ព័ត៍មានទាន់​ហេតុការណ៏
Search

សង្ក្រាន្ត​ឆ្នាំ​ថ្មី ២០១៩ ខេត្ត​កំពង់ឆ្នាំង រយៈពេល​៣​ថ្ងៃ​ មាន​ភ្ញៀវ​ចូលរួម​កម្សាន្ត​ក្នុង​ខេត្ត​ជាង​២៨​ម៉ឺន​នាក់​ កើនឡើង​ជាង​ឆ្នាំ​ចាស់​៤៥​ភាគរយ ​

កំពង់ឆ្នាំង ៖ តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង នៅ​ក្នុងឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ 2019 លើ​ទឹកដី​នៅក្នុង​ខេត្តកំពង់ឆ្នាំង កន្លងទៅ​ថ្មីៗ​នេះ មាន​ភ្ញៀវ​ជាតិ​មកលេង​កម្សាន្ត​ជាង​២៨​ម៉ឺន​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ជាង​១​ពាន់​នាក់ បាន​ទៅលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ទឹកធ្លាក់ រមណីយដ្ឋាន​វត្ត​អារាម​បុរាណ​នានា និង​ជាពិសេស​ការរៀបចំ​សង្ក្រាន្ត​នៅមុខ​សាលាខេត្ត​កំពង់ឆ្នាំង ។

​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង កាលពី​ល្ងាច​ថ្ងៃទី​១៩​មេសា​នេះ បាន​បញ្ជាក់​ថា​ តាម​ការណែនាំ​ពី​ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត ស្តីពី​ការពង្រឹង​គុណភាព ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ មន្ទីរ​ពាក់ព័ន្ធ​រួមមាន​ មន្ទីរ​ទេសចរណ៍ មន្ទីរ​វប្បធម៌​ និង​មន្ទីរ​ព័ត៌មាន ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅនេះ ​បានរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្រោម​ប្រធានបទ​( សង្ក្រាន្ត​ឆ្នាំ​ថ្មី លើក​តម្លៃ​សន្តិភាព វប្បធម៌ និង​ប្រពៃណី​ថ្កើងថ្កាន )​ដោយមាន​ភ្ញៀវ​ទេសចរ​ជាតិ ចូលរួម​លេង​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​នានា តាម​វត្ត​អារាម និង មុខ​សាលាខេត្ត​កំពង់ឆ្នាំង មាន​ចំនួន​២៨២.៨៦៧​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១១១២.​នាក់ ​ក្នុងនោះ​មាន នៅ​បរិវេណ​ទីលាន​បាល់ទាត់​នៅមុខ​សាលាខេត្ត​កំពង់ឆ្នាំង​មាន​ចំនួន​១៧៤. ៧២៣​នាក់។​

ដោយឡែក ក្រៅពីនោះ​មាន​ភ្ញៀវ​ទៅលេង​កម្សាន្ត តាម​សួនច្បារ​ផ្សារ​ក្រោម សួន​វិមានឯករាជ្យ រមណីយដ្ឋាន​ទឹកធ្លាក់ វត្ត​បុរាណ និង​រមណីយដ្ឋាន​កើតចេញពី​ការអភិវឌ្ឍ​ធារាសាស្ត្រ សរុប​២៣​កន្លែង​មាន​ចំនួន​១០៨.១៤៤​នាក់។ សរុប​រួមទាំង​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តជាតិ រយៈពេល​សង្ក្រាន្ត​ឆ្នាំ​ថ្មី​កន្លង​ទៅនេះ មាន​ចំនួន​២៨៣.៩៧៩​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​កន្លងទៅ​ ដែលមាន​ភ្ញៀវ​ចំនួន​តែ​១៥២.៨០២​នាក់ គឺ​ភ្ញៀវ​ទេសចរ​បានកើត​ឡើង​៤៥,៩៨% ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បានបញ្ជាក់​ថា ​មូលហេតុ​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង គឺ​ដោយ​សារ​កត្តា​ច្រើន​យ៉ាង​ដូចជា ការយកចិត្តទុកដាក់​ពី​អាជ្ញាធរខេត្ត ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រៀបចំ​ព្រឹត្តិការ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​ជាង​ឆ្នាំ​បណ្តា​ឆ្នាំមុនៗ។

ម្យ៉ាងទៀត ​គឺ​ដោយសារតែ ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ គួបផ្សំ​នឹង​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធូរធារ ទើប​ធ្វើឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​ឆ្នាំនេះ​កើន រហូតដល់​ជាង​៤៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ កន្លងទៅនេះ។ ដោយឡែក ចំនួន​ភ្ញៀវ​ទេសចរ នឹង​កើន​ឡើង​ជាងនេះ​ទៀត ព្រោះ​ក្រោយពេល​ចូលឆ្នាំថ្មី​ហើយ ភ្ញៀវ​នៅ​បន្ត​លេង​កម្សាន្ត រហូត​ដល់​ថ្ងៃ​ទី​១៨​មេសា ដោយសារ​តាម​ទម្លាប់​ប្រពៃណី​ភូមិ​/ឃុំ​ និង​តាម​វត្ត​អារាម​មួយ​ចំនួន នឹង​បន្ត​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ក្រោយ​គេ​ជា​បន្តបន្ទាប់​ទៀត៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114