ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ តាក់ស៊ី ប្រកាស​ត្រៀមខ្លួន​ចូល​សាង​ផ្នួស​ជា​ព្រះសង្ឃ​ ខណៈ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​ខ្លួន​

ភ្នំពេញ​ ៖​ តារា​កំប្លែង​ស្ថិតក្នុង​ក្រុម​ នាយ ពែ​កមី ដែល​ទស្សនិកជន​គ្រប់គ្នា​តែង​ដាក់​នាម​ថា ​ស៊ិន​អ៊ូ​ខុង នាយ តាក់ស៊ី ក្រោយពេល​បាត់​មុខ​ពី​សិល្បៈ​មួយរយៈ​ខ្លី​នោះ​ ពេលនេះ​ក៏​ស្រាប់​តែមាន​ដំណឹង​ថា​តារា​កំប្លែង​រូបនេះ​ កំពុងតែ​ត្រៀមខ្លួន​ចូល​សាង​ផ្នួស​ធ្វើជា​ព្រះសង្ឃ​ហើយ ​បន្ទាប់ពី​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​តារា​សម្តែង ​លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់​បញ្ជាក់​បែបនេះ​ថា​ អាណិត​តារា​កំប្លែង​នាយ តាក់ស៊ី ណាស់ 😞😞​ផ្អាក​ពី​សិល្បៈ​បែរជា​ទៅ​បួស​ជា​ព្រះសង្ឃ​រហូត ដោយសារ​តែ​ជំងឺ​រ៉ាំរ៉ៃ​ខ្លាំងពេក​។ ខ្ញុំ​ស្គា​ល់បង តាក់ស៊ី មាន​រយៈពេល​១៤​ឆ្នាំ​ហើយ​ក្នុង​ឆ្នាំ​២០០៥​ គឺ​តាំងពី​គាត់​កំប្លែង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​មក​ម្ល៉េះ ​គាត់​ខំប្រឹងប្រែង​តស៊ូ​នឹង​សិល្បៈ​ណាស់ ​បាន​តិចតួច ​គាត់​មិន​ដែល​មាត់ក​ដូច​គេ​ទេ​ ឲ្យ​តែ​ហៅ​គាត់​ទៅ​កំប្លែង។

លោក អ៊ឹម ជីវ៉ា បាន​បន្តទៀតថា ​កន្លង​មក​ ខ្ញុំ​ និង​គាត់ ​មិនសូវ​ជា​បាន​ជួបគ្នា​ទេ​ ដោយសារ​រវល់​រៀងៗ​ខ្លួន តែ​អ្វីដែល​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ និង​ហួសចិត្ត​នោះ​ គឺ​ខ្ញុំ​កំពុងតែ​អង្គុយ​ហូបបាយ ​ស្រាប់តែ​គាត់​ដើរ​ម​ក​ប្រាប់​ខ្ញុំ​ថា​ ជីវ៉ា​អើយ​ បង​ជិត​ផ្អាក​ពី​សិល្បៈ​ហើយ ​ខ្ញុំ​សួរ​គាត់​វិញ​ថា ថី​បាន​បង​ឯង​ឈប់ ?​ គាត់​ថា ​គាត់​ទៅ​បួស​រហូត។ ខ្ញុំ​សួរ​ថា ចុះ​ក្រុម​គ្រួសារ ​ប្រពន្ធ​កូន​? គាត់​ឆ្លើយថា ​ខ្ញុំ​ទៅ​បួស​នេះ ​គឺ​មិន​យក​អ្វី​ទៅ​ទាំងអស់​ គឺ​សូម​ផ្ញើខ្លួន​តែ​លើ​ព្រះសង្ឃ​ទេ​។​

តារា​សម្តែង​ប្រុស​ លោក អ៊ឹម ជីវ៉ា លើកឡើង​ទៀតថា​ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ប្រពន្ធ​ខ្ញុំ​ដែរ​ថា ឲ្យ​គាត់​ទៅ​រក​អ្នកណា​ថ្មី​ទៅ ​ខ្ញុំ​សុខចិត្ត​លះបង់​ទាំងអស់​។ ​បង​តាក់ស៊ី​ គាត់​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា ​ខែ​៥ គឺ​ខែឧសភា​នេះ ​បង​ទៅ​បួស​ហើយ រាល់ថ្ងៃ​បង​មិនអាច​ទប់​នឹង​ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​ផ្សេងទៀត​បានទេ គឺ​បង​ពិបាក​ទ្រាំ​ណាស់​ប្អូន​អើយ ពេលខ្លះ​ ថប់ដង្ហើម​សន្លប់​ស្ទើរ​រាល់ថ្ងៃ​ក៏មាន។​

បន្ថែម​ពីលើ​នេះ​ តារា​សម្តែង​ លោក ​អ៊ឹម ជីវ៉ា និយាយទៀតថា ​ខ្ញុំ​ប្រាប់​គាត់​ថា ​ហេតុអ្វី​ក៏​បង​មិន​ទៅ​ពេទ្យ​ គាត់​ថា​គា​ត់ទៅ​អស់ហើយ​ តែ​ពិបាក​ណាស់​អូន​អើយ​ គាត់​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ។ ខ្ញុំ​ពិត​ជា​អាណិត​បង តាក់ស៊ី ណាស់ ​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បង​បាន​មានតែ​ផ្តល់​កម្លាំងចិត្ត​ឲ្យ​បង​ឆាប់​ជា​ពី​ជំងឺ សូម​បង​កុំ​អស់សង្ឃឹម​។ ​កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩​នេះ ​នៅ​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការ​សួរ​បន្ថែម​ពី​តារា​កំប្លែង​នាយ តាក់ស៊ី បាន​នៅឡើយ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114