ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សង្ក្រាន្ត​សប្បុរសធម៌​ដើម្បី​គន្ធបុប្ផា និង​ បំបែក​កំណត់ត្រា​ប្រចាំ​ឆ្នាំ ​ប្រជុំ​តារា​ល្បីៗ​ខ្មែរ​ប្រមាណ​១០​រូប​

ភ្នំពេញ ​៖​ តារា​ប្រុស​-​ស្រី​ល្បីៗ​របស់​ខ្មែរ​ប្រមាណ​១០​រូប ​បាននាំគ្នា​ឡើង​យន្តហោះ​ទៅ​ចូលរួម​បំបែក​កំណត់ត្រា​ប្រចាំឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សង្ក្រាន្ត​សប្បុរសធម៌​ ដើម្បី​ស្វែងរក​ជំនួយ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។​

នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ ​ត្រូវ​បាន​រំពឹង​ថា មាន​អ្នកចូលរួម​រាំ​ចង្វាក់ រាំវង់ មាន​វង់​ធំជាងគេ​លើ​ពិភព​លោក ដែល​មាន​តារា​ចម្រៀង​ល្បី​ក្នុងប្រទេស​កម្ពុជា​ចំនួន​១០​រូប ដឹកនាំ​ដោយ លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា បាន​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង​ដោយ​សុវត្ថិភាព​ហើយ ដូចនេះ​បងប្អូន​ខ្មែរ អាច​ចូល​រួម​រាំ​កម្សាន្ត​លេង​ឲ្យ​បែក​អាចម៍​ក្លៀក ដោយ​សេរី។

​ក្រុម​តារា​ល្បីៗ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​ នៃ​ការប្រគំ​តន្ត្រី​ខ្នាត​យក្ស​ខាងលើ ​ពួកគេ​បាន​ចេញទៅ​តាំងតែ​ពីថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ២០១៩​មក​ម្ល៉េះ ដោយនៅ​ក្នុងនោះ​គ្រាន់តែ​ចូល​ទៅដល់​ទឹកដី​កូរ៉េ​ភ្លាម ត្រូវបាន​អ្នក​រៀប​ចាំ​កម្មវិធី ​និង អ្នកគាំទ្រ​របស់​ពួកគេ​ទទួល​យ៉ាង​កក់ក្ដៅ​បំផុត​។

​តារា​ល្បីៗ​មកពី​ប្រទេស​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​មានដូចជា ៖​ កញ្ញា ឡូ រ៉ា​ម៉ម​, លោក ខេ​ម​,​លោក វុ​ទ្ធា​, កញ្ញា បាន ម៉ុ​ន្នី​ល័​ក្ខ​,​លោក ចាន់ សម័យ​, ក​ញ្ញ៉ា យូ​រី​, លោក Bmo លោក Tampo,​ពិធីករ កំពូល​កូ លោក ប៉ែន​ចំ​រ៉ុង និង លោក យឹម តា​ស្រង់ និង​ដឹកនាំ​លើ​ការប្រគំ​តន្ត្រី​នេះ​។

ការប្រគំ​តន្ត្រី​ខាងលើ ធ្វើឡើង​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ដោយ​មិនមាន​​ការលក់​សំបុត្រ​ឡើយ គឺ​បងប្អូន​ពលករ​ខ្មែរ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​។​ទីតាំង​នេះ​ធ្វើការ​ប្រគំ​តន្ត្រី​នៅ​ល្ងាច​នេះ​តែម្ដង ទីកន្លែង ​នៃ​ការ​ប្រគំ តន្ត្រី​របស់​យើង​ធ្វើ​នៅ ទីក្រុង ប៊ូសាន សួនឧទ្យាន សាម​ណាក់​ក្បែរ​ស្ថានីយ​រថភ្លើង​សា​សាង ​ឬ​តាម​អាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់ពី​ម៉ោង​៤​ល្ងាច ​ដល់​ម៉ោង​១០​យប់។​

​តាម​ការរំពឹងទុក ព្រឹត្តិការណ៍​ខាងលើ នឹង​មាន​បងប្អូន​ខ្មែរ​ទៅ​ចូលរួម​ទស្សនា​ច្រើន​ម៉ឺន​នាក់ ហើយ​អាច​ស្វែងរក​មូលនិធិ​បាន​ច្រើន ដើម្បី​យកមក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​កំពុង​ខ្វះខាត​។

ក្រៅពីនោះ ​សកម្មភាព​ នៃ​ការ​រាំលេង របស់​បងប្អូន នឹង បន្សល់​នៅ​វីដេអូ MV ដ៏​អស្ចារ្យ ទុកជា​អនុស្សាវរីយ របស់​ខ្មែរលើ ទឹកដី កូរ៉េ ដែល​មិន​ធ្លាប់មាន​ថែមទៀត​ផង​៕