ព័ត៍មានទាន់​ហេតុការណ៏
Search

អគារសិក្សា​មួយ​ខ្នង​ ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ​នៅ​ស្រុក​កញ្ជ្រៀច

​ព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ឯកឧត្ដម​ ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម ដាំ វុទ្ធី អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​អញ្ជើញ​ជា​គណៈ​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​អគារ​សិក្សា​​១​ខ្នង និង​ខ្លោងទ្វារ​របង​សាលាបឋមសិក្សា ស្បោង សា​រ៉ា​ត ចំបក់ ស្ថិតនៅ​ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​សរុប​៦២១​នាក់។

លោក ប៊ិន ជី​វ័​ន្ដ អភិបាលស្រុក​កញ្ជ្រៀច​បាន​ឡើង​ធ្វើ​របាយការណ៍​ស្វាគមន៍​ ដោយ​បាន​គូស​បញ្ជាក់​ថា​ ដោយ​មើល​ឃើញ​នូវ​ការ​ខ្វះខាត​សាលារៀន​នោះ ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង បាន​ផ្ដួចផ្ដើម​គំនិត​កសាង​សាលា​នេះ​ឡើង ដើម្បីឲ្យ​ក្មួយ​ៗ​បាន​ចូល​សិក្សា​រៀន​សូត្រ​បាន​គ្រប់ៗ​គ្នា។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ការ​ចំណាយ​ក្នុង​ការ​ជួសជុល​ដំបូល​ប្រក់​ស័ង្កសី លាបថ្នាំ​ជញ្ជាំង និង​ទ្វា​របង្អួច​ប្រអប់ អស់​ទឹកប្រាក់​សរុប​ចំនួន​១០,៨០០ដុល្លារ និង​ចាក់ដី​ទីធ្លា​សាលា​ចំនួន​២០០​ឡាន អស់​ទឹកប្រាក់​៥,៤០០,០០០​រៀល ដែល​ជា​ថវិកា​ឯកឧត្ដម ស្បោង សា​រ៉ា​ត។​

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ស្បោង សា​រ៉ា​ត និង ឯកឧត្ដម ដាំ វុទ្ធី បាន​មានប្រសាសន៍​សំណេះ​សំណាល និង ផ្ដាំផ្ញើ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ពី​សំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​មកលើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំងប្រទេស និង​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ទប់ស្កាត់​ឲ្យ​បាន​ពី​បញ្ហា​គ្រឿងញៀន និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​រួមគ្នា​បម្រើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា។​

ជា​ចុង​បញ្ចប់​ ឯកឧត្ដម បាន​នាំ​យក​ថវិកា របស់​ឯកឧត្ដម​ផ្ទាល់ និង​សប្បុរសជន​ជិត​ឆ្ងាយ​សរុប​ទាំង​អស់​បាន​ចំនួន​១១,០៦០,០០០​រៀល​ សម្រាប់​ចូលរួម​ក្នុង​កម្ម​ពិធីបុណ្យ និង​ជូន​យាយជី តាជី​៥០ នាក់ ក្នុង​១​នាក់​ក្រណាត់ស​១​ដុំ ថវិកា ១០,០០០រៀល លោកគ្រូ អ្នកគ្រូ​១០​នាក់ ថវិកា​២០,០០០​រៀល គ្រូពេទ្យ​១០​នាក់ ក្នុង​ម្នាក់​ថវិកា​២០,០០០រៀល សិស្សានុសិស្ស​១៥០​នាក់ ក្នុង​១​នាក់ សៀវភៅ​២​ក្បាល ប៊ិច​១​ដើម និង​ថវិកា​៣០០០​រៀល​ផងដែរ៕