ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​Melbourne Victory របស់ Keisuke Honda កាន់តែ​ឃ្លាត​ពី​ឱកាស​ប្រជែង​កៅអី​កំពូល​លី​គ​អូស្ត្រាលី

អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប​Melbourne Victory នៅ​ប្រទេស​អូស្ត្រាលី វិញ​ក្រោយ​បញ្ចប់​បេសកម្ម​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២៣​ឆ្នាំ (U23) ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​យុវជន​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំ AFC U-23 Championship 2020 សម្រាប់​ឆ្នាំ​២០២០ ដែល​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពូ​ល H កាលពីពេល​ថ្មីៗ​។

​គិត​ត្រឹម​ពេលនេះ​ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​អូស្ត្រាលី បានធ្វើ​ដំណើរ​ចំនួន​២៦​ប្រកួត​មកហើយ ខណៈ​ប្រកួត​ក្នុង​ពានរង្វាន់ A-League នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១៩ ខែមេសា ឆ្នាំ​២០១៩ ថ្មីៗ​នេះ​ក្រុម​Melbourne Victory បាន​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ Adelaide United ១​ទល់​០ លើ​ទីលាន​កីឡដ្ឋាន Coopers Stadium ក្នុង​ទីក្រុង​Adelaide​។ ថ្មីៗ​នេះដែរ​ក្រុម Melbourne Victory បាន​ប្រកួត​ចាញ់​ក្រុម​Guangzhou Evergrande Taobao F.C ដោយ​លទ្ធផល​៤​ទល់​០ ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ AFC Champion League 2019 ផងដែរ​។

​ក្រុម Melbourne Victory​ត្រូវការ​ពិន្ទុ​បន្ថែម​ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង​បន្តទៀត ខណៈ​ពេលនេះ​កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ក្លិប​ទាំង​១០ ពោលគឺ​ប្រកួត​ឈ្នះ​១៤​លើក ស្មើគ្នា​៥​លើក​និង​ចាញ់​៧​លើក​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម Melbourne Victory ត្រូវ​ប៉ះ​ក្រុម​Guangzhou Evergrande Taobao F.C ក្នុង​ជើង​ទី​២ ពាន AFC Champion League លើទឹក​ដី​AAMI Park ក្នុង​ទីក្រុង Melbourne វេលា​ម៉ោង​៤:៣០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ខណៈ​នៅ​ថ្ងៃទី​២៧ ខ​ខែមេសា ឆ្នាំ​២០១៩ បន្ត​ទទួល​ក្រុម​Western Sydney Wanderers FC ក្នុង​សប្ដាហ៍​ទី​២៧ នៃ​ពានរង្វាន់ A-League ផងដែរ​។

កីឡាករ Keisuke Honda បាន​ចុះ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី គឺ​Melbourne Victoty ខណៈ​រូបគេ​ធ្លាប់​បាន​រក​៣៧​គ្រាប់ និង​លេង​បាន​៩៨​ប្រកួត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​។ រូបគេ​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ក្រោយ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី ចប់​នៅពេល​ក្រុម​ជម្រើសជាតិ​ជប៉ុន​ធ្លា​ក់នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114