ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ឧទ្ទាម​យេ​មែន​អាច​វាយប្រហារ​គោលដៅ​នៅ ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​អា​រ៉ាប់​រួម

ប្រមុខ​ក្រុម​ឧទ្ទាម​យេ​មែន​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថាក្រុម​ឧទ្ទាម​អាច​នឹង​បើក​ការវាយប្រហារ​ប្រឆាំងនឹង​គោលដៅ​ក្នុងប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​អា​រ៉ាប់​រួម​ដែល​ដឹកនាំ​ក្រុមចម្រុះ​យោធា​ប្រឆាំងនឹង​ពួកគេ​។លោក Abdulmalik al-Huthi បាន​និយាយ​ថាក្រុម​ឧទ្ទាម​បាន​ត្រៀមខ្លួន​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមចម្រុះ​នៅក្នុង​សង្គ្រាម​រយៈពេល​បួន​ឆ្នាំ​មួយ​ដែល​បាន​រុញច្រាន​ឲ្យ​ប្រទេស​នេះ​ធ្លាក់ចូល​ក្នុង​គ្រោះ​ទុរ្ភិក្ស​។

​លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ទូរទស្សន៍​ដ៏​កម្រ​មួយ​ដែល​ផ្សាយ​ដោយ​ទូរទស្សន៍ Al-Masirah ដែល​គ្រប់គ្រង​ដោយ​ក្រុម Huthi ថា “​យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​នៅលើ​ដី​និង​នៅ​សមរភូមិ​ជួរមុខ​”​។លោក Huthi បាន​និយាយថា ក្រុម​ឧទ្ទាម​មាន​សមត្ថភាព​ឈានដល់​គោលដៅ​សំខាន់​និង​ជា​យុទ្ធសាស្ត្រ​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​អា​រ៉ាប់​រួម​ប្រសិនបើ​មានការ​កើនឡើង​នៃ​ការប្រយុទ្ធ​គ្នា​នៅក្នុង​ទីក្រុង​កំពង់ផែ Hodeida​។

​លោក​បាន​និយាយថា “​មី​ស៊ី​លអាច​ទៅដល់​គោលដៅ​ទីក្រុង​រី​យ៉ាដអាប៊ូដាប៊ី​និង​ឌូបៃ​និង​គោលដៅ​សំខាន់​”​។ពួក​ឧទ្ទាម Huthi ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​បាន​តម្រង់​គោលដៅ​លើ​ទីក្រុង​ព្រំដែន​អារ៉ាប៊ីសាអ៊ូឌីត​និង​រដ្ឋធានី​រី​យ៉ា​ដ​ដោយ​មី​ស៊ី​ល​ផ្លោង​ហើយក៏​បាន​អះអាង​ចំពោះ​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​ព្រលានយន្តហោះ​ក្រុង​អា​ប៊ូ​ដា​ប៊ី​និង​ឌូ​បៃ​ផងដែរ​អំឡុងពេល​ជម្លោះ​។

​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយថាមី​ស៊ី​ល​ទាំងអស់​ត្រូវបាន​ស្ទាក់ចាប់​ដោយ​កងកម្លាំង​អាកាស​របស់ខ្លួន​ខណៈ​ជន​ស៊ីវិល​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​សម្លាប់​ដោយ​ការធ្លាក់​អំបែង​គ្រាប់​សង្កត់​លើ​ស្រប​ពេលដែល​ប្រទេស​អារ៉ាប់​រួម​បាន​បដិសេធ​ការចោទប្រកាន់​អំពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​។

​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​សម្ព័ន្ធមិត្ត​យោធា​របស់ខ្លួន​បាន​ចូលរួម​ក្នុង​សង្គ្រាម​របស់​ប្រទេស​យេ​មែន​ប្រឆាំងនឹង​ក្រុម Huthi ក្នុង​ខែមីនា​ឆ្នាំ​២០១៥​ដែល​បង្ក​ឲ្យ​មាននូវ​អ្វីដែល​អង្គការសហប្រជាជាតិ​ហៅថា​ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​។ភាគី​ទាំងសងខាង​នៅក្នុង​ជម្លោះ​នេះ​ត្រូវ​រង​ការចោទប្រកាន់​សម្រាប់​ស​កម្ម​ភាព​ដែល​អាច​បង្ក​ទៅជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់ប្រមាណ​ថា មនុស្ស​ជិត​១​ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​យេ​មែន​ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១៥​មក​ខណៈដែល​ក្រុម​សិទ្ធិមនុស្ស​ផ្សេងទៀត​បាន​ប៉ាន់​ស្មានថា ចំនួន​អ្នកស្លាប់​អាច​ខ្ពស់ជាង​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114