ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ អាស៊ីអឺរ៉ុប អង្គរថាយហ្គឺរ វិសាខា រក​បាន​៣ពិន្ទុ​ដូចគ្នា​ប្រចាំ​សប្ដាហ៍​ទី៤

ក្រុម​បាល់ទាត់​អាស៊ីអឺរ៉ុប ក្រុម​អង្គរថាយហ្គឺរ និងក្រុម​វិសាខា សុទ្ធ​តែ​រក​បាន​៣ពិន្ទុ​ដូចគ្នា​ប្រចាំ​សប្ដាហ៍​ទី៤​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League) រដូវកាល​ឆ្នាំ​២០១៩ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២០ ខែ​មេសា ​ឆ្នាំ​២០១៩។

ចំពោះ​ក្រុម​អាស៊ីអឺរ៉ុប បាន​យក​ឈ្នះ​លើ​ក្រុម​គីរីវង់សុខសែនជ័យ ដោយលទ្ធផល២ទល់១ លើ​ទីលាន​កីឡដ្ឋាន AEU Sport Park ម្តុំ​អរិយក្សត្រ។ កីឡាករ​ជនជាតិ​កូឌីវ័រ Abdel Kader Coulibali បាន​រក​គ្រាប់​បាល់២គ្រាប់​ម្នាក់​ឯង​នាំ​ជ័យជម្នះ​ឲ្យ​ម្ចាស់​ផ្ទះ​អាស៊ី​អឺរ៉ុប គឺ​នៅ​​នាទី​នាទី២​និង​នាទី​៣៥ ខណៈ១គ្រាប់វាយបក​របស់​ក្រុម​គីរីវង់សុខសែនជ័យ រក​បាន​ដោយ​កីឡាករ​ជប៉ុន Yuto Sasaki នៅ​នាទី​៤៥+២ មុន​ចប់តង់ទី១។

ចំណែក​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី វិញ​បាន​ប្រកួត​ចាញ់​ក្រុម​អង្គរថាយហ្គឺរ ដោយ​លទ្ធផល​៦ទល់០ លើ​ទីលាន​​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ។ កីឡាករ​ជនជាតិ​នីហ្សេរីយ៉ា Okereke Timothy រក​បាន​គ្រាប់​បាល់៤គ្រាប់​ម្នាក់​ឯង​គឺ​នៅ​នាទី​ ១៣,៤៩,៥៣,៦៧ ស្រប​ពេល​កីឡាករ​ជប៉ុន Joichiro Sugiyama រក​បាន​គ្រាប់​បាល់​ទី៥ នៅ​នាទី​៦៥ និង​កីឡាករ ពៅ ភារិទ្ធិ បន្ថែម​គ្រាប់​បាល់ទី៦នៅ​នាទី​៧២។

ចុងក្រោយ​ក្រុម​វិសាខា បាន​យកឈ្នះ​លើ​ក្រុម​អគ្គីសនីកម្ពុជា ៤ទល់០ លើ​ទីលាន​វិសាខា របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ។ គ្រាប់​បាល់​ជ័យជម្នះ​ទាំង​៤គ្រាប់​របស់​ក្រុម​វិសាខា គឺ​រក​បាន​ដោយ​កីឡាករ​កូរ៉េខាងជើង Pak Song-chol នៅ​នាទី​១២ ហើយ​កីឡាករ ទិត្យ ឌីណា បន្ថែម​គ្រាប់​ទី២​នៅ​នាទី​៤៧ កីឡាករ​ជនជាតិ​អ៊ីស្រាអែល Evangelos Skraparas រក​បាន​គ្រាប់​បាល់ទី៣នៅ​នាទី​៦៧ និង​កីឡាករ​ជប៉ុន Masaaki Ideguchi រក​បាន​គ្រាប់បាល់ចុងក្រោយ​នៅ​នាទី​៧៣។

ចំណែក៤គូផ្សេងទៀត​ប្រចាំ​សប្ដាហ៍​ទី៤នេះ ត្រូវប្រកួតនៅថ្ងៃ​អាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩​វិញ​ម្តង​ដោយក្រុមខេត្តកំពង់ចាម ទទួលក្រុមបឹងកេត នៅវេលាម៉ោង៣:៣០នាទីរសៀល​លើ​ទីលាន​បាល់ទាត់​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ហើយក្រុមព្រះខ័នរាជស្វាយរៀង​ ប៉ះ​ក្រុម​ភ្នំពេញក្រោន នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានខេត្តស្វាយរៀង​ ស្របពេល​ក្រុម​អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប៉ះក្រសួងការពារជាតិ​ នៅម៉ោង៣និង៣០នាទីរសៀល​លើ​ទីលាន​កីឡដ្ឋានអគ្គីសនីកម្ពុជា និងក្រុមសូលទីឡូអង្គរ ទទួល​ក្រុម​ណាហ្គាវើល​ នៅវេលា​ម៉ោង៣និង៣០នាទីរសៀលលើទីលានកីឡដ្ឋានខេត្តសៀមរាប។

តាមគម្រោងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​មាន​ឱកាស​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិមួយចំនួនដូចជាពានរង្វាន់ AFC Cup, Mekong Championship និងពានរង្វាន់មួយចំនួនទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114