ព័ត៍មានទាន់​ហេតុការណ៏
Search

លន បញ្ញា ឈ្នះ រី ដា ដោយ​ពិន្ទុ ឯ យុគ យក្ស​ផ្លែ ឈ្នះ​ យុ​ត្តា ឆ័យ ទឹក​៣

ប្រដាល់ ៖ អ្នក​ប្រដាល់​ថៃ​ជើងចាស់ រី ដា (Re Da) ដែល​ឡើងមក​សាក​កណ្ដាប់ដៃ​ជាមួយ​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា​ គឺ លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នោះ បាន​ប្រកួត​ចាញ់​លន បញ្ញា ដោយ​ពិន្ទុ នៅក្នុង​ការ​ជួប​ប្រកួត​គ្នា ​កាលពី​ថ្ងៃទី​២០​ ខែ​មេសា ​ឆ្នាំ​២០១៩ លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​SEATV ។​

លន បញ្ញា វាយ​ឈ្នះ រី ដា រាង​យ៉ាប់​ដែរ​ទេ ក្នុងការ​ប្រកួត​ប្រាំ​ទឹក​ពេញ​នោះ។ អ្នក​ប្រដាល់​ថៃ រី ដា ដែល​គេ​ហៅថា​តោ​កញ្ចាស់​នោះ គឺ​ស្វិត​និង​វាយ​ចេះ​ឈឺ​ទេ ដែល​ធ្វើឲ្យ​ លន បញ្ញា វាយ​ឡើង​អស់​ស៊ុ​ហ្វ​ខ្លួនឯង​ទៅ​ហើយ។ បើ​កុំ​តែ​បញ្ញា​វាយ​ចេញ​បាន​ច្រើនជាង និង​ចំ​គោលដៅ​ល្អ​ជាង​នោះ ម្ល៉េះ​មិន​បាន​ឈ្នះ​តោ​កញ្ចាស់​ថៃ រី​ដា នេះឡើយ​។ ​ពួកគេ​ទាំងពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម។

ចំពោះ​យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​វិញ គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី យុ​ត្តា ឆ័យ​(Yutta Chhai) ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។ ​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​យុ​ត្តា ឆ័យ ត្រូវ​យុគ យក្ស​ផ្លែ ដាល់​សន្ធាប់​ត្រូវជា​ច្រើន​ដៃ ឡើង​វង្វេងទិស​ទៅហើយ។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ កាន់ ម៉េង​ហុង អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ បាន​វាយ​ឈ្នះ​ឡុង ពិសិដ្ឋ អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ពិន្ទុ។​

រឿន សុខលី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បាន​វាយ​ឈ្នះ​សូត្រ វាសនា អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ រីឯ​ឡុង សំណាង អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ប្រកួត​ឈ្នះ​ពុ​យ ឡាយ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114