ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ស្រុក​ជីក្រែង​

​សៀមរាប ៖ លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា កាលពីវេលា​ម៉ោង​០២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ​រវាង​រថយន្ត​ និង​ម៉ូតូ នៅ​ចំណុច​លើផ្លូវ​ជាតិ​៦ ស្ថិត​ក្នុង​ភូមិ​យាង ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​នៅនឹងកន្លែង និង មនុស្ស​ម្នាក់ទៀត បាន​រង​របួស​ធ្ងន់។

​លោក សុខ សុទ្ធា​វុ​ធ បាន​ឲ្យ​ដឹង​ទៀតថា ករណី​ខាង​លើ​នេះ រថយន្ត​ម៉ាក​កូរ៉េ ពណ៌​ស ប្រភេទ​ដឹក​ទំនិញ​2.5​តោន ពាក់​ស្លាក​លេខ​សៀមរាប 3A.2212 ជិះ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​បាន​គេចខ្លួនបាត់​ ក្រោយពេល​កើតហេតុ និង​បើកក្នុង​ល្បឿន​លឿន​ ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ជាន់​ហ្វ្រាំង​មិន​ស៊ី បាន​បុក​ម៉ូតូ​ពី​ក្រោយ ​ម៉ាក​ C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1X.0417 ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ មុំ ស៊ីដា​ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ស្លាប់​នៅនឹងកន្លែង និង​អ្នករួមដំណើរ​ ឈ្មោះ ម៉ៅ សិលា ភេទ​ស្រី អាយុ​១៦​ឆ្នាំ បាន​រងរបួស​ធ្ងន់ ដែល​អ្នក​ទាំងពីរ មាន​ទីលំនៅ​ភូមិ​ក្រូច ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង។​

​លោក សុខ សុទ្ធា​វុ​ធ បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្រោយ​ពេល​កើត​ហេតុ កម្លាំង​នគរបាល​ជំនាញ​បាន​ចុះទៅពិនិត្យ​ និង​ធ្វើការ​វាស់វែង ហើយ​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​មាន រថយន្ត​ និង​ម៉ូតូ​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​ទៅតាម​នីតិវិធី​បន្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114