ព័ត៍មានទាន់​ហេតុការណ៏
Search

អូន​ស្ម័គ្រ បង​ស្មោះ តែ​ទាស់​ចាស់ៗ​ចិត្ត​ប្រែ​ ប្ដូរ​ផ្លាស់​ប្ដឹង​បង​ដាក់គុក​បាត់​

​កណ្ដាល ៖ យុវជន​សក់សេះ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​បញ្ជា​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តកណ្ដាល​ ពាក់ព័ន្ធ​បទល្មើស​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ​ឈ្មោះ ជា វ៉ាន់​ដេ​ត អាយុ​២៧​ឆ្នាំ រស់នៅ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង គ្មាន​មុខរបរ​ពិត​ប្រាកដ។​

ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី១៩​ ខែ​មេសា ឆ្នាំ​២០១៩ បន្ទាប់ពី​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​ទៅ​ដាក់ពាក្យ​ប្ដឹង។​

ចំពោះ​ករណី​រួមភេទ​ជាមួយ​អនីតិជន​ អាយុ​ក្រោម​១៥​ឆ្នាំនេះ បាន​កើត​ឡើង តាំងពី​យប់​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៩ មក​ម្ល៉េះ តែ​ម្តាយ​ក្មេងស្រី​ទើប​ប្តឹង​នគរបាល​ស្រុក​ស្អាង​ កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩។​

លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បញ្ជាក់ថា ជនរងគ្រោះ​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ នាង​មាន​មុខរបរ​ជា​កម្មការិនី​រោងចក្រ ត្រូវ​បាន​ជនសង្ស័យ​លួងលោម​យកទៅ​រួមភេទ​បានសម្រេច ដែល​ករណីនេះ​សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​នៅឡើយ។

លោក​អធិការ​បន្តថា កន្លងមក​អ្នក​ទាំងពីរ​ធ្លាប់​ទាក់ទង​ស្រលាញ់គ្នា។ លុះដល់​យប់​កើត​ហេតុ​មុន​ថ្ងៃ​ចូលឆ្នាំ​ ជនសង្ស័យ​បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ទៅលេង​ផ្ទះ​របស់ខ្លួន ហើយ​បាន​រួមភេទ​ជាមួយគ្នា​ក្នុង​១​យប់​២​ដង រយៈពេល​៦​ថ្ងៃ​កន្លងមកហើយ ហើយ​ម្ដាយ​ជនរងគ្រោះ​ទើបតែ​ដឹង​ ក៏​ដាក់ពាក្យ​ប្ដឹង​តែម្ដង ។​

ជនសង្ស័យ ជា វ៉ាន់​ដេ​ត បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​ពិតប្រាកដ​មែន ប៉ុន្តែ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ ពោលគឺ កើត​ចេញពី​ការព្រមព្រៀង និង​ស្រលាញ់គ្នា​ប៉ុណ្ណោះ។​

យោងតាម​ច្បាប់​ស្ដីពី​ការប្រឆាំង​ការជួញដូ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​លើផ្លូវ​ភេទ ការ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ទោះបី​កើតចេញពី​ការព្រមព្រៀង​ក៏ដោយ ក៏​ជន​ដែល​ប្រព្រឹត្ត​មានទោស​ព្រហ្មទណ្ឌ​ដែរ។​

មាត្រា​៤២ នៃ​ច្បាប់​ ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ឆ្នាំ​២០០៨ ចែង​ថា ជន​ណា​រួមភេទ​ជាមួយ​ជន​ដទៃ ដែលមាន​អាយុ​តិចជាង​១៥​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ​១០​ឆ្នាំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114