ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ប្រាប់​កម្ពុជា​ឲ្យ​ប្រុងប្រយ័ត្ន ដោយសារ​អាមេរិក​កំពុង​បង្ក​បញ្ហា​ជាមួយនឹង​អ្វី​ដែល​ហៅថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម

ភ្នំពេញ​ ៖ ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រាប់​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ធ្វើការ​ប្រុងប្រយ័ត្ន ដោយសារតែ​ស​សហរដ្ឋអាមេរិក កំពុង​បង្ក​បញ្ហា​ជាមួយនឹង​អ្វី​ដែល​ហៅថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម និង​បាន​អះអាង​ថា សកលភាវូបនីយកម្ម សកម្មភាព​ពាណិជ្ជកម្ម តែងតែ​ធ្វើដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី​។

ការ​លើក​ឡើង​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នេះ បាន​ធ្វើឡើង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត កាលពី​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ និង​បន្ទាប់ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សារ​មួយ​វាយប្រហារ​ចំពោះ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា ទាក់ទង​វិស័យ​ពាណិជ្ជ ដោយ​សំអាង​ថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅខាង​ប្រទេស​ចិន​។

សារ​របស់​ស្ថានទូត​ចិន​បាន​លើក​ឡើង​ថា វា​គឺជា​រឿង​ធម្មតា នៅក្នុង​ពិភព​សកលភាវូបនីយកម្ម សកម្មភាព​ពាណិជ្ជកម្ម​តែងតែ​ធ្វើដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី ហើយ​ក្នុងករណី​កម្ពុជា​វិញ ប្រទេស​កម្ពុជា បាន​នាំចូល​វត្ថុធាតុដើម វាយនភ័ណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយនភ័ណ្ឌ​យ៉ាងច្រើន​ពី​ប្រទេស​ចិន សម្រាប់​បម្រើ​វិស័យ​កាត់ដេរ ខណៈ​ដែល​ខ្លួន​បាន​នាំចេញ​ផលិតផល​សម្រេច​ទៅកាន់​គ្រប់​ទីកន្លែង​ទូទាំង​សកលលោក ក្នុង​នោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផងដែរ​។

តាម​ស្ថានទូត​ចិន “​នៅក្នុង​ករណីនេះ វា​គឺជា​ភាព​សកម្ម​បំផុត​របស់​កម្មករ​ខ្មែរ ដែល​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ក្រៅ​ពី​នេះ ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ គឺ​មិនមែន​ត្រឹមតែ ដើម្បី​ពាណិជ្ជកម្ម​នោះឡើយ​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន​៨ សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង​សរុប​ជាង​៣,០០០​គីឡូម៉ែត្រ​។ ចុះ​តើ​សហរដ្ឋអាមេរិក​វិញ ធ្លាប់​បាន​ជួយ​ធ្វើ​អ្វីខ្លះ​ដល់​កម្ពុជា សម្រាប់​វិស័យ​មួយ​នេះ ? ចិន​បាន​ជួយ​កសាង​ស្ថានីយ​វា​រី​អគ្គិសនី​ទាំងអស់​នៅ​កម្ពុជា (​ស្មើនឹង​៨០​ភាគរយ នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែលមាន​ដំណើរការ​នៅ​កម្ពុជា​)​។ ចុះ​តើ​សហរដ្ឋអាមេរិក​បានធ្វើ​អ្វីខ្លះ​ដែរ​?”​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សារ​មួយ​វាយប្រហារ​ចំពោះ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា ទាក់ទង​វិស័យ​ពាណិជ្ជ ដោយបាន​អះអាងថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅខាង​ប្រទេស​ចិន​។

បើ​តាម​ស្ថានទូត​អាមេរិក ប្រហែល​៨៧ ភាគរយ នៃ​ទំនិញ​ដោះដូរ​គ្នា គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​មាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះទេ​។ ស្ថានទូត​អាមេរិក​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែលមាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅរក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែលមាន​ការពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន​ប៉ុណ្ណោះ​។

ក្រោយពី​ស្ថានទូត​អាមេរិក​ចេញ​សារ​នេះ​ភ្លាម មាន​មហាជន​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម ដោយបាន​លើកឡើង​ថា អាមេរិក​កំពុង​ភ័យ​ខ្លួនឯង ដោយសារ​តែ​ដើរ​សម្លាប់​គេ​ច្រើនពេក (​សេរី​-​អ៊ីរ៉ាក់​-​អាប់​ហ្កា​នី​ស្ថាន​- លី​ប៊ី​) គឺ​ចំណាយ​លើ​វិស័យ​យោធា​ច្រើនពេក ឯ​ចិន ឥតមាន​ទៅ​ដើរ​សម្លាប់​អ្នកណា​ឡើយ គឺ​ចិន​ដើរ​ចងមិត្ត​ពាណិជ្ជកម្ម​។ ខ្លះទៀត​លើក​ឡើង​ថា នៅ​ស្រុក​ខ្មែរ គឺ​គ្រប់គ្រង​ស្ថានការណ៍​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឆ្លើយតប​ទាន់​ពេល​វេលា ដូច្នេះហើយ មិន​ងាយ​មក​ក្រឡុក​ស្រុក​ខ្មែរ​ឲ្យ​រលាយ​ដូច​លី​ប៊ី ឬ​ស៊ី​រី​បាន​នោះទេ​…​ប្រជាជន​ខ្មែរ​ឥឡូវ​មិនមែន​ចេះតែ​ជឿ​ការ​អុចអាល​ទំនាក់ទំនង​ការទូត នឹង​ការ​ផ្សព្វ​បំពុលសង្គម​ឲ្យ​វឹកវរ​ងាយៗ​នោះដែរ​។

ចំណែក​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ផងដែរ ដោយបាន​អះអាង​ថា ប្រហែល​មានតែ​នៅ​ប្រទេស​កម្ពុ​ជាមួយ​ទេ ដែល​ស្ថានទូត​អាមេរិក​អាច​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ វាយប្រហារ​កម្ពុជា​ផង វាយប្រហារ​ចិន​ផង ដែល​ប្រទេស​ទាំងនោះ ខ្លួន​កំពុង​មាន​ទំនាក់ទំនង​ផ្នែក​កា​ទូត​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាងនេះ​ថា “​ប្រហែល​មានតែ​នៅ​ស្រុក​ខ្មែរ​ទេ ដែល​ស្ថានទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែងបន្លំ (fake news) វាយប្រហារ​ប្រទេស​ម្ចាស់ផ្ទះ​ផង វាយប្រហារ​ប្រទេស​មួយទៀត​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ស្ថានទូត​ជាមួយ​ផង ។ អ្នក “​វិភាគ​” នៅ​ទី​នេះ ខំ​បង្ហាញថា គឺ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ ដែល​បាន​បង្កើត​ការងារ​នៅ​ស្រុក​ខ្មែរ តែ​គេ “​ភ្លេច​” បង្ហាញ​រឿង​មួយ​ដ៏​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​ផងដែរ​នោះ គឺ​ទំហំ​វិនិយោគ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ តើ​មាន​ប៉ុន្មាន ? យើង​មានតែ​ចង់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស ពិសេស​ជាមួយ​សហរដ្ឋអាមេរិក តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់ទំនង​នេះ ព្រោះតែ​អគតិ​របស់ខ្លួន​ទៅវិញ​៕