ព័ត៍មានទាន់​ហេតុការណ៏
Search

សម្លាប់​បងស្រី​បង្កើត​២​នាក់​នៅ​នឹង​កន្លែង ករណី​ទំនាស់​ដីធ្លី បន្តិច​បន្តួច​

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយសារ​ទំនាស់​ដីធ្លី​បន្តិចបន្តួច ប្អូនប្រុស​បាន​ដាច់ចិត្ត​កាប់​ទៅលើ​បងស្រី​របស់​ខ្លួន​រហូត​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹងកន្លែង​ចំនួន​២​នាក់​។​ រួច​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែម្តង​។

ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោង​១៧​និង​៣០​នាទី​ នៅ​ថ្ងៃទី​២០​ ខែមេសា​ ឆ្នាំ​២០១៩ ភូមិដំរី​កូន ឃុំ​ពពេល ស្រុក​សូទ្រនិគម​។ សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម​មួ​យ​ដែល​បង្កឡើង​ដោយ​បងប្អូន​បង្កើត​បាន​កាប់​សម្លាប់​គ្នា​ដោយសារតែ​រឿង​ដីធ្លី​។ ​សមត្ថកិច្ច​បន្ត​ថា ជនរងគ្រោះ​មាន​២​នាក់​ទី​១.​ឈ្មោះ​វ៉ូ ខឹម ភេទ​ស្រី អាយុ​៤៩​ឆ្នាំ​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ កាប់​ត្រូវ​ថ្គាម​ខាងឆ្វេង​១​កន្លែង​និង​កញ្ចឹងក​១​កន្លែង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ ​ទី​២.​ឈ្មោះ​វ៉ូ ឃុ​ត ភេទ​ស្រី អាយុ​៤២​ឆ្នាំ​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ កាប់​ត្រូវចំ​ថ្គាម​ខាងឆ្វេង​២​កន្លែង លើ​ត្រចៀក​១​កន្លែង បំពង់ក​១​កន្លែង ត្រចៀក​១​កន្លែង​។

ជនសង្ស័យ មានឈ្មោះ​វ៉ូ វន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​។​ សមត្ថកិច្ច​បន្ថែម​ថា អង្គហេតុ នៅ​ថ្ងៃទី​២០ ​ខែមេសា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​២០​នាទី ជនសង្ស័យ​បាន​ជីកដី​ដាក់​បង្គោល​ធ្វើ​បន្ទប់ទឹក នៅមុខ​ផ្ទះ​ជនរង​គ្រោះ ហើយ​ជន​រង​គ្រោះ​បាន​ស្ដីបន្ទោស ជនសង្ស័យ តបសំដី​ទៅវិញ មួយសន្ទុះ​ជនសង្ស័យ​បាន​ឡើង​ទៅ​លើផ្ទះ​យក​កាំបិតប៉័ងតោ​ចុះមក​ចាប់​ជន​រងគ្រោះ​ទី​១​បណ្តាល​ឲ្យ​ស្លាប់​តែម្ដង ឃើញ​ដូច​នោះ ជនរងគ្រោះ​ទី​២​ដែល​នៅផ្ទះ​ក្បែរ បាន​ស្រែក​ឲ្យ​គេ​ជួយ ក៏ត្រូវ​ជនសង្ស័យ រត់​ទៅ​ដេញ​កាប់​រហូតដល់​ស្លាប់​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​ស្រុក​សូទ្រនិគម ដើម្បី​រៀបចំ​សំណុំ​រឿង​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្តទៅ​តុលាការ​៕