ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​អន្តោប្រវេសន៍​ បញ្ជូន​បុរស​ជនជាតិ​វៀតណាម​១២​នាក់​ ទៅ​តុលាការ​ រឿង​ឆ្លងដែន​ចូល​ទឹកដី​ខេត្ត​រតនគិរី​ខុសច្បាប់​

​រតនគិរី ​៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩​នេះ ​បាន​បញ្ជូន​បុរស​វៀតណាម​១២​នាក់ ​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា ​ដោយ​ខុសច្បាប់​។

​សូម​រំលឹកថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្តរតនគិរី បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​១២​នាក់ និង​ដកហូត​គ្រឿងចក្រ​ចំនួន​០៦​គ្រឿង កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅនេះ នៅ​ចំណុច​ក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុ​ភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរ​ជ័យ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​កម្ទេច​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​វរជ័យ​។​

​យោងតាម​ឯកសារ​ដែល​សមត្ថកិច្ច​រកឃើញ​បាន​បញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង​១២​នាក់ បាន​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា ​តាមរយៈ​ ឈ្មោះ សេក វិ​រៈ ជា​តំណាង​ក្រុមហ៊ុន នុ​ភាព សុ​ភី និង​ឈ្មោះ VO NGU YEVSA ជា​ជនជាតិ​វៀតណាម​។​

​ក្រុម​ជនសង្ស័យ​បាន​ឆ្លង​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ តាម​ច្រក​ក្នុងព្រៃ​ចំណុច​បង្គោល​ការពារ​ព្រំដែន​លេខ​១៤ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៥ (​ប៉ុស្តិ៍​ភូមិ​ចង​) ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន លេខ​៧១១ ស្រុក​ម៉​រៃ ខេត្ត​ក​ន្ទូ​ម ប្រទេស​វៀត​ណាម​។​

​ប្រភពពី​មន្ត្រី​ខេត្ត​រតនគិរី​បាន​បង្ហើប​ថា ក្រុម​ជនសង្ស័យ​ទាំង​១២​នាក់​ កំពុងមាន​អ្នករត់​ការដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ព្រោះតែ​ពួកគេ​អាច​ចូល​ទឹកដី​កម្ពុជា​បាន​ដោយសារ​តែមាន​ការបើក​ភ្លើង​ខៀវ​ពី​មន្ត្រី​ពាក់ព័ន្ធ​ដែល​ការពារ​នៅ​ឧទ្យាន​ជាតិ​វរជ័យ​។​

​ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី នៅ​ពុំទាន់​អាច​សុំ​ការបញ្ជាក់​ពី​ លោក ជា ពេជ្រ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី អំពី​ចំណាត់ការ​លើ​សំណុំ​រឿងនេះ​បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទដៃ​របស់លោក​ហៅចូល ប៉ុន្តែ​គ្មាន​អ្នកទទួល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114