ព័ត៍មានទាន់​ហេតុការណ៏
Search

ចេញពី​ធ្វើការ​ ជិះ​ត្រឡប់​ទៅ​ផ្ទះ​ មិន​ទាន់​ដល់​ផង ត្រូវ​រថយន្ត​កិន​បញ្ឆិត​ក្បាល​ ស្លាប់​នៅ​មុខ​ផ្សារ​ព្រែក​ឯង

ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​រហូត​ដល់​បាត់បង់​ជីវិត​ ខណៈ​ពេល​ដែល​ជនរងគ្រោះ​ ជិះ​ម៉ូតូ​ចេញពី​ធ្វើ​ការ ​ត្រឡប់​ទៅផ្ទះ។ ជនរងគ្រោះ ​ឈ្មោះ ​ស្រេង ម៉ៅ អាយុ​២៦​ឆ្នាំ​ មុខរបរ​ចុងភៅ​នៅ​សណ្ឋាគារ​ណាហ្គារ​ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល។

តាម​ប្រភព​ពី​ លោក​វរសេនីយ៍ទោ ឯក សារ៉ន​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​សណ្ដាប់ធ្នាប់​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅមុខ​ផ្សារ​ព្រែក​ឯង​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ភូមិ​មិត្តភាព ​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

លោក​អធិការរង​បាន​រៀបរាប់​ពី​ហេតុការណ៍​នេះ​ថា ​កាលពី​វេលា​ម៉ោង​២១​យប់ ​ថ្ងៃទី​២០​មេសា​នេះ​ជនរងគ្រោះ ​ស្រេង ម៉ៅ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់ ពណ៌​ខ្មៅ​ ស៊េរី​២០១៨​ ពាក់​ស្លាក​លេខ​កណ្ដាល​១AD ៣១ ៥៤ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ក្នុងទិសដៅ​ចេញពី​ភ្នំពេញ ​ឆ្ពោះទៅ​លំនៅ​ដ្ឋាន​ឯ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល​។ លុះ​ជិះ​ទៅដល់​មុខ​ផ្សារ​ព្រែក​ឯង​ ក៏​ស្រាប់តែ​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក​ហៃ​ឡិន​ឌឺ ​មិន​ស្គាល់​ស្លាក​លេខ ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ទៅ​កណ្ដាល​ទ្រូងផ្លូវ ​​ស្រប​ពេលនោះ​ក៏មាន​រថយន្ត​សណ្តោង​កុងតឺន័រ ​ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣D៨៥២៣​ បើក​មកពី​ក្រោយ​ បាន​កិន​បញ្ឆិត​ក្បាល​ជនរងគ្រោះ​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​រថយន្ត​ពុំ​បាន​ឈប់​ទេ​ គឺ​បើក​បង្ហួស​ទៅដល់​សង្កាត់​ក្បាលកោះ​ ទើប​សមត្ថកិច្ច​ចាប់បាន​។ ​អ្នកបើកបរ​រថយន្ត​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ហើយ​ មានឈ្មោះ ​ភោក សង្ហា​ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្ងោក​ ឃុំ​គរ ​ស្រុក​ជើងព្រៃ ​ខេត្ត​កំពង់ចាម​។​

លោក​អធិការរង​បាន​បញ្ជាក់​ថា ​រថយន្ត​ និង​ម៉ូតូ​ជនរងគ្រោះ ​រួមទាំង​អ្នកបើកបរ​រថយន្ត​ ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕