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​យឿន​ យ៉​ន​ ហៅ​ពុត សុជាតិ ​អាយុ​៣៣​ឆ្នាំ ​ស្នាក់នៅ​ផ្ទះ​ជួល​ខណ្ឌ​ពោធិ៍សែន​ជ័យ​ មាន​ស្រុកកំណើត​ខេត្ត ស្ទឹងត្រែង​ អតីត​កីឡាប្រដាល់​និង​ជា អង្គរក្ស​លោក​ហែម​ដា​រិត​អភិបាលខណ្ឌ​ពោធិ៍សែន​ជ័យ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​អោយ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​ខាង​លើ​ បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដា​ស្កូពី​ ស៊េរី​០១៩ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HO-8788​ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ និង​ក្នុង​ល្បឿន​យ៉ាង​លឿន ថែមទាំង​មាន​ដឹង​ស្រា​បៀរ Heineken​ដប​ចំនួន​២​កេស​ដាក់​នៅ​ខាង​មុន​ទៀត​ផង។ លុះ​មកដល់​ចំណុច​កើត​ហេតុ​ សង្ស័យ​បុរស​រងគ្រោះ​ទំនងជា​ស្រវឹង​ស្រា ​​​ក៏​ស្រាប់តែ​បើក​ម៉ូតូ​រេ​ចង្កូត​ទៅ​ខាង​ឆ្វេង​​ ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​រង​ខូចខាត​បែក​កាបាំង​ខាងមុខ។ រីឯ​បុរស​រងគ្រោះ​ ដែល​ជា​អ្នក​បើកបរ​ម៉ូតូ​ខាង​​លើ ​បាន​បោក​ក្បាល​ជាមួយ​នឹង​បង្គោល​ភ្លើង​បំភ្លឺ ដែល​នៅ​ចំ​កណ្ដាល​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បែក​ក្បាល​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​នោះ ​ក៏​ស្រាប់តែ​លេច​មុខ​ជន​ឆ្លៀតឱកាស​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មក​ឈប់​នៅ​កន្លែង​កើតហេតុ រួច​ក៏​ឆ្លៀតឱកាស​ចុះទៅ​លូក​ហោប៉ៅ​ខោ​សព​បុរស​រងគ្រោះ​លួច​យក​កាបូប​លុយ​ និង​ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​បាន​សម្រេច ​ហើយ​ក៏​ឡើង​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់ស្រមោល​​​ទៅ។ ក្រោយមក​​ ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មកដល់​កន្លែង​កើតហេតុ ពេលនោះ​សមត្ថកិច្ច​ក៏បាន​​ធ្វើ​ការ​ឆែកឆេរ​​លើ​​ខ្លួន​ជនរងគ្រោះ​ដើម្បី​រក​អត្តសញ្ញាណ ​ស្រាប់តែ​​ឃើញ​នៅសល់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ទៀត​ម៉ាក សាំ​សុង ប៉ុន្តែ​សមត្ថកិច្ច​មិន​​ធ្វើ​ការឆែកឆេរ​ទូរស័ព្ទ​នោះ​បាន​នោះ​ទេ ព្រោះតែ​ជាប់​លេខ​សម្ងាត់។

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​អោយ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ រង់ចាំ​ចាត់ការ​បន្ត។ ចំណែក​ឯ​សព​ជនរងគ្រោះ​ ដោយ​មិន​អាច​​ធ្វើ​ការទាក់ទង​ស្វែងរក​សាច់ញាតិ​ឃើញ សមត្ថកិច្ច​ក៏បាន​យក​សព​បុរស​រងគ្រោះ​ទៅ​តម្កល់​នៅ​វត្ត ទួល ព្រឹកឡើង​​ឡើងសាច់​ញាតិ​និង​លោក​អភិបាលខណ្ឌ​ពោធិ៍សែន​ជ័យ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​នៅ​វត្ត​ពោធិចិនតុង៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114