ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ណែនាំ​សិស្សានុសិស្ស​យក​ទឹក​ស្អាត​មកពី​ផ្ទះ​ដើម្បី​ការពារ​សុខភាព​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង

ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ជំរុញ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ទាំងអស់​ត្រូវ​ណែនាំ​ដល់​សិស្សានុសិស្ស​យក​ទឹកស្អាត​មកពី​ផ្ទះ​រួមមាន​ទឹក​ដាំ​ពុះ ទឹក​ចម្រោះ​និង​ទឹក​សុទ្ធ​ដើម្បី​ការពារ​សុខភាព​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​។

លោក​បណ្ឌិតសភា​ចា​រ្យ​ ហង់ ​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា អាកាសធាតុ​មាន​កំដៅ​ខ្លាំង​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​ដូចជា​ជំងឺ​បេះដូង ជំងឺ​សួត រលាក​ស្បែក​ឡើង​ក្រហម និង​ជំងឺ​ផ្សេងៗ​ទៀត​រួមមាន​ជំងឺ​កង្វះ​អាហារូបត្ថម្ភ ជំងឺរាក​និង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាដើម​។

នៅក្នុង​សេចក្តីណែនាំ​ស្តី​ពី​ការ​ថែរក្សា​សុខភាព​និង​បង្ការ​ជំងឺ​នានា​ដែល​បណ្តាល​មក​ពី​អាកាស​ធាតុ​ក្តៅ​នៅ​តាម​គ្រឹះស្ថានសិក្សា​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៨ ​ខែមេសា​ លោក​បណ្ឌិត​សភាចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​ បាន​ធ្វើ​ការណែនាំ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន បុគ្គលិក​អប់រំ​និង​អ្នកសិក្សា​ត្រូវ​អនុវត្ត​វិធានការ​ដូច​ខាងក្រោម​គឺ​ត្រូវ​ទទួលទាន​ទឹក​ស្អាត​ទឹក​ដាំ​ពុះ ទឹក​ចម្រោះ​និង​ទឹក​សុទ្ធ​ឲ្យ​បាន​ញឹកញាប់​ឲ្យ​បាន​ច្រើនជាង​មុន​និង​កុំ​រង់ចាំ​ដល់ពេល​ស្រក​ទឹក ត្រូវ​ណែនាំ​ឲ្យ​សិស្ស​យក​ទឹក​ស្អាត​មកពី​ផ្ទះ ត្រូវ​រក្សា​ទឹក​ទុក​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​គ្រប​ឲ្យ​បាន​ជិត​ដើម្បី​បង្ការ​មូស​ខ្លា​ពង​ដាក់​ដែល​អាច​បង្ក​ជា​ជំងឺគ្រុនឈាម ត្រូវ​តាមដាន​ព័ត៌មាន​ស្តី​ពី​អាកាស​ធាតុ​ដើម្បី​រៀបចំ​សកម្មភាព​ត្រឹមត្រូវ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្បួន​អនាម័យ​ល្អ​គឺ​ហូប​ស្អាត ផឹក​ស្អាត​និង​រស់នៅ​ស្អាត។

ជា​មួយ​គ្នា​នេះ​ ត្រូវ​ស្លៀក​សំលៀកបំពាក់​សមរម្យ ស្តើង រលុង​ស្រាល មាន​ពណ៌​ភ្លឺ​ស បៃតងខ្ចី​ឬ​លឿង ជៀសវាង​ការ​ធ្វើ​លំ​ហាត់ប្រាណ​នៅក្រោម​កំដៅ​ខ្លាំង ត្រូវ​ពាក់មួក​ការពារ​ ឬ​ ប្រើ​ឆ័​ត្រ​នៅពេល​ធ្វើដំណើរ ត្រូវ​បើកទ្វារ​បង្អួច​នៃ​បន្ទប់រៀន​ឲ្យ​បាន​ស្រឡះ​ល្អ ត្រូវ​ជៀសវាង​ការ​ពិសារ​កាហ្វេ​ឬ​គ្រឿង​ស្រវឹង ត្រូវ​ណែនាំ​ឲ្យ​សិស្ស​លេង​នៅក្នុង​ម្លប់ ​ឬ ​ក្នុង​បន្ទប់រៀន​នៅពេល​ចេញលេង ត្រូវ​បន្ត​ដាំ​និង​ថែរក្សា​ដើមឈើ​ដែល​មាន​ស្រាប់​នៅក្នុង​បរិវេណ​សាលា​ដើម្បី​យក​ម្លប់​និង​កាត់បន្ថយ​កំដៅ ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកផ្គត់ផ្គង់​ទឹក​សម្រាប់​ផឹក​និង​ប្រើប្រាស់​នៅក្នុង​សាលា ត្រូវ​អប់រំ​ផ្សព្វផ្សាយ​វិធានការ​នេះ​ដល់​បុគ្គលិក​អប់រំ​និង​អ្នកសិក្សា​ជាបន្ទាន់​។

​ទន្ទឹម​នឹង​នេះ​ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុងករណី​មានការ​រាតត្បាត ​ឬ ​ហានិភ័យ​សុខភាព​ដែល​បណ្តាល​មក​ពី​ការ​ឡើង​កំដៅ​សូម​រាយការណ៍​និង​ស្វែងរក​សេវា​សុខភាព​ដែល​នៅ​ជិត​បំផុត​តាមរយៈ​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ ឬ ទំនាក់ទំនង​លេខ​១១៥​ជាបន្ទាន់​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​«​ទទួល​បាន​សេចក្តី​ណែនាំ​នេះ​សូម​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​គ្រប់​ការិយាល័យ​អប់រំ​ក្រុង​ស្រុក​ខណ្ឌ​និង​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណ​និង​ឯកជន​ដើម្បី​អនុវត្ត​ឲ្យ​បាន​លទ្ធផល​ល្អ​ប្រសើរ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114