ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​ និង​ថៃ​ អញ្ជើញ​ភ្ជាប់​ស្ពាន​ឆ្លង​ព្រំដែន​ និង​បើក​ដំណើរការ​រថភ្លើង​ឆ្លង​កាត់​ប្រទេស​ទាំងពីរ​

បន្ទាយមានជ័យ ​៖ ​នៅ​វេលា​ម៉ោង​៨និង​៣០​ព្រឹក ​ថ្ងៃ​ទី​២២ ខែ​មេសា ​ឆ្នាំ​២០១៩ នេះ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​ និង ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​ អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​៣​ផ្សេងគ្នា​នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ។​

​កម្មវិធី​ទាំងបី​នោះ​រួមមាន ​៖១.​ការចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​),២.​បើក​ការដ្ឋាន​សាងសង់​អគារ ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ ​និង​ ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥ និង ទី​៣.​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការ​ដឹកជញ្ជូន ផ្លូវ​ដែក​ឆ្លងកាត់​ព្រំដែន និង ពិធី​ប្រគល់​-​ទទួល​រថភ្លើង (DMU)​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹងធ្វើ​ដំណើរ​រួមគ្នា​តាម​រថភ្លើង​ចេញពី​ស្ថានីយ​(​បាន​ក្លង​លឹក​)​របស់​ថៃ​ឆ្ពោះ​មកកាន់​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត​របស់​កម្ពុជា។ ក្រោយ​បញ្ចប់​កម្មវិធី​នេះ ​សម្ដេច​តេ​ជោ​ហ៊ុន សែន និង លោក ប្រា​យុទ្ធ ចាន់​អូ​ចា ​នឹង​អញ្ជើញ​ពិសា​របាយ​រួមគ្នា នៅ​ក្រុង​អារញ្ញ​ប្រ​ថេត​ប្រទេស​ថៃ។​

​សូមបញ្ជាក់ថា ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​) ​ដែល​ចាក់​បេតុង​ត​ភ្ជាប់​នៅថ្ងៃនេះ​សាងសង់​ដោយ​កងវិស្វកម្ម​ នៃ​កងយោធពលខេមរភូមិន្ទ​ថៃ ​ហើយ​សិក្សា​ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ហាយវ៉េ​(DOH)​ក្រសួង​ដឹកជញ្ជូន​ថៃ​ ក្រោម​ជំនួយ​ឥតសំណង​ពី​រាជរដ្ឋាភិបាល ថៃ​ជាង​១៩​លាន​ដុល្លារ។

​ស្ពាន​នេះ ​ជា​ស្ពាន​ធំ​ទីមួយ ​ដែល​បាន​សាងសង់​លើ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ នៅ​ចន្លោះ​បង្គោល​ខណ្ឌ​ព្រំសីមា​លេខ​៥០ និង​លេខ​៥១។ ស្ពាន​នេះ មាន​ប្រវែង​៦២០​ម៉ែត្រ ទទឹង​១៧​ម៉ែត្រ​ ដោយនៅ​ផ្នែក​កម្ពុ​ជា​មាន​ប្រវែង​២១៥​ម៉ែត្រ​នៅ​ផ្នែក​ខាង​ថៃ​ មាន​ប្រវែង​៤០៥​ម៉ែត្រ។ ការសាងសង់​ស្ពាន នេះ​គឺជា​ការបើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​រវាង​ប្រទេស​ទាំងពីរ​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​កា​រ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​។​

​ដោយឡែក​ ការសាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​(​ស្ទឹង​បត់​-​បាន​ណង​អៀន ) និង សាងសង់​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥ រាជរដ្ឋាភិបាល​កម្ពុជា​ ទទួលបាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋា​ភិបាល​ថៃ​ប្រមាណ​២៦.៤២​លាន​ដុល្លារ​ សម្រាប់​សាងសង់​អគារ​ច្រកទ្វារ​ត្រួតពិនិត្យ​ព្រំដែន និង ​ផ្លូវ​ត​ភ្ជាប់​, សំណង់​អគារ​អន្តេវាសិកដ្ឋាន​,​ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ «​ឃ្លាំង​ និង​ទីលាន​កុងតឺន័រ​»,​ការ​ជួសជុល​កែលំអ​ផ្លូវ​ចាស់ និង សំណង់​កាត់បន្ថយ​គ្រោះ​ទឹកជំនន់​។​

​ដំណើរការ​សាងសង់​អគារ​នៅ​ច្រកព្រំដែន​ថ្មី​នេះ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​២៤​ខែ​ដោយ​គិត​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩ នេះ​តទៅ។ ការបើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​ថ្មី​នេះ ​គឺជា​ការបើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ​រវាង​កម្ពុជា​-​ថៃ និង​ដើម្បី​ជំរុញ​លើកកម្ពស់​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​ផងដែរ​។

​ពាក់ព័ន្ធ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​ទាំងពីរ​វិញ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​កម្ពុជា​ និង​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ថៃ​ នឹង​ចុះ​ហត្ថលេខា​ជាមួយគ្នា​ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ទាំងពីរ​។ ​បន្ទាប់មក​ក៏មាន​ពិធី​ប្រគល់​រថភ្លើង​ដែល​មាន​ទូ​ចំនួន​៤ ​ដល់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ​ផងដែរ​។ រថភ្លើង​ដែល​ជា​អំណោយ​របស់​ថៃ​នេះ​ជាប់​ជាមួយ​ទូ​អ្នកដំណើរ​ចំនួន​៤​ដែល​អាច​ផ្ទុក​អ្នកដំណើរ បាន​ដល់​៨០​នាក់​ក្នុង​ទូ​នីមួយៗ។ រថភ្លើង​ដឹក​អ្នក​ដំណើរ DMU (Diesel Multiple Unit)​ ផលិត​ដោយ​ក្រុមហ៊ុន Hitachi របស់​ជប៉ុន​។​

​ចាប់ពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃទី​២១​មេសា​នេះ ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​នឹង​បិទ​បណ្តោះ​អាសន្ន​ដើម្បី​រៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរការ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​និង​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត​-​ខ្លង​លឹក នៅ​ថ្ងៃទី​២២​មេសា​។ ការបិទច្រក​ទ្វារ​នេះ ​ធ្វើ​ឡើង​ដើម្បី​សុវត្ថិភាព​ក្នុងជំនួប​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា និង នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច ហ៊ុន សែន​។​

​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ដូច្នេះ​ចាប់ពី​ម៉ោង​២២​និង​០០​នាទី ថ្ងៃ​ទី​២១​មេសា​នេះ​តទៅ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​។ រហូតដល់​ចប់​កម្មវិធី​ថ្ងៃ​២២​ ខែ​មេសា ឆ្នាំ​២០១៩ ទើប​បើក​ដំណើរការ​ជា​ធម្មតា​វិញ​។​

​គួរ​បញ្ជាក់​ថា​ ផ្លូវដែក​ភាគ​ជើង ភ្នំពេញ​- បាត់ដំបង​-​ប៉ោយប៉ែត​ ព្រំ​ដែន​កម្ពុជា​-​ថៃ​មាន​ប្រវែង​៣៨៦​គីឡូ​ម៉ែត្រ​ ត្រូវបាន​សាងសង់ឡើង​នៅក្នុង​សម័យ អាណានិគម​បារាំង ​៖ ​ផ្លូវដែក​ភ្នំពេញ​-​ពោធិ៍សាត់​សាងសង់​ពី​ឆ្នាំ​១៩២៩​ ដល់​១៩៣១​ប្រវែង​១៦៦​គ​.​ម។ ផ្លូវដែក​ពី​ពោធិ៍សាត់​-​មង្គល​បូរី​សាងសង់ ពី​ឆ្នាំ​១៩៣១ ដល់ ១៩៣៣​ប្រវែង​១៦៤ គ​.​ម និង ​ផ្លូវដែក​ពី​មង្គល​បូរី​-​ប៉ោយប៉ែត​សាងសង់​ពី​ឆ្នាំ​១៩៣៣​ដល់​១៩៤២​ប្រវែង​៥៥,០៥​គ​.​ម។ កំណាត់ ផ្លូវដែក ​មកកាន់​ក្រុង​ប៉ោយប៉ែត ​ត្រូវបាន​កាត់ផ្ដាច់​ក្នុង​ពេល​កម្ពុជា​ធ្លាក់​ក្នុង​អន្លង់​ភ្លើង​សង្គ្រាម​នា​ឆ្នាំ១៩៧០។ ​ផ្លូវដែក​មួយ​ខ្សែ​នេះ ​ត្រូវបាន​ស្តារ​ឡើង​វិញ​ជា​បន្តបន្ទាប់ ​រហូត​រួចរាល់​ជា​ស្ថាពរ​ និង​ដាក់ឲ្យ​ដំណើរការ​ឡើងវិញ​ កាលពី​ខែ​មេសា ឆ្នាំ​២០១៨ មុន​ពេល​ចូលឆ្នាំថ្មី​ ដោយ​ចំណាយ​ថវិកា​ជិត​៨៤​លាន​ដុល្លារ​អាមេរិក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114