ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ក្រុម​ភ្នំពេញ​ក្រោ​ន «​ព្រះខ័ន​រាជ​ស្វាយរៀង​ការពារ​សំណាញ់​ទី​បានល្អ តែ​យើង​មាន​ខ្សែប្រយុទ្ធ​ល្អៗ​ច្រើន​»

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ ទី​២១ ខែមេសា ឆ្នាំ​២០១៩ នេះ​ក្នុង​សប្ដាហ៍​ទី​៤ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) រដូវ​កាល​ឆ្នាំ​២០១៩ ខណៈ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។

​ទន្ទឹមនឹង​គ្នា​នេះ​ដែរ ​កីឡាករ អ៊ុក សុធី ដែលជា​ប្រធាន​ក្រុម​ភ្នំពេញ​ក្រោ​ន មាន​រហស្សនាម​ថា Messi បាន​លើក​ឡើង​ទៅ​ទស្សនៈ​របស់​ខ្លួន​មុន​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ព្រំដែន​កម្ពុជា​-​វៀតណាម​ថា​ក្រុម​ទាំងមូល​មានការ​រៀបចំ​បាន​ល្អ បើទោះបី​ជាមាន​ការឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃ​ក្តីនា​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ក្តី​។ ខ្សែបម្រើ​កណ្តាល​រូប​នេះ​បាន​លើកឡើង​ថា « ក្រុម​កីឡាករ​របស់​យើង​មានការ​ត្រៀមខ្លួន​បាន​ល្អ ព្រោះ​ពួក​យើង​បាន​សម្រាក​នៅ​ពេល​ចូលឆ្នាំ​ខ្មែរ ហើយ​ក្រោយមក​ពួក​យើង​ក៏បាន​ចូលធ្វើការ​ហ្វឹកហាត់​វិញ​ត្រឹមត្រូវ នឹងមាន​ពេលវេលា​គ្រប់​គ្រាប់​សម្រាប់​ការត្រៀមខ្លួន​ប្រកួត​នេះ​ផងដែរ​»​។

កីឡាករ​ដែល​មាន​ប្រភព​ពី​ខេត្តបាត់ដំបង រូប​នេះ​បន្ត​ថា ​«​តាមរយៈ​ការប្រកួត​របស់​ក្រុម​ស្វាយរៀង នា​ពេល​កន្លងមក​គឺ​ពួកគេ​មានការ​ការពារ​ល្អ ដោយ​មិនទាន់​មាន​ក្រុម​ណា​ទាត់​បញ្ចូល​ទី​ពួកគេ​នៅឡើយ​ទេ ប៉ុន្តែ​ពួក​យើង​ក៏​មាន​អ្នក​ប្រយុទ្ធ​ល្អ​ដូចគ្នា ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​ យើង​នឹង​អាច​រក​គ្រាប់​បាល់​បាន​នា​ពេល​ប្រកួត​ខាងមុខនេះ​។ ចំពោះ​ចំណុច​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​បន្ថែម​នៅ​ការប្រកួត​នេះ​គឺ​ចំណុច​ការពារ​របស់​យើង ព្រោះ​ពួកគេ​មាន​កីឡាករ​ប្រយុទ្ធ​ដែល​មាន​ល្បឿន​លឿន​។ ដូច្នេះ​ការ​វាយបក​ក៏​លឿន​ដូចគ្នា សរុប​មក​នៅពេលដែល​យើង​ប្រយុទ្ធ​យើង​ក៏​ត្រូវ​រៀបចំ​ការ​ការពារ​ដែរ​»​។

ជា​ចុងក្រោយ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​បន្ថែម​ថា « ថ្វីត្បិតតែ​ក្រុម​របស់គេ​កំពុងតែ​ឡើង​ជើង​ដែល​ស្ថិតនៅ​កំពូល​តារាង​ក៏​ពិតមែន ប៉ុន្តែ​ក្រុម​របស់​យើង​បាន​ប្តេជ្ញាចិត្ត​ហើយ​ថា​នឹងធ្វើ​ឲ្យ​បានល្អ​បំផុត​ចាប់ពី​ប្រកួត​នេះ​តទៅ ព្រោះ​យើង​ត្រូវការ​ឈ្នះ​ជាដាច់ខាត​ដើម្បី​ការប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​លី​គ​កំពូល​កម្ពុជា​នៅ​ឆ្នាំនេះ​»​។

សូម​រំលឹកថា ​ប្រវត្តិ​ប៉ះ​គ្នា​៥​លើក​ចុងក្រោយ​ក្នុង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ចំនួន​៣​លើក ហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន វិញ​ធ្លាប់​ឈ្នះ​បាន​២​លើក​។ បើ​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ឆ្លងកាត់​ការប្រកួត​៣​លើក​មកនេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កំពុងតែ​ឈរ​កំពូល​តារាង​ដែល​មាន​សមាជិក​សរុប​ទាំង​១៤​ក្រុម ក្រោយ​ឈ្នះ​ទាំង​៣​លើក​មាន​៩​ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្រុម​ភ្នំពេញ​ក្រោយ​វិញ​ឈរ​ចំណាត់​ថ្នាក់​លេខ៩ មាន​៣ពិន្ទុក្នុង​ដៃ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114