ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ចាប់ខ្លួន​អតីត​ទាហាន​ម៉ា​រី​ន​ ដែល​ជាប់ទាក់ទង​នឹង​ការ​វាយឆ្មក់​ស្ថានទូត​កូរ៉េខាងជើង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​

អាជ្ញាធរ​អាមេរិក​បាន​ចាប់ខ្លួន​អតីត​ទាហាន​ម៉ា​រី​ន​អាមេរិក​ម្នាក់​ដែលជា​សមាជិក​នៃ​ក្រុម​មួយ​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ឆ្មក់​ចូល​ស្ថានទូត​កូរ៉េខាងជើង​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​កាលពី​ខែកុម្ភៈ​និង​បាន​លួច​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​។ នេះ​បើ​យោងតាម​ប្រភពពីរ​ដែល​ដឹង​ពី​ការចាប់ខ្លួន​នេះ​។​
​យោងតាម​មន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់​និង​ប្រភព​មួយ​ដែល​ជិតស្និទ្ធ​នឹង​ក្រុម​នេះ​បាន​ឲ្យ​ដឹងថា លោក Christopher Ahn ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​បាន​បង្ហាញខ្លួន​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​តុលាការ​សហព័ន្ធ​នៃ​ទីក្រុង Los Angeles​។

​នៅក្នុង​ព័ត៌មាន​ដែល​ទាក់ទង​មួយទៀត ភ្នាក់ងារ​សហព័ន្ធ​អាមេរិក​ប្រដាប់អាវុធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​វាយឆ្មក់​អគារ​របស់លោក Adrian Hong ដែលជា​មេដឹកនាំ​ក្រុម​ការពារ​ស៊ីវិល Cheolima​។ វា​ជា​ក្រុម​មួយ​ដែល​ស្វែងរក​ការផ្ដួលរំលំ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​ហើយ​ក្រុម​នេះ​ត្រូវបាន​គេ​ស្តីបន្ទោស​ថា​បាន​វាយឆ្មក់​ស្ថានទូត​កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​។ ប្រភព​នោះបាន​និយាយថា លោក Hong មិនមាន​វត្តមាន​នៅឯ​លំនៅដ្ឋាន​របស់គាត់​ទេ​នៅពេល​ការ​វាយឆ្មក់​កើតឡើង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌​អាមេរិក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។​
​យោងតាម​តុលាការ​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា មនុស្ស​មួយក្រុម​មាន​គ្នា​យ៉ាងតិច​១០​នាក់​បាន​វាយលុក​ចូល​ស្ថានទូត ឃាត់ខ្លួន​និង​វាយ​ធ្វើបាប​លើ​បុគ្គលិក​មួយចំនួន​ហើយ​បាន​ចាប់​ពួកគេ​ធ្វើជា​ចំណាប់ខ្មាំង​ជាច្រើន​ម៉ោង​មុនពេល​គេចខ្លួន​។​

​ក្រុម​អ្នកស៊ើប​អង្កេត​អេ​ស្ប៉ា​ញ​បាន​និយាយថា ក្រុម​អ្នក​ឈ្លានពាន​បាន​ដកយក​កុំព្យូទ័រ​និង USB Flash​ចេញពី​ស្ថានទូត​មុនពេល​ភៀសខ្លួន​ទៅ​សហរដ្ឋអាមេរិក​។​

​ប្រភព​តុលាការ​របស់​អេ​ស្ប៉ា​ញ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា សម្ភារៈ​ទាំងនេះ​ត្រូវបាន​ប្រគល់​ដោយ​អាជ្ញាធរ​អេ​ស្ប៉ា​ញ​ទៅ​ឲ្យ​បេសកកម្ម​របស់​ក្រុង​ព្យុងយ៉ាង​វិញ​បន្ទាប់ពី​ត្រូវបាន​ប្រគល់​ដោយ FBI ទៅ​ឲ្យ​តុលាការ​អេ​ស្ប៉ា​ញ​ដែល​ស៊ើបអង្កេត​ការ​វាយឆ្មក់​នេះ​នៅ​ពីរ​សប្តាហ៍​មុន​នោះ​៕

REUTERS